ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកង់ភ្នំ Cambodia MTB Series 2019 បានកំណត់យកគិរីរម្យ ជាកន្លែងប្រកួតជុំទី ៥ ផ្តាច់ព្រ័ត្រ ដើម្បីរកម្ចាស់ជើងឯកដ៏ពិតប្រាកដនៅតាមវិញ្ញាសានីមួយៗ ខណៈថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាទោចក្រយានបានចាត់ទុកការប្រកួតនៅព្រឹកថ្ងៃអាទិត្យនេះ ជាការប្រកួតដ៏ទាក់ទាញ និងមានភាពស្វិតស្វាញជាង ៤ ជុំកន្លងមក។
នៅក្នុងការប្រកួតដំណាក់កាលដ៏សំខាន់នេះ ក្រុមការងារបច្ចេកទេសរបស់សហព័ន្ធខ្មែរកីឡាទោចក្រយាន ក៏បានរៀបចំឲ្យមានការបោះតង់ស្នាក់នៅ នៅលើភ្នំគិរីរម្យ នាយប់ថ្ងៃសៅរ៍ផងដែរ ដើម្បីសម្រួលដល់អ្នកធ្វើដំណើរមកពីខេត្តឆ្ងាយៗ មានពេលសម្រាក និងត្រៀមខ្លួនប្រកួតបានល្អ ព្រោះការប្រកួតនេះ នឹងត្រូវចាប់ប្រកួតនៅព្រឹកព្រលឹមថ្ងៃអាទិត្យតែម្តង។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ការប្រកួតនេះ នឹងមានភាពទាក់ទាញ និងស្វិតស្វាញខ្លាំងជាងជុំណាៗទាំងអស់ ព្រោះជាការប្រកួតជុំផ្តាច់ព្រ័ត្រ ដែលគ្រប់គ្នា ត្រូវតែខំប្រឹងប្រែង ដើម្បីទទួលបានពិន្ទុបន្ថែម ក្នុងការឈានទៅរកការទទួលបានចំណាត់ថ្នាកលេខ ១»។
បើតាមគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ក្រុមអត្តពលិកប្រមាណ ១៥០ នាក់ បានចុះឈ្មោះចូលរួមក្នុងការប្រកួតនៅក្នុងជុំផ្តាច់ព្រ័ត្រនេះ ហើយទីលានបត់បែន នៅលើភ្នំគិរីរម្យ ដែលហ៊ុមព័ន្ធទៅដោយដើមស្រស់ និងរុក្ខជាតិតូចធំចម្រុះគ្នាដ៏ស្រស់បំព្រងនោះ វានឹងក្លាយជាវេទិកាប្រកួតប្រជែងដ៏ល្អបំផុត សម្រាប់ក្រុមអត្តពលិក ដែលត្រូវប្រជែងគ្នា ដើម្បីរកឲ្យឃើញអ្នកឈ្នះតំណែងជើងឯក នៅលើប្រភេទវិញ្ញាសានីមួយៗ ព្រោះការប្រកួត ៤ ជុំកន្លងមក គណៈកម្មកាបានកត់ត្រា និងបូកពិន្ទុ ទៅតាមជុំនីមួយៗយ៉ាងច្បាស់លាស់ ហើយលើកនេះជាការប្រកួតជុំចុងក្រោយ កំណត់រកអ្នកឈ្នះតំណែងជើងឯក។
លោក នូ ចំរើន បន្ថែមថា៖ «ទីលានប្រកួតនៅជុំផ្តាច់ព្រ័ត្រនេះ គឺមានឧបសគ្គច្រើនជាង ៤ ជុំ កន្លងមក ព្រោះយើងត្រូវប្រកួតនៅលើភ្នំតែម្តង ដែលហ៊ុមព័ទ្ធដោយព្រៃឈើ ហើយមានផ្លូវចុះចំណោត ឡើងចំណោម និងឡើងទួលផងដែរ អ៊ីចឹងកីឡាករ កីឡាការិនីគ្រប់រូប ពិសេសអ្នកត្រូវប្រជែងគ្នាយកជយលាភី គឺទាមទារឲ្យមានការហ្វឹកហាត់គ្រប់គ្រាន់ និងមានភាពអំណត់ ទើបអាចបញ្ចប់ការប្រកួតដោយជោគជ័យបាន»៕