ក្រុងទុយរីន: លោក Maurizo Sarri មិនបានបង្ហាញពីការស្តាយក្រោយឡើយ ក្រោយពីលោកត្រូវបានគេថតជាប់ក្នុងពេលកំពុងបញ្ចេញកាយវិការមិនសមរម្យ ក្រោយពីបានលើកម្រាមកណ្តាលតបទៅនឹងក្រុមអ្នកគាំទ្ររបស់ក្រុម Juventus កាលពីថ្ងៃអាទិត្យ។
ក្រោយពីក្រុម Napoli បានរក្សាស្ថិតក្នុងការប្រជែងដណ្តើមពាន Serie A តាមរយៈការដណ្តើមបានជ័យជម្នះ ១-០ លើក្រុម Juventus ក្នុងទីក្រុង Turin លោក Sarri បានឲ្យដឹងថា៖ «ខ្ញុំបានឆ្លើយតបទៅនឹងក្រុមមនុស្សដែលបានស្តោះទឹកមាត់មកលើរថយន្តរបស់យើង និងមើលងាយយើងក្នុងនាមជាប្រជាជនទីក្រុង Naples»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំមិនដែលបញ្ចេញកាយវិការបែបនេះទៅកាន់អ្នកគាំទ្រណាម្នាក់របស់ Juventus ឡើយ។ ខ្ញុំមិនមានបញ្ហាជាមួយនឹងអ្នកគាំទ្ររបស់ Juventus ឡើយ។ វាមានបញ្ហាតែជាមួយនឹងក្រុមមនុស្សដែលបានស្តោះទឹកមាត់ និងមើលស្រាលយើងក្នុងនាមជាអ្នកពីទីក្រុង Naples»។
Napoli បានកាត់បន្ថយការដេញតាមពីក្រោយនៅលើកំពូលតារាងមកនៅត្រឹម១ពិន្ទុ ខណៈដែលនៅសល់៤ប្រកួតទៀតនៅរដូវកាលនេះ ក្រោយពីខ្សែការពារ Kalidou Koulibalyបានតែតរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត៕ IS