ភ្នំពេញៈ គណៈកម្មការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី ៦ ឆ្នាំ ២០១៩ (6th Khmer Empire Full Marathon) បានសម្រេចបន្ថែមនូវគោលដៅថ្មីមួយទៀត គឺការយកព្រឹត្តិការណ៍នេះដើម្បីចាប់ផ្តើមផ្សព្វផ្សាយដំណើរឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ហើយជាមួយគ្នាអ្នករៀបចំក៏សុំចិត្តដល់អ្នករត់ក្នុងស្រុក កែប្រែទម្លាប់ចាស់ចោល ជុំវិញការមកចុះឈ្មោះចូលរួមយឺតផងដែរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា៖ «យើងដឹងហើយថានៅក្នុងរដូវភ្លៀងនេះធ្វើឲ្យចំនួនអ្នកមកទស្សនានៅអង្គរ មានការធ្លាក់ចុះអ៊ីចឹងការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងនៅថ្ងៃទី ៤ ខែសីហា គឺដើម្បីកៀងគរឲ្យភ្ញៀវទេសចរនៅតែបន្តមកទស្សនានៅអង្គរ ហើយព្រឹត្តិការណ៍នេះក៏ដើម្បីប្រមូលថវិកាសម្រាប់ការងារមនុស្សធម៌ផងដែរ និងចូលរួមផ្សព្វផ្សាយពីបរិស្ថានស្អាតនៅតំបន់បេតិកភណ្ឌអង្គររបស់យើង»។
លោក ចំរើន ដែលជារដ្ឋលេខាធិការក្រសួងទេសចរណ៍ផងនោះបានបន្ថែមថា៖ «ជាមួយគ្នានេះឯកឧត្តមប្រធាន ថោង ខុន បានផ្តល់អនុសាសន៍ឲ្យយើងយកទិវារត់ប្រណាំងដ៏ធំនេះជាការចាប់ផ្តើមផ្សព្វផ្សាយពីដំណើរឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជា ព្រោះនេះជាពេលវេលាដ៏ល្អ ដោយសារទិវានេះមានអត្តពលិកមកពីជុំវិញពិភពលោកបានចូលរួម»។
តាមលោក វ៉ាត់ ចំរើន ដដែលបានឲ្យដឹងថា គិតមកដល់ពេលនេះមានអ្នកចុះឈ្មោះចូលរួមក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី ៦ នេះបានជិត ២០០០ នាក់ក្នុងនោះមានបរទេសជាង ១០០០ នាក់មកពី ៣៨ ប្រទេស ប៉ុន្តែចំនួននេះអាចនឹងមានការកើនឡើងទៀត ព្រោះពេលនេះទើបមានអត្តពលិកក្នុងស្រុកជាង ២០០ នាក់ទេ ហើយជាទម្លាប់អ្នករត់នៅកម្ពុជាភាគច្រើន លុះត្រាជិតដល់ ឬដល់ថ្ងៃប្រកួតទើបលេចមុខទៅចុះឈ្មោះរួចចូលរួមរត់តែម្តង។
ជាមួយទម្លាប់ចុះឈ្មោះចូលរួមយឺតនេះលោក សែម ផល្លា នាយកចាត់ការទូទៅព្រឹត្តិការណ៍ម៉ារ៉ាតុងបានទទូចសុំយ៉ាងដូច្នេះថា៖ «ខ្ញុំសុំឲ្យអ្នករត់របស់ខ្មែរយើង ដែលចង់ចូលរួមព្រឹត្តិការណ៍នេះ មេត្តាទៅចុះឈ្មោះឲ្យបានលឿន ដើម្បីយើងងាយស្រួលរៀបចំ ព្រោះទាក់ទងទៅនឹងការធ្វើស្លាកលេខអាវ និងមេដាយសម្រាប់ប្រគល់ជូនដល់អ្នករត់ទាំងអស់គឺយើងកុម្ម៉ង់មកពីក្រៅប្រទេស អ៊ីចឹងបើយើងចុះឈ្មោះយឺត វានឹងធ្វើឲ្យមានការពិបាករៀបចំ»។
យ៉ាងណាក៏ដោយអ្នកចូលរួមត្រូវបានតម្រូវឲ្យចុះហត្ថលេខាទទួលខុសត្រូវទៅលើសុខភាពខ្លួនឯង។ លោក សែម ផល្លា បានបញ្ជាក់ថា៖ «អ្នកចូលរួមទាំងអស់ត្រូវតែស៊ីញ៉េទទួលខុសត្រូវលើបញ្ហាសុខភាពខ្លួនឯង ដែលនេះជាច្បាប់អន្តរជាតិ ព្រោះមានតែពួកគាត់ទេ ដែលដឹងថាសុខភាពរបស់គាត់បែបណា»។
ទោះយ៉ាងណាលោកបញ្ជាក់ថា៖ «យើងមានឡានសង្គ្រោះ និងក្រុមគ្រូពេទ្យ ចាំជួយសង្គ្រោះដល់អ្នកចូលរួមពេលមានហេតុការណ៍ចៃដន្យណាមួយកើតឡើងគឺយើងព្យាយាមរៀបចំធ្វើយ៉ាងម៉េចឲ្យព្រឹត្តិការណ៍នេះកាន់តែមានការរីកចម្រើន ដើម្បីប្រណាំងប្រជែងជាមួយម៉ារ៉ាតុងរបស់ប្រទេសគេដែលកំពុងមានការគាំទ្រខ្លាំង ហេតុនេះយើងត្រូវតែខិតខំរួមគ្នាដណ្តើមមុខមាត់ជូនជាតិ»។
នៅក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងនេះមាន ៤ វិញ្ញាសា ហើយតម្លៃចុះឈ្មោះខុសគ្នាគឺរត់ម៉ារ៉ាតុង ៤២ គីឡូម៉ែត្រ បរទេសតម្លៃពី ៦០ ទៅ ៦៥ ដុល្លារ (ចុះឈ្មោះលឿន ៦០ យឺត ៦៥ ដុល្លារ) ឯខ្មែរ ២០ ដុល្លារ។ រត់ ២១ គីឡូម៉ែត្រ បរទេសតម្លៃពី ៤៥ ដល់ ៥៥ ដុល្លារ ឯខ្មែរយើង ១៥ ដុល្លារចម្ងាយ ១០ គីឡូម៉ែត្រ បរទេសពី ៤០ ទៅ ៥០ ដុល្លារ ឯខ្មែរ ១២ ដុល្លារ ហើយរត់ ៣ គីឡូម៉ែត្រ បរទេសពី ២០ ទៅ ៣០ ដុល្លារ ឯខ្មែរ ៥ ដុល្លារ៕