ភ្នំពេញៈ ក្លិប​ភ្នំពេញ​ក្រោន បាន​សម្រេច​ចែកផ្លូវ​ជាមួយ​គ្រូបង្វឹក​ប្រេស៊ីល លោក Leonardo Vitiorino ត្រឹម​ពាក់​កណ្តាលផ្លូវ ហើយ​ការបញ្ចប់​កុងត្រា​នេះ​ត្រូវ​បាន​ក្លិប​មាន​មូលដ្ឋាន​នៅ​ភ្នំពេញ​មួយ​នេះ ប្រកាស​ជា​សាធារណៈ​នៅ​លើ​ផេចហ្វេសប៊ុក​របស់​ខ្លួន​កាល​ថ្ងៃ​អង្គារ​ម្សិលមិញ​។

ក្លិប​នេះ​បាន​ប្រកាស​ថា​៖ «​ក្លិប​ភ្នំពេញ​ក្រោន​សូម​ជម្រាប​ជូន​អ្នកគាំទ្រ​ក៏​ដូចជា​សាធារណជន​ឲ្យ​បាន​ជ្រាបថា ក្លិប និង​លោកគ្រូ​បង្វឹក Leonardo Vitorino បាន​សម្រេច​ឯកភាព​គ្នា​បញ្ចប់​កុងត្រា​ជា​ផ្លូវការ ក្រោយ​ការដឹកនាំ​ក្រុម​បាន​ត្រឹម​សប្តាហ៍​ទី​ ៦ នៃ​លីកកំពូល​កម្ពុជា​ឆ្នាំ​ ២០១៩ ​នេះ​»​។

ជុំវិញ​ការចែក​ផ្លូវ​ជាមួយ​លោក Leonardo នេះ លោក លី ហៀង អគ្គលេខាធិការ ក្លិប​ភ្នំពេញក្រោន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ថា​៖ «​តាមពិត​យើង​ឃើញ​មាន​សម្ពាធ​ទាក់ទង​នឹង​ក្រុម​គឺ​យើង​មាន​សម្ពាធ​ខ្ពស់ ទាក់ទង​ទៅ​នឹង​លទ្ធផល ហើយ​នេះ​ជា​អ្វី​ដែល​យើង​បាន​គិត ហើយ​បញ្ហា​នេះ​វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ អ៊ីចឹង​ហេតុផល​ដែល​យើង​បាន​ពិភាក្សា​ជាមួយ​គាត់​កន្លង​មក និង​យោង​ទៅ​តាម​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​លទ្ធផល​នៃ​ការប្រកួត​គឺ​យើង​បាន​សម្រេច​បញ្ចប់​កុងត្រា​ជាមួយ​គាត់​»​។

គួររំឭក​ថា​លោក Leonardo ធ្លាប់​បាន​ថ្លែង​នៅក្នុង​សន្និសីទ​ពេល​លោក​សម្រេច​មក​ដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោន​កន្លង​មក​ថា ការកំណត់​កុងត្រា​របស់​លោក​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោន​គឺ​អាស្រ័យ​ទៅ​លើ​លទ្ធផល​នៃ​ការប្រកួត ដោយ​លោក​បញ្ជាក់​ថា​៖ «​បើសិន​ជា​លទ្ធផល​មិន​បាន​ល្អ គ្រូបង្វឹក​ត្រូវ​តែ​ចាកចេញ​គឺ​គ្មាន​អ្វី​ដែល​សំខាន់​នោះ​ទេ ហើយ​ខ្ញុំ​មក​ទីនេះ​ដើម្បី​ធ្វើអ្វី​ឲ្យ​អស់​ពី​ចិត្ត និង​ឲ្យ​មាន​ការរីកចម្រើន​»​។

លោក ស៊ុំ វណ្ណា ​បាន​ប្រាប់​ទៅ​ដល់​កូនក្រុម នៅ​ពេលលោក​ធ្វើ​ជា​គ្រូ​ជំនួយ ប៉ុន្តែ​ពេលនេះ​​លោក​ត្រូវបាន​ក្លិប​ភ្នំពេញ​ក្រោន តែងតែង​ឲ្យធ្វើ​ជា​គ្រូ​បង្គោល​ជា​បណ្តោះ​អាសន្នជំនួស​លោក Leonardo ដែល​ទើបត្រូវបានបញ្ឈប់។សហការី

យ៉ាងណា​ក៏ដោយ​ក្រោម​ការដឹកនាំ​របស់​លោក Leonardo ផ្ទាល់​នៅក្នុង​លីក​កំពូល​កម្ពុជា ឆ្នាំ​ ២០១៩ ចំនួន​ ៦ ​ប្រកួត​នេះ ក្រុម​ភ្នំពេញ​ក្រោន​ទទួល​បាន​លទ្ធផល​មិន​ល្អ​ទេ​គឺ​ពួកគេ​បាន​ចាញ់​ក្រុម​បឹងកេត ៣-២ ឈ្នះ​ក្រុម​សាលា​កីឡា​បាល់ទាត់​ជាតិ ២-០ ចាញ់​ក្រុម​វិសាខា ៣-១ ចាញ់​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង ៥-១ ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ១-០ និង​បាន​ចាញ់​ក្រុម​ណាហ្គាវើល ៣-០ កាលពី​សប្តាហ៍​មុន ហើយ​ការ​ឈរ​នៅ​លេខ​ ១០ មាន ៦ ​ពិន្ទុ​នេះ​ហើយ​ទើប​ធ្វើឲ្យ​ភ្នំពេញ​ក្រោន​សម្រេច​ចែក​ផ្លូវ​គ្នា​នឹង​លោក Leonardo​។

តាមរយៈ​ការបញ្ចប់​កុងត្រា​នេះ​ដែរ​វា​ក៏​អាច​ជា​ការបិទផ្លូវ​សម្រាប់​លោក Leonardo ក្នុង​ការវិល​មក​ប្រកប​អាជីព​បាល់ទាត់​ក្នុង​នាម​ជា​គ្រូបង្វឹក​នៅ​កម្ពុជា ដើម្បី​សាង​ស្នាដៃ​ទៅ​តាម​ការប្តេជ្ញា​របស់​លោក​ផងដែរ ព្រោះ​គ្រូបង្វឹក​រូបនេះ​ក៏​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បញ្ចប់​កុងត្រា​មុនពេល​កំណត់​កាលពី​ឆ្នាំ​ ២០១៧ ជុំវិញ​ការដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទទួល​បាន​លទ្ធផល​មិន​ល្អ ក្នុង​ស៊ីហ្គេម ឆ្នាំ​ ២០១៧ នៅ​ម៉ាឡេស៊ី​ដែរ​។

ទាក់ទង​ទៅ​នឹង​ការចែក​ផ្លូវ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នោះ​លោក Leonardo Vitorina បាន​និយាយ​ពេល​មក​ដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោន​ថា​៖ «​ខ្ញុំ​មក​ទីនេះ​ដើម្បី​ជួយ​ដល់​បាល់ទាត់​កម្ពុជា និង​ផ្តល់​អ្វី​ដ៏អស្ចារ្យ​ដល់​អ្នក​គាំទ្រ​កម្ពុជា ព្រោះ​បេសកកម្ម​របស់​ខ្ញុំ​នៅ​កម្ពុជា​នៅ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ​។ អ៊ីចឹង​ខ្ញុំ​មាន​ការងារ​ដែល​ត្រូវ​ធ្វើ​ជា​បន្តទៀត​នៅ​កម្ពុជា ហើយ​ខ្ញុំ​មិន​បាន​បំភ្លេច​ពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នោះ​ទេ គឺ​ការជួយ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​កម្ពុជា​ឲ្យ​មាន​ការរីកចម្រើន​»​។

ប៉ុន្តែ​ក្តីសង្ឃឹម​ក្នុង​ការបង្កើត​ស្នាដៃ​ក្នុង​នាម​ជា​គ្រូបង្វឹក​ល្អ​របស់​លោក Leonardo នៅ​កម្ពុជា​ត្រូវ​បាន​រលាយបាត់​ជា​លើក​ទី​ ២ តាមរយៈ​ការបញ្ចប់​កុងត្រា​របស់​ក្លិប​ភ្នំពេញ​ក្រោន​នេះ ចំណែក​​គ្រូ​ជំនួយ​លោក ស៊ុំ វណ្ណា ដែល​ទើប​តែ​រៀន​ចប់​វគ្គ​សិក្សា AFC A License កាល​ពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​ក្លិប​ភ្នំពេញ​ក្រោន តែងតាំង​ឲ្យ​ធ្វើ​ជា​គ្រូ​បង្វឹកជា​បណ្តោះ​អាសន្ន ដើម្បីដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោន ជំនួស​លោក Leonardo៕