ភ្នំពេញ: កីឡាករម៉ន សាម៉េត មកពីក្លិបកងចក្ររាជសីហ៍នៃក្រសួងមហាផ្ទៃ បានយកឈ្នះពិន្ទុដាច់លើកីឡាករជើងចាស់របស់ថៃ Phong Savath ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈមិត្តភាពអន្តរជាតិនៃសង្វៀនអាស៊ីអាគ្នេយ៍កាលពីព្រឹកថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨។
ចំណែកកីឡាករឌុម កែវដា មកពីក្លិបប្រដាល់មកុដរាជសីហ៍នៃក្រសួងមហាផ្ទៃ បានបញ្ចប់ក្នុងលទ្ធផលស្មើជាមួយកីឡាករថៃ Phayak Lek ប៉ុន្តែ បន្សល់ស្នាមបែកហូរឈាមឲ្យកីឡាករថៃត្រង់សៀតថ្កាផងដែរ។
ជាមួយគ្នានេះដែរ កីឡាករហ៊ឹម សារ៉ាន់ មកពីសមាគមប្រដាល់ក្រសួងការពារជាតិ បានចាញ់ពិន្ទុកីឡាករ Justin មកពីសហរដ្ឋអាមេរិកដោយពិន្ទុ។
លទ្ធផលប្រកួតហាក់បីដូចអ្វីដែលជាការព្យាកររបស់អ្នកទស្សនាដែរ ពីព្រោះការតាំងចិត្តប្តេជ្ញាយកឈ្នះជើងខ្លាំងរបស់ថៃ Phongsavath ក្រោយពីម៉ន សាម៉េត បានសម្រេចបំណងក្នុងមោទនភាពខ្ពស់។
ម៉ន សាម៉េត បានវាយចេញបានគ្រប់ស្នៀត និងល្បិចឱបបង្វិលឡើងជង្គង់បានល្អ មានប្រៀបលើកីឡាករថៃសឹងតែគ្រប់ទឹក ដែលនាំឲ្យ ម៉ន សាម៉េត ឈ្នះពិន្ទុជាឯកច្ឆន្ទពីចៅក្រមទាំង៥។
កីឡាកររូបនេះបាននិយាយពីការប្រកួតថា៖ «ជ័យជម្នះនេះជាការខំប្រឹងប្រែង និងតាំងចិត្តរបស់ខ្ញុំដើម្បីរកទីផ្សារប្រកួតឲ្យកាន់តែច្រើន ពីព្រោះជាប្រភពចំណូលរបស់គ្រូសារខ្ញុំដែលទទួលបានពីការប្រកួតនេះតែម្តង»។
ម៉ន សាម៉េត បានបន្ថែម៖ «ក្នុងទម្ងន់៥៧គីឡូក្រាម ខ្ញុំគិតថា លំបាករកដៃគូប្រកួតជាមួយខ្ញុំណាស់ ហើយខ្ញុំធានាថា មិនអាចឲ្យចាញ់គេទេក្នុងទម្ងន់ដូចគ្នា ប៉ុន្តែសុំមិនប្រកួតជាមួយកីឡាករខ្មែរតែម្នាក់គត់គឺពេជ្រ ម្ទេសខ្លាំង ជាមិត្តភត្តិ ក្រៅពីនេះប្រកួតទាំងអស់»។
ដោយឡែក ហ៊ឹម សារ៉ាន់ បានចាញ់កីឡាករមកពីសហរដ្ឋអាមេរិក Justin ដោយពិន្ទុជាឯកច្ឆន្ទ។ ចំណែកកីឡាករឌុម កែវដា ដែលស្រេកឃ្លានជ័យជម្នះយ៉ាងខ្លាំងបំផុត ដើម្បីស្តារមុខមាត់ឡើងវិញនោះ ហាក់បីដូចមិនខកចិត្តប៉ុន្មានទេ ពីព្រោះថា ក្នុងការប្រកួតជាមួយកីឡាករថៃ Phayak Lek ទទួលបានលទ្ធផលស្មើបន្ទាប់ពីការប្រកួតយ៉ាងជក់ចិត្តចំនួន៥ទឹក។
តាមពិន្ទុពីសំណាក់ចៅក្រមទាំង៥ ឌុម កែវដា បានឈ្នះ៣ទល់២ ហើយលោកប្រធានវិនិច្ឆ័យ បានទាញឲ្យស្មើដោយសារជាការប្រកួតលក្ខណៈមិត្តភាពកម្តៅសាច់ដុំ។
លោកឯម ហៀង ប្រធានវិនិច្ឆ័យនិយាយថា ការឲ្យស្មើគឺសមរម្យណាស់ពីព្រោះវាប្រកួតវាយចេញល្អដូចគ្នា ដោយកីឡាករខ្មែរវាយចេញកណ្តាប់ដៃច្រើន ហើយកីឡាករថៃក៏ទាត់ចូលល្អដែរ។
ឌុម កែវដា បាននិយាយក្រោយពីការប្រកួតថា៖ «ចប់ការប្រកួតភ្លាម ខ្ញុំសង្ឃឹមទទួលបានឈ្នះដោយក្នុងនោះ ខ្ញុំវាយកែងចូលច្រើនបណ្តាលឲ្យកីឡាករថៃបែកឈាមផងដែរ។ លទ្ធផលស្មើនេះគឺចាត់ទុកថា ខ្ញុំបានឈានទៅសម្រេចបានល្អឡើងវិញបណ្តើរៗហើយ បន្ទាប់ពីខ្ញុំធ្លាក់ចុះ និងប្រកួតចាញ់ចុងក្រោយមួយរយៈនេះជាង៥ប្រកួត»។
ក្នុងចំណោមការប្រកួតជាលក្ខណៈអន្តរជាតិចំនួន៦ប្រកួតក្នុងរយៈពេលជាង៣ខែកន្លងមកនេះ ឌុម កែវដា ទទួលបានលទ្ធផលចាញ់ចំនួន៥ប្រកួតជាប់ៗគ្នា ហើយកាលពីព្រឹកថ្ងៃអាទិត្យនេះ គេទទួលបានលទ្ធផលស្មើ។
ទោះជាយ៉ាងណា ឌុម កែវដា អះអាងថា ទីផ្សារប្រកួតរបស់គេមិនទាន់ធ្លាក់ចុះទេគឺមានគេកក់អស់ទៅហើយ ក្នុងរយៈពេល៣ខែទៅមុខទៀត ដោយសារការប្រកួតរបស់គេទោះចាញ់ ឬឈ្នះ អស់ពីសមត្ថភាព និងមានភាពទាក់ទាញប្រជាប្រិយល្អទស្សនា៕