ភ្នំពេញ: ការប្រកួតជម្រុះសន្សំពិន្ទុនៃខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦៥ គីឡូក្រាមរដូវកាលទី ៥ សង្វៀនអាស៊ីអាគ្នេយ៍ នឹងឈានដល់វគ្គចុងក្រោយថ្ងៃសៅរ៍នេះ ខណៈកីឡាករមឿន សុខហ៊ុច របស់កម្ពុជា ត្រូវប៉ះកីឡាករថៃ Kreang Krai ដែលជាគូខ្លាំងប៉ះខ្លាំង ហើយមួយគូទៀតកីឡាករជឹម ចិត្ត្រា ត្រូវជួបជាមួយ ថៃ Sen Khum។
សម្រាប់ការប្រកួតខ្សែក្រវាត់ទាំង ២ គូនេះ ទោះជាទទួលបានលទ្ធផលក្រោយប្រកួតបែបណាក៏ដោយ ក៏មិនអាចប្រែប្រួលបេក្ខភាពអ្នកប្រដាល់ដែលមានពិន្ទុគ្រប់គ្រាន់ដើម្បីឡើងទៅកក់កៅអីក្នុងវគ្គផ្តាច់ព្រត័រួចទៅហើយឡើយ ហេតុនេះ វាគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចតាមរូបមន្តប៉ុណ្ណោះ។
យោងលទ្ធផល ៣ ប្រកួតកន្លងមក កីឡាករប្រដាល់តែ ២ រូបប៉ុណ្ណោះដែលបានទៅវគ្គផ្តាច់ព្រ័ត្រ ខណៈភាគកីឡាករខាងកម្ពុជា គឺ មឿន សុខហ៊ុច ហើយភាគីកីឡាករថៃ គឺ Kreang Krai នេះឯង។
លទ្ធផល ៣ ប្រកួតម្នាក់ៗកន្លងមក សុទ្ធតែបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរៀងៗខ្លួន ដោយកីឡាករថៃ Kre-ang Krai បានឈ្នះទាំង ៣ ប្រកួត មាន ៩ ពិន្ទុខ្ពស់ដាច់ក្នុងពូល B ហើយមឿន សុខហ៊ុច ៣ ប្រកួត ឈ្នះ ២ ចាញ់ ១ មាន ៧ ពិន្ទុខ្ពស់ដាច់ក្នុងពូល A ។
ទោះជាលទ្ធផលឈ្នះ ឬចាញ់គ្នាយ៉ាងណា សុខហ៊ុច និង Kreang Krai នឹងត្រូវដឹកដៃគ្នាទៅប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមយកខ្សែក្រវាត់អមដោយទឹកប្រាក់ ៥០០០ ដុល្លារ នាថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៨ ខាងមុខ ទៅតាមកម្មវិធីប្រកួតដែលបានគ្រោងទុក។
យោងតាមប្រវត្តិជួបប្រកួតគ្នាក្រៅអំឡុងខ្សែក្រវាត់ មឿន សុខហ៊ុច ធ្លាប់ឈ្នះកីឡាករថៃ Kreang Krai ដោយពិន្ទុចំនួន ២ លើក ប៉ុន្តែបើគិតពីការរីកចម្រើនផ្នែកកម្លាំង និងកម្រិតវិជ្ជាគុនមកដល់បច្ចុប្បន្ន មឿន សុខហ៊ុច ហាក់ដូចជាធ្លាក់ចុះមួយកម្រិត ហើយកីឡាករថៃ Kreang Krai មានកម្លាំង និងក្បាច់គុនល្អជាងមុនច្រើនណាស់។
ទោះជាយ៉ាងណា សម្រាប់ការចាញ់ ឬឈ្នះមួយគូនេះពិតជាស្វិតស្វាញ ឬអាចនិយាយបានថា ឈ្នះគ្នាក្នុងលក្ខណៈតឹងតែងបំផុត ខណៈដែលច្បាប់ប្រកួតក្នុងអំឡុងខ្សែក្រវាត់ មិនអាចឲ្យស្មើគ្នានោះទេ ហើយបើនិយាយពីបទពិសោធឡើងប្រកួតវិញ សុខហ៊ុច ច្រើនជាង។
លោកណន រិទ្ធ គ្រូបង្វឹករបស់មឿន សុខហ៊ុច បាននិយាយថា៖ «សុខហ៊ុច កំពុងព្យាយាមហ្វឹកហាត់ត្រៀមបានល្អសម្រាប់ការប្រកួតនេះ ហើយនៅក្នុងជំនួបលើកនេះ ខ្ញុំមានសង្ឃឹមឈ្នះ ៧០ ភាគរយ។ យុទ្ធសាស្ត្រសម្រាប់ប្រកួតគឺប្រើស្នៀតទាត់ឆ្ងាយ និងប្រើស្នៀតជង្គង់ពេលឱបគ្នា»។
លោកថាញ់ វ៉ាឡេក គ្រូបង្វឹកកីឡាករថៃ បាននិយាយថា៖ «Kreang Krai មួយរយៈនេះ មានការរីកចម្រើនទាំងបច្ចេកទេស និងកម្លាំង ហើយកន្លងមក ក៏ធ្លាប់ឈ្នះខ្សែក្រវាត់មកគ្រប់គ្រងដែរ។ ខ្ញុំសង្ឃឹម និងអះអាងថា Kreang Krai នឹងឈ្នះ ១០០ ភាគរយដោយប្រើស្នៀតកែង និងជង្គង់»។
ចំណែកគូប្រដាល់ខ្សែក្រវាត់មួយគូទៀតរវាងជឹម ចិត្ត្រា មកពីក្លិបខ្លារខិនមានរិទ្ធ ជាមួយកីឡាករថៃ Sen Khum ក៏ជាការប្រកួតបង្គ្រប់កិច្ចតាមរូបមន្តដែរ។ តាមរយៈការប្រកួត ៣ លើកកន្លងមក ជឹម ចិត្ត្រា បានចាញ់សន្លប់ ២ លើក និងឈ្នះ ១ លើក ដោយមានតែ ៥ ពិន្ទុប៉ុណ្ណោះ។
ចំណែកកីឡាករ Sen Khum ចាញ់ ២ ប្រកួត ឈ្នះ ១ ប្រកួត មាន ៥ ពិន្ទុដូចគ្នា ហើយទោះចាញ់ ឬឈ្នះក៏មិនបានឡើងទៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា។ អ្នកស្រីឡុង រ៉ាវី ប្រធានក្លិបខ្លារខិន បាននិយាយថា៖ ជឹម ចិត្ត្រា ធានាប្រកួតអស់ពីសមត្ថភាព ប៉ុន្តែរឿងចាញ់ ឬឈ្នះ ខ្ញុំមិនហ៊ានព្យាករនោះទេពីព្រោះខ្លាចខុស។ ខ្ញុំមានទំនុកចិត្តថា ជឹម ចិត្ត្រា មានភាគរយឈ្នះច្រើនដោយសារហ្វឹកហាត់ល្អគោរពវិន័យល្អ៕