ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោក ស៊ូម សារឿន បានធ្វើការបកស្រាយ និងបញ្ជាក់ពីភាពស្អាតស្អំរបស់លោក ក៏ដូចជាគណៈកម្មាធិការប្រតិបត្តិទាំងអស់របស់សហព័ន្ធនៅចំពោះមុខក្រុមគ្រូបង្វឹក អត្តពលិក និងប្រតិភូកីឡាមកពីរាជធានី-ខេត្ត កាលពីពេលថ្មីៗនេះថា ថ្នាក់ដឹកនាំសហព័ន្ធមិនធ្លាប់បានកាត់ប្រាក់ឧបត្ថម្ភរបស់កីឡាករ កីឡាការិនី ណាម្នាក់នោះទេ។
លោក ស៊ូម សារឿន បានថ្លែងថា៖ «បន្ទាប់ពីក្រុមអត្តពលិកយើងទទួលបានប្រាក់រង្វាន់ពីការដណ្តើមបានមេដាយជើងឯកពិភពលោក ឆ្នាំ ២០១៩ គឺអ្នកសារព័ត៌មានបានផ្ញើសារមកសួរខ្ញុំថា តើសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាមានបានកាត់ប្រាក់ឧបត្ថម្ភជាភាគរយពីពួកគាត់ដែរឬទេ? អ៊ីចឹងខ្ញុំសូមស្រាយបំភ្លឺនៅថ្ងៃនេះថា នៅក្នុងរយៈពេល ១ ឆ្នាំ ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធ គឺមិនមានការកាត់ ឬអនុញ្ញាតឱ្យនរណាម្នាក់កាត់ប្រាក់ឧបត្ថម្ភពីអត្តពលិកនោះទេ។ សូមសួរទៅអត្តពលិករបស់យើងទៅថា តើថ្នាក់ដឹកនាំសហព័ន្ធមានបានកាត់ថវិកាពីអត្តពលិកណាម្នាក់អត់! គឺក្នុងនាមខ្ញុំជាប្រធានសហព័ន្ធ ខ្ញុំហ៊ានធានាអះអាងថា អត់មានទេ»។
លោក ស៊ូម សារឿន បានបន្ថែមថា៖ «ក្រោយពេលបានជាប់ជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា គឺនៅក្នុងថ្ងៃមហាសន្និបាត ខ្ញុំបានប្រកាសហើយថា ក្នុងនាមជាប្រធាន ខ្ញុំមិនសូវមានលទ្ធភាពធនធានថវិកាក៏ពិតមែន ប៉ុន្តែខ្ញុំមានទឹកចិត្ត មានបេះដូង និងមានឧត្តមគតិ ជួយជាតិ ជួយយុវជនជំនាន់ក្រោយឱ្យមានការរស់រាន និងរីកចម្រើនតទៅមុខទៀត អ៊ីចឹងពាក់ព័ន្ធរឿងនេះ គឺខ្ញុំសូមបញ្ជាក់ថា ថ្នាក់ដឹកនាំសហព័ន្ធ គឺយើងអត់មានកាត់ប្រាក់ឧបត្ថម្ភរបស់កីឡាករ កីឡាការិនីណាម្នាក់នោះទេ»។
ការបកស្រាយពីភាពមន្ទិលរបស់លោក ស៊ូម សារឿន បានធ្វើឡើងនៅក្នុងពិធីបិទការប្រកួតកីឡាវ៉ូវីណាមកម្ពុជា ប្រចាំឆ្នាំ ២០២០ នៅក្នុងសាលរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាកាលពីថ្ងៃសុក្រ ហើយព្រឹត្តិការណ៍នេះ មានក្រុមចូលរួម ១២ ក្លិប មកពីរាជធានី-ខេត្ត និងក្រសួងស្ថាប័ន ២ និងមានកីឡាករ ៤៨ នាក់ កីឡាការិនី ២៨ នាក់ សរុបចំនួន ៧៦ នាក់ ដោយត្រូវចូលប្រកួតប្រជែងលើ ១៧ វិញ្ញាសា។
ទាក់ទងនឹងការប្រកួតថ្នាក់ជាតិនេះ លោក ស៊ូម សារឿន បានបញ្ជាក់ថា៖ «ការប្រកួតជើងឯកថ្នាក់ជាតិ រយៈពេល ៤ ថ្ងៃ នៅពេលនេះ យើងមានគោលបំណងត្រៀមខ្លួន និងពង្រឹងសមត្ថភាព ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ហេតុនេះសូមប្អូនៗ ត្រូវបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ ពង្រឹងសមត្ថភាព និងអភិវឌ្ឍសមត្ថភាពឱ្យកាន់តែខ្លាំងក្លា និងរឹងមាំបន្ថែមទៀត ព្រោះការដណ្តើមបានជយលាភី ពីការប្រកួតស៊ីហ្គេម គឺជាកិត្តិយស មិនត្រឹមតែខ្លួនប្អូនផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែជាកិត្តិយស សម្រាប់គ្រួសារ និងប្រទេសជាតិផងដែរ»។
ជាមួយគ្នានោះ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងពិធីបិទការប្រកួត កាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២១ នោះដែរថា៖ «ការប្រកួតកីឡាវ៉ូវីណាមថ្នាក់ជាតិត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងធ្វើការវាស់ស្ទង់ និងពង្រឹងសមត្ថភាពរបស់អត្តពលិកបន្ថែមទៀត ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់ក្រុមអត្តពលិកយើង ធ្វើជាមូលដ្ឋាន សម្រាប់កែលម្អចំណុចខ្វះខាតទាំងអស់នោះ ក្នុងន័យចូលរួមការប្រកួតប្រកបដោយសក្តានុពល និងពោរពេញដោយលក្ខណៈបច្ចេកទេសខ្ពស់ សម្រាប់ត្រៀមការប្រកួតស៊ីហ្គេម នៅវៀតណាម ឆ្នាំ ២០២១ នេះ និងស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»៕