ភ្នំពេញៈ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្ដរជាតិ លើកទី ២៣ នៅអង្គរ ក្នុងទឹកដីខេត្តសៀមរាប ដែលនឹងត្រូវធ្វើនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខ គឺមានចំនួនអ្នកចូលរួមកើនឡើងដល់ការបំបែកឯតទគ្គកម្មឆ្នាំចាស់ ហើយគុណភាពនៃ ការរៀបចំក៏ត្រូវបានបង្កើន ដើម្បីធ្វើឲ្យការប្រកួតនេះ កាន់តែទទួលបានជោគជ័យផងដែរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា (NOCC) បានថ្លែងប្រាប់ថា៖ «ជាយុទ្ធសាស្ត្រ ក្នុងការរៀបចំទិវារត់ប្រណាំងនេះ ក្រសួងទេសចរណ៍ ក៏ដូចជា NOCC ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន គឺបានធ្វើឲ្យគុណភាពនៃការរៀបចំ កាន់តែល្អប្រសើរឡើង អ៊ីចឹងក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំចុងក្រោយនេះ យើងទទួលបានជោគជ័យ ក្នុងកំណើនអ្នកចូលរួមរត់ ១ ឆ្នាំទៅ ១ ឆ្នាំ ពី ១៥ ទៅ ២០ ភាគរយ គឺមានការកើនឡើងតាំងពី ៣០០ នាក់ កាលពីលើកទី ១ ឆ្នាំ ១៩៩៦ រហូតដល់ឥឡូវនេះ មានចំនួនអ្នកចូលរួមរាប់ម៉ឺននាក់»។
លោកបានបន្ថែមថា៖ «កាលឆ្នាំ ២០១៧ មានអ្នកចូលរួមជាង ១០ ១០០ នាក់ ប៉ុន្តែនៅឆ្នាំ ២០១៨ គិតមកដល់ពេលនេះ មានអ្នកចូលរួមជាង ១០ ៥០០ នាក់ ហើយចំនួននេះ ជាតួលេខអ្នកបានចុះឈ្មោះ តែយើងនៅមានអ្នកមិនទាន់ចុះឈ្មោះជាច្រើនទៀត អ៊ីចឹងចំនួនអាចកើនលើសនេះ ព្រោះការរត់កម្សាន្ត ៣ គីឡូម៉ែត្រ យើងនៅបើកទទួលអ្នកចូលរួម ប៉ុន្តែការរត់ចម្ងាយ ១០ គីឡូម៉ែត្រ និងពាក់កណ្តាលម៉ារ៉ាតុង (២១ គីឡូម៉ែត្រ) យើងបានបិទបញ្ជីហើយ»។
នៅក្នុងចំនួនអ្នកចុះឈ្មោះជាង ១០៥០០ នាក់នេះ ត្រូវបានលោក វ៉ាត់ ចំរើន ប្រាប់ថា មានអត្តពលិកបរទេសចូលរួមជាង ៥០០០ នាក់ មកពី ៧៨ ប្រទេស គឺមានការកើនឡើងចូល ២០ ភាគរយ ហើយនៅក្នុងចំនួននេះ ច្រើនជាងគេ គឺទី ១ ជនជាតិអង់គ្លេស ទី២ ជនជាតិអាមេរិក និងទី ៣ ជនជាតិបារាំង ទី ៤ ជនជាតិជប៉ុន និងទី ៥ ជនជាតិអូស្ត្រាលី។
នាយកគ្រប់គ្រងកម្មវិធីទិវា រត់ប្រណាំង លោក វ៉ាត់ ចំរើន បានបន្តថា ចំណែកខ្មែរយើង មានការចូលរួមច្រើនណាស់ ចូលជិត ៦០០០ នាក់ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្នុងការរត់ ២១ គីឡូម៉ែត្រ ដែលមានជាង ៣០០០ នាក់នោះ គឺមានខ្មែរយើងជិត ១០០០ នាក់ អ៊ីចឹងបានន័យថា កម្លាំងបេះដូង និងកម្លាំងសុខភាពរបស់ពួកគាត់ មានលក្ខណៈល្អប្រសើរច្រើន និងមានការហ្វឹកហាត់ជាប់លាប់បានល្អជាងមុន។
លោក វ៉ាត់ ចំរើន បានបនញ្ជាក់ថា៖ «ចំនួនអ្នកចូលរួមឥឡូវនេះ យើងទទួលបានជោគជ័យហើយ ក្នុងការបំបែកឯតទគ្គកម្ម ឆ្នាំមុនៗ ហើយក្នុងឆ្នាំនេះ យើងបង្កើនគុណភាពនៃការរៀបចំឲ្យមានសណ្តាប់ធ្នាប់ ឲ្យមានការទទួលខុសត្រូវ និងមានសុវត្ថិភាព ដោយក្នុងនោះឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ថា ត្រូវមានការបិទផ្លូវឲ្យបាន ២ ម៉ោងទៅ ៣ ម៉ោង គឺបិទផ្លូវទាំងស្រុងតែម្តង ក្នុងតំបន់អង្គរ ដើម្បីកុំឲ្យប៉ះពាល់ដល់អ្នករត់ ព្រោះមនុស្សជាង ១ ម៉ឺននាក់ ចូលទៅក្នុងទីក្រុងសៀមរាប ក្នុងពេលតែមួយ គឺជារឿងមិនធម្មតាក្នុងការរៀបចំ»។
យ៉ាងណាក៏ដោយ ជាមួយការកើនឡើងនៃចំនួនអ្នកចូលរួមនេះ ត្រូវបានលោក វ៉ាត់ ចំរើន លើកឡើងថា ជាការបង្កើននូវតួលេខចំណូលទេសចរមួយដ៏ធំ នាចុងឆ្នាំ ២០១៨ នេះ ហើយអ្នកលក់ដូរ និងអ្នករកស៊ីផ្នែកទេសចរណ៍នៅខេត្តសៀមរាបនេះ ក៏ទទួលបានផលប្រយោជន៍មួយផ្នែកធំផងដែរ ហេតុនេះ យើងនឹងសហការជាមួយអាជ្ញាធរខេត្ត អាជ្ញាធរអប្សរា គ្រឹះស្ថានអង្គរ និងកងកម្លាំងប្រដាប់អាវុធនៅទីនោះ ដោយយើងបានប្រជុំ និងបែងចែកការងារធ្វើយ៉ាងល្អិតល្អន់ ហ្មត់ចត់ ប្រកបដោយឆន្ទៈ និង ការទទួលខុសត្រូវខ្ពស់៕