ភ្នំពេញៈ ក្រុម​កីឡា​គុន​ដាវ​កម្ពុជា​បាន​នាំយក​មេដាយ​ប្រាក់ ១ និង​សំរឹទ្ធ ២ ពី​ការ​ប្រកួត​កីឡា​គុនដាវ​ជើងឯក​អាស៊ាន ប្រចាំ​ឆ្នាំ ២០១៨ នៅ​ម៉ាឡេស៊ី មក​ដល់​មាតុ​ប្រទេស​វិញ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ហើយ​លោក សុខ អាង បាន​ប្រាប់​ថា លទ្ធផល​ដ៏ល្អ​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ដែល​ធ្លាប់​មើល​ស្រាល​ក្រុម​គុនដាវ​កម្ពុជា មាន​ការ​ភ្ញាក់ខ្លួន ឯ​ហ្វីលីពីន​បាក់​ស្បាត​តែ​ម្តង។

លោក សុខ អាង ដែល​ជា​គ្រូបង្វឹក​ធំ បាន​ប្រាប់​ពេល​លោក​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា៖ «ការ​ប្រកួត​លើក​នេះ យើង​ទទួល​បាន​លទ្ធផល​ល្អ ដោយ​យើង​បាន​ប្រើ​សមត្ថភាព​សុទ្ធសាធ។ កន្លង​មក​ប្រទេស​ដទៃ ធ្លាប់​មើល​យើង​ក្នុង​កម្រិត​ទាប​បំផុត ដែល​គេ​អត់​ដែល​គិត​ថា យើង​ជា​ដៃគូ​ប្រជែង​របស់​គេ​នោះ​ទេ ប៉ុន្តែ​លើក​នេះ​យើង​ធ្វើ​ឲ្យ​ហ្វីលីពីន​បាក់​ស្បាត​ដែរ ព្រោះ​គាត់​រំពឹង​ខ្លាំង​ជាង​យើង តែ​បែរ​ជា​មក​ចាញ់​កីឡាការិនី​យើង»។

លោក​បន្តថា៖ «ចំណែក ប្រទេស​ឥណ្ឌូនេស៊ី និង​សិង្ហ​បុរី ក៏​ចាប់ផ្តើម​កោត​សរសើរ​ថា ពួក​យើង​មានការ​កើន​ឡើង ជាពិសេស​ខាង​ម្ចាស់​ផ្ទះ ព្រោះ​ប្រធាន​សហព័ន្ធ​កីឡា​គុនដាវ​អាស៊ី​របស់​ម៉ាឡេស៊ី បាន​មក​និយាយ​ជាមួយ​ខ្ញុំ ហើយ​គាត់​ថា គាត់​នឹង​មក​លេង​កម្ពុជា មើល​ការ​ហាត់​របស់​ពួក​យើង»។

សម្រាប់​ការប្រកួត​កីឡា​គុនដាវ​ជើងឯក​អាស៊ាន​លើក​នេះ កម្ពុជា បាន​បញ្ជូន​អត្តពលិក ៩ នាក់ (ស្រី ៣ នាក់) ទៅ​ប្រកួត ហើយ​ជា​លទ្ធផល កម្ពុជា​បាន​ឈ្នះ​មេដាយ​ប្រាក់ ១ លើ​វិញ្ញាសា​ឯកត្តជន​នារី ដែល​រក​បាន​ដោយ​កីឡាការិនី ឆាយ លីនលី ដោយ​ក្នុង​នោះ កញ្ញា​បាន​យក​ឈ្នះ​កីឡាការិនី​របស់​ហ្វីលីពីន ក្នុង​វគ្គ ១៦ នាក់ រួច​បន្ត​ឈ្នះ​សិង្ហបុរី ក្នុង​វគ្គ ៨ នាក់ និង​ឈ្នះ​កីឡាការិនី​សិង្ហបុរី​ម្នាក់​ទៀត ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​បាន​ចាញ់​កីឡាការិនី​របស់​ឥណ្ឌូនេស៊ី នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ចំណែក​ការ​ប្រកួត​ជា​ក្រុម​នារី របស់​កីឡាការិនី ឆាយ លីនលី ស៊ន និច, យី លីហ្សា និង​ប្រកួត​ជា​ក្រុម​បុរស របស់​កីឡាករ ឃីម សាមាន, ប៉ូល វ៉ាហ្គ ហ្រ្វេន​ធិសិដ្ឋ អូរ​មិនស្កី, ថុង តាំង​ជីន, ជឹម ធារ៉ា គឺ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ដូចគ្នា ប៉ុន្តែ​ការ​ប្រកួត​វិញ្ញាសា​ឯកត្តជន​បុរស​ដាវ​ធំ យើង​មិន​ទទួល​បាន​លទ្ធផល​ល្អ​ទេ។

លោក សុខ អាង ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា​បាន​ចាត់​ទុក​ការ​ឈ្នះ​បាន​មេដាយ​ប្រាក់ ១ និង​សំរឹទ្ធ ២ ពី​ការ​ប្រកួត​ជើងឯក​អាស៊ាន ដែល​មាន ៧ ប្រទេស​ចូលរួម​លើក​នេះ​ជា​លទ្ធផល​ដែល​ស្រប​ទៅ​នឹង​ផែនការ​មេដាយ​របស់​សហព័ន្ធ ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ ២០២៣ នៅ​កម្ពុជា។

លោក​បាន​បញ្ជាក់​ថា៖ «កាល​ពី​ឆ្នាំ​ទៅ ការ​ប្រកួត​កម្រិត​អាស៊ាន​នេះ យើង​បាន​មេដាយ​សំរឹទ្ធ ២ ប៉ុន្តែ​លើក​នេះ​យើង​បាន​មេដាយ​សំរឹទ្ធ ២ ហើយ​ថែម​ទាំង​បាន​មេដាយ​ប្រាក់ ១ ទៀត គឺ​ស្រប​ទៅ​តាម​ផែនការ​មេ​របស់​យើង ហើយ​តាមរយៈ​ជ័យជម្នះ​នេះ ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជាជន​កម្ពុជា»៕