ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករចុងក្រោយ ដែលនឹងត្រូវទៅចូលរួមការប្រកួត ជម្រុះស៊ីហ្គេម លើវិញ្ញាសាបាល់ទាត់ផ្នែកបុរស នៅប្រទេស ហ្វីលីពីន ជាផ្លូវការហើយ។
ចំណែកកីឡាករលើសអាយុចំនួន ២ នាក់ ដែលត្រូវបានបញ្ចូលក្នុងក្រុម U22 កម្ពុជាមិនមែនជាប្រធានក្រុមធំជម្រើសជាតិកម្ពុជា សឿយ វិសាស របស់ក្លិបព្រះខ័នរាជស្វាយរៀងនោះទេ។
តាមបញ្ជីឈ្មោះចុងក្រោយដែលបានបង្ហាញជាផ្លូវការ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនោះ គ្រូបង្វឹកលោក Felix Dalmas និងអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានសម្រេចជ្រើសរើសយកខ្សែប្រយុទ្ធ កែវ សុខផេង ក្លិបវិសាខា និងខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង របស់ក្លិបក្រសួងការពារជាតិ ជាកីឡាករលើសអាយុ សម្រាប់ដាក់ទៅប្រកួតស៊ីហ្គេមលើកនេះ ជាមួយកីឡាករមានអាយុក្រោម ២២ ឆ្នាំ ចំនួន ១៨ នាក់ទៀត។
ជាមួយគ្នានោះ កីឡាករ ទៀត គឹមហេង, សាន គឹមហេង, សាវែង សំណាង, ប្រាក់ ធីវ៉ា, ឈង់ ប៊ុនណាត, ណារ៉ុង កក្កដា, ឃៀង ម៉េងហ៊ួ, និងខ្សែការពារ លី វ៉ាហេទ ត្រូវបានជម្រុះចោល ផ្ទុយពីនេះកីឡាករ ជា វេសលី ដែលគ្មានឈ្មោះនៅក្នុងបញ្ជីប្រមូលផ្តុំជាបឋមទាំង ២៥ នាក់នោះ ត្រូវបានលោក Felix និង Honda សម្រេចជ្រើសរើសយកមកបញ្ចូលក្នុងបញ្ជីឈ្មោះចុងក្រោយនេះទៅវិញ។
ចំណែកកីឡាករចំនួន ១៧ នាក់ទៀត ដែលនៅបន្តជាប់នៅក្នុងបញ្ជីឈ្មោះចុងក្រោយ សម្រាប់ការត្រៀមទៅប្រកួតស៊ីហ្គេម នាពេលខាងមុខនេះ រួមមាន ស៊ិន សុផាណាត់, អ៊ិន សូដាវីដ, អ៊ុក សុវណ្ណ, សឿត បារាំង, ម៉ៅ ពិសិដ្ឋ, ឆេង ម៉េង ហ៊ុល គឹមហ៊ុយ, សេត រ៉ស៊ីប, ទេស សម្បត្តិ, សៀង ចន្ធា, កាន់ ពិសាស, យ៉ើ សាហ្វី, កែន ច័ន្ទសុភ័ក្រ្ត, យ៉ើ មូស្លីម, កែវ សុខសិលា, ស៊ិន កក្កដា និង អ៊ន ចាន់ប៉ូលីន។
សម្រាប់ការប្រកួតស៊ីហ្គេម នៅប្រទេស ហ្វីលីពីន ខាងមុខនេះ ក្រុមកម្ពុជានឹងត្រូវប្រកួតជម្រុះប្រចាំពូល A ជាមួយក្រុមម្ចាស់ផ្ទះហ្វីលីពីន នៅថ្ងៃទី ២៥ រួចបន្តជួបក្រុមទីម័រខាងកើត នៅថ្ងៃទី ២៧ ខែវិច្ឆិកា ហើយប៉ះក្រុមមីយ៉ាន់ម៉ា នៅថ្ងៃទី ២ និងប្រកួតចុងក្រោយជាមួយក្រុមម៉ាឡេស៊ី នៅថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៩ ខណៈពូល B ដែលគេចាត់ទុកជាពូលមរណៈនោះ មានក្រុមម្ចាស់ជើងឯកច្រើនជំនាន់ថៃ វៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី ឡាវ និងប្រ៊ុយណេ។
ទាក់ទងការប្រកួតស៊ីហ្គេមនេះ លោក Felix ធ្លាប់បាននិយាយថា៖ «គ្រប់ក្រុមទាំងអស់ ដែលយើងត្រូវជួប នៅស៊ីហ្គេម ពិតជាមានកីឡាករល្អៗ និងជាក្រុមដែលខ្លាំង គឺទាំង មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, ក្រុមទីម័រខាងកើត, ហ្វីលីពីន សុទ្ធតែជាក្រុមខ្លាំង តែយើងនឹងព្យាយាមធ្វើឲ្យបានល្អដូចគ្នា»។
គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ បញ្ជាក់ថា៖ «ប្រាកដណាស់ ក្រុមយើងពិតជាពិបាកសម្រាប់ការលេងក្រៅដី ព្រោះកីឡាករយើងមិនសូវស៊ាំ ឬទម្លាប់ការលេង នៅក្រៅដីប៉ុន្មានទេ។ ក្រុមយើងជាក្រុមដែលក្មេងខ្ចី ប៉ុន្តែយើងក៏បានត្រៀមរួចរាល់ សម្រាប់ប្រកួតស៊ីហ្គេម លើកនេះផងដែរ»៕