
កីឡាការិនីវ័យ១៦ឆ្នាំ Jessa Khan បានបង្ហាញទង់ជាត់កម្ពុជា ក្រោយរូបនេះបានឈ្នះមេដាយមាស លើប្រភេទកីឡាជឺជីតស៊ូ មុននេះបន្តិច។ រូប សហការី
ភ្នំពេញ៖ កីឡាការិនីជឺជីតស៊ូ ខាន់ ចេសា (Jessa Khan) បានក្លាយជាវិរៈនារីថ្មី ដែលដណ្តើមបានមេដាយមាសឲ្យកម្ពុជា ក្នុងការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ (18th Asian Games) នៅប្រទេសឥណ្ឌូនេស៊ី។
ការធ្លាករ់ចេញពីការប្រកួតរបស់វិរៈនារីតេក្វាន់ដូ ស៊ន សៀវម៉ី ត្រឹមវគ្គជម្រុះ៨នាក់ចុងក្រោយ ក្នុងទម្ងន់៦៧គីឡូក្រាមឡើង កន្លងមកនេះ បានក្លាយជាក្តីបារម្ភយ៉ាងធំមួយសម្រាប់កម្ពុជា ក្នុងការស្វែងរកមេដាយមាស ដើម្បីរក្សាឈ្មោះថា ជាប្រទេស ដែលដណ្តើមបានមេដាយមាស នៅព្រឹត្តិការណ៍ដ៏ធំមួយនេះ។
ប៉ុន្តែក្តីបារម្ភទាំងនេះ ត្រូវបានរលាយបាត់ មុននេះបន្តិច គឺបន្ទាប់ពីកីឡាការិនីខ្មែរ-អាមេរិក Jessa Khan បានផ្តួលកីឡាការិនីរបស់អេវីរ៉ាត់អារ៉ាប់រួម Alhinaai Mahra ដោយកាក្លេជាប់ដៃ និងឈ្នះជាមួយពិន្ទុ ១០០-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម ដើម្បីឈ្នះមេដាយមាសទី១ ឲ្យកម្ពុជា ក្នុងការប្រកួតកីឡាអាស៊ីនេះ។
ការឈ្នះបានមេដាយមាសរបស់កីឡាការិនីវ័យត្រឹម១៦ឆ្នាំ Jessa Khan បានធ្វើឲ្យកម្ពុជា កំពុងឈរនៅលេខរៀងទី២២ ក្នុងចំណោមប្រទេសចំនួន២៩ ដែលដណ្តើមបានមេដាយ ក្នុងការប្រកួតកីឡាអាស៊ីនេះ។ ចំណែកកីឡាករម៉ូតូទឹករបស់កម្ពុជា សាលី អ៊ូមើត ក៏កំពុងស្ថិតក្នុងក្តីរំពឹង ក្នុងការដណ្តើមបានមេដាយមាសឲ្យកម្ពុជា ក្នុងវិញ្ញាសា Ski Modified ផងដែរ៕