ភ្នំពេញ៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបង្ហាញការជឿជាក់ថា ក្រុមអត្តពលិករបស់ខ្លួន នឹងអាចដណ្តើមបានមេដាយ សម្រាប់ ការចូលរួមប្រកួតស៊ីហ្គេមលើកទី ៣០ នៅប្រទេស ហ្វីលីពីន ចុងឆ្នាំ ២០១៩ នេះ ហើយការមានទំនុកចិត្តនេះ ក៏ព្រោះតែក្រុមអត្តពលិកល្បុក្កតោ ទើបតែដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ សរុប ១៣ មេដាយ ពីការចេញទៅបំពេញបេសកកម្ម និងប្រកួតនៅប្រទេស កូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ។
លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បក្កតោ បានប្រាប់ថា៖ «សហព័ន្ធរបស់យើងត្រូវបានសហព័ន្ធ Eskrima Kall Arnis របស់ហ្វីលីពីន និងសម្ព័ន្ធកីឡាយុទ្ធសិល្ប៍អន្តរជាតិ អញ្ជើញឲ្យទៅចូលរួមការប្រកួត ៣ ព្រឹត្តិការណ៍ផ្សេងគ្នា ហើយជាលទ្ធផលយើងដណ្តើមបានមេដាយមាស ៧ ប្រាក់ ៣ និងសំរឹទ្ធ ៣។ លទ្ធផលដ៏ល្អនេះ ធ្វើឲ្យយើងមានទំនុកចិត្តខ្ពស់ថា នឹងទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត នៅស៊ីហ្គេមខាងមុខនេះ»។
លោក អ៊ូ តារា ដែលជាប្រធានប្រតិភូដឹកនាំក្រុមល្បុក្កតោ ចេញទៅប្រកួតផងនោះ បានរៀបរាប់ថា សម្រាប់ការប្រកួតកីឡា ARNIS ក្នុងព្រឹត្តិការណ៍ Philippine Arnis Goodwill Game and Pre-sea Game Arnis Tournament 2019 លើវិញ្ញាសា live Stick ដែលមាន ៧ ប្រទេសចូលរួមនោះ កីឡាករ ឈឹម សីលា, មឿន ប៊ុនលី, សុខ ប៊ុនយ៉ុង, ពេជ្រ ពន្លឺ កីឡាការិនី ខៀវ ចិន្តារ័ត្ន និង យស់ សញ្ចនា សុទ្ធតែដណ្តើមបានមេដាយមាសរៀងៗខ្លួន ហើយកីឡា ARNIS នេះក៏ត្រូវដាក់ប្រកួតប្រជែងក្នុងស៊ីហ្គេមនៅហ្វីលីពីន ខាងមុខនេះផងដែរ។
លោក អ៊ូ តារា បានបន្ថែមថា៖ «សម្រាប់ការប្រកួតកីឡា ARNIS ក្នុងកម្មវិធី Philippine Arnis Goodwill Game and Pre-sea Game Arnis Tournament 2019 ដែលជាប្រភេទកីឡា ត្រូវដាក់ឲ្យប្រកួតនៅស៊ីហ្គេម លើកនេះ គឺកីឡាករ កីឡាការិនីគុនល្បុក្កតោរបស់យើងទទួលបានលទ្ធផលគួរជាទីកត់សម្គាល់ ដូច្នេះ យើងសង្ឃឹមថា ល្បុក្កតោយើងនឹងអាចរក្សានូវលទ្ធផលល្អបែបនេះបន្តទៀត សម្រាប់ការប្រកួតស៊ីហ្គេម លើកទី ៣០ នាពេលខាងមុខនេះ»។
ដោយឡែកសម្រាប់ការប្រកួតកីឡាយុទ្ធសិល្ប៍អន្តរជាតិ ឆ្នាំ ២០១៩ និងកម្មវិធី The International Martial Arts Contes ដែលមានប្រភេទវិញ្ញាសាខុសៗគ្នា គឺក្រុមល្បុក្កតោកម្ពុជា បានឈ្នះមេដាយមាស ១ ដែលដណ្តើមបានដោយកីឡាការិនី យស់ សញ្ចនា រួមជាមួយមេដាយ ប្រាក់ ៣ និងសំរឹទ្ធ ៣ ហើយ អត្តពលិកកម្ពុជា ៤ នាក់ទៀត បានធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឲ្យពួកគេមិនបានមេដាយ។
អ្នកឈ្នះបានមេដាយប្រាក់ទាំង ៣ នោះគឺកីឡាករ លឹម សីលា, ពេជ្រ ពន្លឺ និងកីឡាករ មឿន ប៊ុនលី ហើយ ពេជ្រ ពន្លឺ ក៏បានឈ្នះបានមេដាយសំរឹទ្ធ ២ ទៀតផងដែរ ខណៈមេដាយសំរឹទ្ធ ១ ទៀត ដណ្តើមបានដោយកីឡាករ សុខ ប៊ុនយ៉ុង។
លោក វ៉ាត់ ចំរើន អនុប្រធានទី ១ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានវាយតម្លៃថា៖ «តាមរយៈបេសកកម្មរបស់កីឡាគុនល្បុក្កតោកម្ពុជា ចំនួន ២ សប្តាហ៍ ក្នុងការចូលរូមប្រកួតកីឡាយុទ្ធសិល្ប៍អន្តរជាតិ ឆ្នាំ ២០១៩ នេះ យើងអាចកត់សម្គាល់បានថា កម្រិតគុណផលរបស់ពួកគេ មានការរីកចម្រើន បើធៀបជាមួយឆ្នាំ ២០១៨ ព្រោះកាលពីឆ្នាំ ២០១៨ យើងធ្លាក់នៅក្នុងវគ្គជម្រុះគ្រប់ប្រភេទវិញ្ញាសា ហេតុនេះការប្រកួតស៊ីហ្គេម នៅហ្វីលីពីន ឆ្នាំនេះ ល្បុក្កតោ នឹងទទួលបានមេដាយជាមិនខាន»៕