
កីឡាការិនី ធន់ វិរៈពណ៌ ពេលថតជាមួយសិស្សគុនល្បុក្កតោរបស់កម្ពុជាផ្សេងទៀត កន្លងមក។ រូប សហការី
ភ្នំពេញ៖ ផលលំបាកក្នុងការរកដៃគូប្រកួតស្របពេលសង្វៀនប្រដាល់ ស្ទើរតែទាំងអស់ លែងរៀបចំឱ្យមានការប្រកួតគូនារីនោះ បានកីឡាការិនីជើងខ្លាំង និងម្ចាស់ខ្សែក្រវាត់ប្រដាល់គុនខ្មែរអន្តរជាតិ ក្នុងទម្ងន់ ៤៦ គ.ក្រ ធន់ វិរៈពណ៌ សម្រេចបោះបង់ប្រដាល់គុនខ្មែរ ហើយងាកទៅចាប់គុនល្បុក្កតោ ដើម្បីកែប្រែវាសនា និងជីវភាពគ្រួសារឱ្យបានប្រសើរឡើង។
ក្នុងវ័យ ២២ ឆ្នាំ ធន់ វិរៈពណ៌ ធ្លាប់បានព្យួរការសិក្សាក្នុងឆ្នាំទី២ នៅសាកលវិទ្យាល័យ ដើម្បីចូលហាត់ប្រដាល់នៅចុងឆ្នាំ ២០១៧ ដើម្បីឡើងប្រកួតរកប្រាក់ចំណូល ហើយត្រឹមរយៈពេលតែជាង ១ ឆ្នាំ វិរៈពណ៌ បានក្លាយជាកីឡាការិនីជើងខ្លាំងដែលលំបាករកដៃគូប្រកួតជាមួយ ខណៈការផ្គូផ្គងគូនារី ក៏កម្រនឹងមាននៅសង្វៀនប្រដាល់ផងដែរ។
ការគ្មានទីផ្សារប្រកួតនៅលើសង្វៀនប្រដាល់គុនខ្មែរនេះ បានបង្ខំឱ្យ ធន់ វិរៈពណ៌ សម្រេចចិត្តទៅចូលហ្វឹកហាត់គុនល្បុក្កតោមួយទៀត នៅចុងឆ្នាំ ២០១៨ ហើយបោះបង់ចោលប្រដាល់ដាច់តែម្តង បន្ទាប់ពីនាងបានប្រឹងប្រែងហ្វឹកហាត់ និងវិវឌ្ឍខ្លួនក្លាយជាអ្នកជំនាញម្នាក់នៃគុនក្បុក្កតោនៅក្នុងឆ្នាំ ២០២០ នោះ ដោយ វិរៈពណ៌ បានក្លាយជាគ្រូបង្គោល ដែលអាចបង្វឹកគុនល្បុក្កតោតាមអនឡាញ និងជាតារាសម្តែងឱ្យផលិតកម្ម «អាថាន់ភាពយន្ត» ផ្នែកវ៉ៃតប់ និងឆាកប្រយុទ្ធដែលមានលក្ខណៈសាហាវៗ ព្រមទាំងថតស្ប៉តពាណិជ្ជកម្មផងដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ ភ្នំពេញ ប៉ុស្តិ៍ ធន់ វិរៈពណ៌ បាននិយាយថា៖ «ខ្ញុំហាត់ប្រដាល់មួយរយៈ និងឡើងប្រកួតទទួលបានការរីកចម្រើនល្អ ប៉ុន្តែមូលហេតុនៃការចាកចេញពីប្រដាល់ ដោយសារតែលំបាករកដៃគូប្រកួតជាមួយ ពិសេសកម្មវិធីសម្រាប់យើងជាកីឡាការិនីមានតិចតួចណាស់។ ទោះជាយ៉ាងណា ខ្ញុំបន្សល់ស្នាដៃបានល្អ មានស្ថិតិប្រកួតល្អ ដោយបានឈ្នះខ្សែក្រវាត់ ១ ផងដែរ ដោយកាលនោះ ខ្ញុំមានលោកគ្រូ ធន់ សុភា និងលោកគ្រូ ម៉ឺន សុភា ជួយជ្រោមជ្រែងខ្ញុំបានល្អ»។
នៅក្នុងប្រវត្តិជាអ្នកប្រកួតគុនខ្មែរ វិរៈពណ៌ ធ្លាប់ប្រកួតបាន ១១ ដង ឈ្នះ ៩ និងចាញ់ ២ ដង ហើយចុងខែធ្នូ ឆ្នាំ ២០១៩ ធន់ វិរៈពណ៌ បានឈ្នះកីឡាការិនីមកពីអាហ្វ្រិក ដើម្បីឈ្នះបានខ្សែក្រវាត់ពីព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិក្នុងទម្ងន់ ៤៦ គ.ក្រ ដែលធ្វើក្នុងពិធីបុណ្យសមុទ្រខេត្តកំពត។
ទោះបីជាយ៉ាងណា បច្ចុប្បន្ននេះ ក្មេងស្រីជាកូនទី៧ ក្នុងគ្រួសារមានបងប្អូន ៩ នាក់ ដែលរស់នៅភូមិឃ្លាំងមឿងលើ ឃុំព្រែកក្របៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ធន់ វិរៈពណ៌ បានចាប់យកតែគុនល្បុក្កតោ ហើយកញ្ញាទទួលបានឱកាសប្រកួតសម្តែង ឬបង្ហាញសូ សម្រាប់ថតឱ្យផលិតកម្មភាពយន្តមួយចំនួនពិសេសរៀបចំឆាកប្រយុទ្ធផ្នែកក្បាច់គុននេះតែម្តង។ ក្រៅពីនេះ វិរៈពណ៌ ជាគ្រូបង្គោលក្បាច់គុនកីឡាល្បុក្កតោ តាមប្រព័ន្ធអនឡាញ «ល្បុក្កតោក្មេងវត្តថាន់» ដែលល្បីល្បាញគួរសម ខណៈកូនសិស្សហាត់ភាគច្រើនជាជនបរទេស។
ធន់ វិរៈពណ៌ បានបញ្ជាក់ថា៖ «ការចាប់យកអាជីពមួយនេះ ខ្ញុំមានភាពជោគជ័យល្អបន្ថែមលើប្រដាល់គុនខ្មែរ ដោយអាចរកបានប្រាក់ចំណូលមកគ្រប់គ្រងជីវភាពបានសមរម្យ និងបង្កើតជាក្រុមមួយ ដែលមានគ្រូធំឈ្មោះ ឆន ចន្ទ័វិរៈ ហៅលោកគ្រូ អាថាន់ មិននៅចំណុះឱ្យសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជានោះឡើយ»។
ជាមួយបទពិសោធជីវិតយ៉ាងជូរចត់ ធន់ វិរៈពណ៌ ជាកីឡាការិនិឆ្នើមបំផុត ដែលតស៊ូក្នុងខ្សែជីវិតលំបាកលំបិន ចេញពីញើស និងការជឿជាក់ខ្លាំងលើសមត្ថភាពខ្លួនឯង ទម្រាំងចាប់បានអាជីពល្អថ្លៃថ្នូរ និងរកបានប្រាក់ចំណូលល្អសមរម្យ អាចជួយដល់គ្រួសារបាន ព្រោះក្រៅពីចេះក្បាច់គុន វិរៈពណ៌ អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ និងកំពង់បន្តការសិក្សានៅសាកលវិទ្យាល័យផ្នែកជំនាញរដ្ឋបាលសាធារណៈ និងព័ត៌មានវិទ្យា ហើយកញ្ញាបានបញ្ជាក់ថា នឹងមិនវិលទៅរកប្រដាល់គុនខ្មែរវិញទេ៕