ភ្នំពេញ៖ ប្រភេទកីឡាមានដើមកំណើតនៅកូរ៉េខាងត្បូង ហាប់គីដូ បាននាំចូលមកកម្ពុជាតាំងពីអំឡុងឆ្នាំ ១៩៦៩ ហើយបច្ចុប្បន្នមានយុវជន យុវនារី និងអង្គភាពកងកម្លាំងសមត្ថកិច្ចបានហ្វឹកហាត់ជាច្រើន ដែលធ្វើឱ្យកីឡានេះ មានសកម្មភាពផុលផុសខ្លាំង ប៉ុន្តែថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហាប់គីដូ មិនរំពឹងថា នឹងមានវត្តមាន ហាប់គីដូ នៅស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជានោះទេ។
ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ឯក ម៉ក់ សំអុល ជាប្រធានសហព័ន្ធបានថ្លែងថា៖ «តាមច្បាប់របស់កីឡា ដើម្បីចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេមបាន ទី១ ត្រូវមានសកម្មភាពថ្នាក់ជាតិផុលផុស មានអត្តពលិកជម្រើសជាតិគ្រប់គ្រងទទួលស្គាល់ដោយស្ថាប័នកីឡាជាតិ ដើម្បីមានការប្រមូលផ្តុំហ្វឹកហាត់ ដោយថវិកាជាតិ ឬវិស័យឯកជនក៏បានទី២ ត្រូវមានដៃគូក្រៅប្រទេស គឺសហព័ន្ធអន្តរជាតិជួយគាំទ្រ ហើយត្រូវមានប្រទេសយ៉ាងតិចចំនួន ៤ សុំចូលប្រកួត ទើបកីឡាស៊ីហ្គេមយើងដាក់បញ្ជូលប្រកួតបាន»។
លោកបានបន្តថា៖ «សម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ ហាប់គីដូ មិនសង្ឃឹមថា មានវត្តមាននោះឡើយ ព្រោះនៅក្នុងបញ្ជីព្រាងត្រៀមប្រភេទកីឡាសម្រាប់ដាក់ឱ្យប្រកួត គឺគ្មានហាប់គីដូនៅឡើយ។ ហេតុនេះតាមរយៈការខិតខំប្រឹងប្រែងខ្ញុំសង្ឃឹមជឿជាក់ថា ហាប់គីដូត្រូវការជួយជ្រោមជ្រែងពីសហព័ន្ធហាប់គីដូអន្តរជាតិ និងត្រូវការក្រសួងអប់រំ យុវជន និងកីឡា ជួយគាំទ្រជាថវិកាដូចសហព័ន្ធដទៃ ទើបមានវត្តមានប្រកួតនៅពេលក្រោយបាន»។
ចំណែក លោក គង់ ចាន់ធីណា ជាអគ្គលេខាធិការសហព័ន្ធ និងជាអ្នករ៉ាប់រងកីឡានេះ ឱ្យដំណើរការបានល្អ និងមានសកម្មភាពលេចធ្លោ ក្នុងចំណោមយុវជន និងកងកម្លាំងសមត្ថកិច្ចនោះ បានប្រាប់ថា៖ «អត្តពលិកមកហាត់ភាគច្រើនជាយុវជន ដោយហាត់ដើម្បីសុខភាព និងការពារខ្លួន ព្រោះយើងពុំទាន់មានការប្រកួតជើងឯកជាតិនៅឡើយ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា មិនទាន់ទទួលស្គាល់ជាផ្លូវការ ជាសហព័ន្ធកីឡាជាតិ ក្នុងបញ្ជី ដែលទទួលបានប្រាក់ផ្គត់ផ្គង់សម្រាប់រដ្ឋបាល វគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងការប្រកួតជើងឯកជាតិប្រចាំឆ្នាំ នៅឡើយទេ ខណៈកន្លងមក ប្រាក់ចំណូលទ្រទ្រង់សហព័ន្ធកីឡានេះ បានពីការចូលរួមដោយស្ម័គ្រចិត្តពីសិស្ស គ្រូបង្វឹក និងសប្បុរសជន»។
លោក គង់ ចាន់ធីណា បានលម្អិតពីមូលហេតុដែលហាប់គីដូ មិនទាន់អាចមានវត្តមាននៅស៊ីហ្គេមបាន ដោយនិយាយថា៖ «យើងខ្វះធនធានជាគ្រូបង្វឹក សម្រាប់ចេញទៅបង្ហាត់តាមសាលា ឬក្លិបមួយចំនួន ដែលគេត្រូវការ ព្រោះយើងគ្មានតម្លៃពលកម្ម ឬប្រាក់ឧបត្ថម្ភជូនគ្រូទាំងនោះទេ ដោយយើងរំពឹងទៅលើឆន្ទៈ ឬការស្ម័គ្រចិត្តរបស់គ្រូ គឺមិនទៀងទាត់ដោយគេរវល់ការងារផ្ទាល់ខ្លួនដែរ។ អ៊ីចឹងប្រសិនមានថវិកាសម្រាប់ផ្គត់ផ្គង់ដល់គ្រូ ឬអ្នកមានខ្សែក្រវាត់ខ្មៅខ្ពស់ៗមួយចំនួន គឺហាប់គីដូ នឹងមានសកម្មភាពលឿនទៅមុខ ហើយក្រសួងនឹងមើលឃើញមិនខាន»។
តាមការស្រាវជ្រាវពី លោក សេង ប៊ុនសុង បានឱ្យដឹងថា ហាប់គីដូជាកីឡាប្រយុទ្ធយកឈ្នះ និងចាញ់ប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ខ្លាំង ហេតុនេះនៅលើឆាកអន្តរជាតិ មុនឆ្នាំ ២០១៦ គ្មានការប្រកួតទេ តែក្រោយឆ្នាំ ២០១៦ ទើបមានការប្រកួតជាច្រើន ដូចជានៅថៃនៅទ្វីបអាស៊ី អាហ្រ្វិក អឺរ៉ុប និងអាមេរិកផងដែរ ប៉ុន្តែមានសម្ភារៈការពារល្អណាស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ មានដូចជាការពារទ្រូង ការពារស្មងជើង ដៃ ក្បាល និងមានអាជ្ញាកណ្តាលនៅចាំឃាត់ការពារ មិនឱ្យគ្រោះថ្នាក់ឡើយ។ ផ្ទុយពីនេះ បើអ្នកធ្វើឱ្យដៃគូមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬបណ្តាលឱ្យដៃគូសន្លប់ នឹងត្រូវពិន័យឱ្យចាញ់ ដោយស្វ័យប្រវត្តិ ព្រោះគោលដៅឈ្នះចាញ់ត្រឹមបច្ចេកទេសប៉ុណ្ណោះ៕