ភ្នំពេញ៖ ការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២០ នឹងត្រូវលើកយកមកធ្វើនៅសាលបាល់បោះនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៅថ្ងៃសៅរ៍ ហើយមន្ត្រីជំនាញបានប្រាប់ថា ការប្រកួតនេះបានកែប្រែលក្ខខណ្ឌមួយចំនួន ដើម្បីផ្តល់ឱកាសឱ្យក្រុមអត្តពលិកជើងថ្មី ឬមានសមត្ថភាពនៅស្ទើរ បានផ្លាស់ប្តូរបច្ចេកទេសពង្រឹងសមត្ថភាពជាមួយជើងខ្លាំង។
លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជាបានប្រាប់ថា៖ «បញ្ហាវិបត្តិនៃជំងឺកូវីដ ១៩ បានធ្វើឱ្យយើងមិនអាចរៀបចំព្រឹត្តិការណ៍ ២ គឺការប្រកួតជើងឯកយុវជន និងការប្រកួត Western Cup 2020 ចំណែកការបណ្តុះបណ្តាលគ្រូបង្វឹក ដែលយើងចង់ឱ្យគ្រូអប់រំកាយ មកចូលរួមនោះ ក៏យើងមិនអាចធ្វើបាន ប៉ុន្តែការប្រកួតថ្នាក់ជាតិនេះ យើងបានលើកយកមកធ្វើនៅឆ្នាំ ២០២១ នេះ ដើម្បីបង្គ្រប់តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា»។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតថ្នាក់ជាតិនេះ មានក្រុមអត្តពលិកចូលរួមត្រឹម ៣៥ នាក់ មកពីក្លិបចំនួន ៦ ហើយថមថយចំនួនអ្នកចូលរួម ដោយសារវិបត្តិជំងឺកូវីដ ១៩ នេះ បានធ្វើឱ្យសហព័ន្ធកីឡាគុនដាវកម្ពុជា ឈានដល់ការកែប្រែលក្ខខណ្ឌប្រកួត គឺការបង្រួមវិញ្ញាសាប្រកួតមកសល់ត្រឹម ៣ វិញ្ញាសា ហើយដាក់កីឡាករ កីឡាការិនី ឱ្យប្រកួតចម្រុះគ្នាតែម្តង។
លោក សុខ អាង បានបន្ថែមថា៖ «ចំនួនអ្នកចូលរួមការប្រកួតថ្នាក់ជាតិនេះ មានការថយចុះ អ៊ីចឹងយើងបានកែប្រែលក្ខខណ្ឌប្រកួត ដោយឱ្យពួកគាត់ប្រកួតចម្រុះគ្នា អ៊ីចឹងគុណភាព សម្រាប់អ្នកដែលមានសមត្ថភាពខ្លាំងស្រាប់នោះ ប្រហែលជាគាត់មិនអាចកើនអីបានទៀតទេ ប៉ុន្តែសម្រាប់អ្នកដែលមានកម្រិតនៅតាមពីក្រោយ គឺគាត់នឹងបានប្រកួតជាមួយជើងខ្លាំង ហេតុនេះគាត់នឹងទទួលបានបទពិសោធថ្មីៗសម្រាប់យកទៅពង្រឹងសមត្ថភាពពួកគាត់បន្ថែមទៀត»។
អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា៖ «កីឡាគុនដាវ មានទាំងអស់ ៣ ប្រភេទដាវ ស្មើនឹង ១២ វិញ្ញាសា គឺ ៦ វិញ្ញាសាជាក្រុម និង ៦ ទៀត ជាឯកត្តជន ប៉ុន្តែយើងមិនអាចរៀបចំការប្រកួតជាក្រុមបានទេ ដោយសារចំនួនតិចពេក ចំណែក ៦ វិញ្ញាសាឯកត្តជន យើងបានដាក់បញ្ចូលគ្នា នៅសល់ត្រឹម ៣ វិញ្ញាសា មានន័យថា នៅក្នុងមួយប្រភេទដាវ គឺកីឡាករ និងកីឡាការិនី វាយចូលគ្នា ដោយយើងត្រូវប្រកួតវិលជុំ នៅតាមពូល រួចយកអ្នកឈ្នះឡើងទៅវគ្គខ្វែង»។
យ៉ាងណាមិញ សម្រាប់គោលការណ៍ជ្រើសរើសអត្តពលិកចូលទៅហ្វឹកហាត់នៅក្នុងក្រុមជម្រើសជាតិរបស់សហព័ន្ធកីឡាគុនដាវកម្ពុជា គឺមានលក្ខណៈខុសប្លែកពីសហព័ន្ធផ្សេងទៀត ពោលគឺមិនមែនយកតែលើលទ្ធផលនៅក្នុងការប្រកួតថ្នាក់ជាតិនេះ ដើម្បីសម្រេច ឬផ្តល់អាទិភាពឱ្យអ្នកឈ្នះជើងឯក ជាប់ជាជម្រើសជាតិនោះទេ។
ទាក់ទងបញ្ហានេះ លោក សុខ អាង បញ្ជាក់ថា៖ «ជាគោលការណ៍ យើងព្យាយាមធ្វើទៅតាមសហព័ន្ធអន្តរជាតិមានន័យថា យើងយកការប្រកួតផ្លូវការរបស់សហព័ន្ធ គឺ Western Cup និងជើងឯកថ្នាក់ជាតិនេះ ដើម្បីគិតជាចំណាត់ថ្នាក់ (Ranking) ឱ្យពួកគាត់។ យើងមានរូបមន្តក្នុងការបូក Ranking ជាប្រចាំរហូតមក អ៊ីចឹងយើងមិនកំណត់ថា អ្នកដែលឈ្នះជើងឯកថ្នាក់ជាតិ ត្រូវតែបានជាប់ជាជម្រើសជាតិនោះទេ សំខាន់ឱ្យតែ Ranking គាត់ខ្ពស់ គឺយើងនឹងយកអ្នកនោះ ទៅជម្រើសជាតិតែម្តង ហើយពួកជម្រើសជាតិនេះ យើងឱ្យហ្វឹកហាត់លាយគ្នាជាមួយអ្នកបម្រុង និងឱ្យពួកគាត់ធ្វើតេស្តជារៀងរាល់ ១ ខែម្តង ដើម្បីរកឱ្យឃើញអ្នកមានសមត្ថភាពពិតប្រាកដទៅប្រកួតតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ»៕