ភ្នំពេញៈ កីឡាការិនីជើងចាស់ ហេង ស៊ីវឡាង ដែលជាស្ត្រីដំបូងគេបានឈ្នះមេដាយមាសពីការប្រកួតកីឡាប្រណាំងកង់ជើងឯកអាស៊ី Asian Road & Para Cycling Championship 2018 នៅមីយ៉ាន់ម៉ាឲ្យកម្ពុជានោះបានទទួចសុំឲ្យមានការគាំទ្រ និងលើកទឹកចិត្តដល់ស្ត្រីវ័យក្មេងចូលរួមការប្រណាំងកង់ដើម្បីជំរុញឲ្យពួកគេក្លាយជាកីឡាការិនីមានសមត្ថភាពអាចដណ្តើមបានមេដាយជូនជាតិ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣។
ម្ចាស់មេដាយមាស ស៊ីវឡាង បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «តាមពិតទៅកីឡាការិនីភាគច្រើនចង់ហាត់ជិះកង់ ប៉ុន្តែដោយសារស្ថានភាពគ្រួសារគាត់ ជូនកាលអាចមកពីឪពុកម្តាយមិនសូវចូលចិត្ត ឬអាចមកពីការរៀនសូត្រ និងខ្លះទៀតដោយសារគាត់អត់មានការជំរុញលើកទឹកចិត្តពីក្រុមគ្រួសារ ដូច្នេះហើយខ្ញុំសូមឲ្យឪពុកម្តាយ បងប្អូន និងបណ្តាក្លិបផ្សេងៗជួយគាំទ្រដល់កីឡាការិនីយើងដើម្បីឲ្យពួកគេបានចូលរួមហ្វឹកហាត់ និងប្រណាំងកង់ឲ្យបានច្រើន»។
យ៉ាងណាក៏ដោយតាមរយៈការប្រកួតកង់ភ្នំ Cambodia MTB Series ចំនួន ៥ ដំណាក់កាលដែលបានបញ្ចប់កាលពីខែធ្នូ ឆ្នាំ ២០១៨ អ្នកស្រី ហេង ស៊ីវឡាង ដែលទទួលបានជយលាភីនៅក្នុងព្រឹត្តិការណ៍នោះដែរសប្បាយចិត្តពេលឃើញចំនួនកីឡាការិនីចូលរួមការប្រណាំងកង់បានកើនឡើង។
«កាលពីមុនមានតែខាងក្រសួងមហាផ្ទៃ និងក្លិបកង់ហោះទេដែលមានកីឡាការិនី ប៉ុន្តែឥឡូវនេះឃើញថាក្លិបផ្សេងៗទៀតបានព្យាយាមរកកីឡាការិនីមកប្រកួតដែរ ដែលធ្វើឲ្យចំនួនអត្តពលិកជាស្ត្រីមានការកើនឡើងពី ៥ នាក់ទៅជាង ១០ នាក់។ ប៉ុន្តែបើយើងចង់មានឱកាសឈ្នះបានមេដាយ នៅស៊ីហ្គេម ឆ្នាំ ២០២៣ គឺយើងត្រូវតែជំរុញគាត់ និងបង្ហាត់ពួកគាត់ចាប់ពីឥឡូវទៅព្រោះបើមានភាពយឺតយ៉ាវកម្រិតរបស់យើងនឹងនៅតែខ្សោយជាងកីឡាការិនីរបស់បណ្តាប្រទេសផ្សេងៗទៀត»។
បន្ថែមលើនេះកីឡាការិនី ហេង ស៊ីវឡាង ដែលជាអាជីវករលក់កង់ និងមានស្វាមីជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានគឺលោកឧកញ៉ា វង្ស ខាន់ពៅ នោះ បានបង្ហើបថាការជិះកង់ធ្វើឲ្យស្ត្រីមានភាពរឹងមាំទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងការជម្នះឧបសគ្គនៅក្នុងការរស់នៅប្រចាំថ្ងៃ។
អ្នកស្រីបានបញ្ជាក់ថា៖ «ក្រៅពីការប្រកួតប្រជែងរកមេដាយគឺកីឡាប្រណាំងកង់នេះបាននាំមកនូវសុខភាព និងជួយឲ្យស្ត្រីមានភាពរហ័សរហួនក្នុងការដោះស្រាយបញ្ហាដែលខ្លួនបានជួប ហើយនៅក្នុងការរស់នៅក៏អ៊ីចឹងថា គឺគាត់អត់មានការរារែកចិត្តក្នុងការធ្វើអ្វីមួយនោះទេ ដោយសារការជិះកង់បានជួយឲ្យគាត់មានទឹកចិត្ត និងស្មារតីរឹងមាំមិនចាញ់បុរសៗនោះទេ»៕