ភ្នំពេញ៖ កីឡាករកម្ពុជា យ៉េន ឌីណា (ប៉ោ ភារិទ្ធ) របស់សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់ ៦៣,៥ គីឡូក្រាម អមដោយប្រាក់រង្វាន់ ៤ ០០០ ដុល្លារ ជាមួយអ្នកប្រយុទ្ធថៃ Kolap Dam នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍នេះ។ ចំណែក ពុយ វណ្ណៈ ត្រូវប្រកួតដណ្តើមយកលេខ ៣ ជាមួយថៃ Loom Leng ខណៈប្រវត្តិប្រកួតក្នុងវគ្គជម្រុះ គឺកីឡាករកម្ពុជាទាំង ២ នេះ សុទ្ធតែចាញ់ថៃទាំង ២ នាក់នេះដូចគ្នា។
បើទោះបីជា យ៉េន ឌីណា ធ្លាប់ចាញ់ពិន្ទុ Kolap Dam ក្នុងវគ្គជម្រុះ ប៉ុន្តែការវិលមកជួបគ្នាជាថ្មីនៅវគ្គផ្តាច់ព្រ័ត្រនេះ ពិតជាលំបាកប៉ាន់ស្មាន ឬវាយតម្លៃលទ្ធផលមុនណាស់ ព្រោះវគ្គសំខាន់ និងទឹកប្រាក់ច្រើនយ៉ាងនេះ ពួកគេសុទ្ធតែមានយុទ្ធសាស្ត្រ និងកលល្បិចក្នុងការយកឈ្នះរៀងៗខ្លួន។
នៅក្នុងការប្រកួតលើកនេះ បើសិនគូប្រកួតវាយលុកខ្លាំងដូចគ្នានោះ ត្រឹមតែ ៣ ទឹក កម្លាំងរបស់ យ៉េន ឌីណា ស្រុតចុះតែម្ដង គឺអាចចាញ់ថៃ ព្រោះមួយរយៈនេះ ការវាយរបស់គេទំនងដូចជាមិនកាចដូចមុនៗទេ គឺសន្សំ និងថ្នមកម្លាំង ប៉ុន្តែមានស្នៀតកែងល្អ។ ចំពោះ Kolap Dam វិញ គេវ៉ៃដោយមិនសម្រុកខ្លាំងនោះទេ តែបើមានឱកាស គេនឹងបញ្ចប់គូប្រកួតឲ្យសន្លប់យ៉ាងលឿនបំផុត ដោយក្បាច់ទាត់ និងជង្គង់ខ្លី។
យ៉េន ឌីណា មានប្រវត្តិប្រកួតចំនួន ៧៧ ដង ឈ្នះ ៦៥ និងចាញ់ ១២ ដង ហើយគេធ្លាប់ឈ្នះខ្សែក្រវាត់ចំនួន ២ និងពានមួយចំនួនទៀតផងដែរ។ ចំពោះអ្នកប្រដាល់ថៃ Kolap Dam វិញមានប្រវត្តិប្រកួតចំនួន ១០៥ ដង ឈ្នះ ៨៩ ចាញ់ ១៥ និងស្មើ ១ ដង ហើយគេធ្លាប់ឈ្នះជើងខ្លាំងកម្ពុជាច្រើនហើយ។
លោក អេ ភូថង គ្រូបង្វឹករបស់ យ៉េន ឌីណា ប្រាប់ថា៖ «យ៉េន ឌីណា ហ្វឹកហាត់ពេញបាន ៣ សប្តាហ៍ ដើម្បីបំប៉នកម្លាំង និងបច្ចេកទេស ហើយក្បាច់ដែលអាចយកឈ្នះបានរបស់ឌីណា គឺស្នៀតកែង និងការខ្ចីកម្លាំងដៃគូ ដោយមិនវាយសម្រុកផ្តេសផ្តាសនោះឡើយ គឺវាយតាមប្លង់បច្ចេកទេសជាក់ស្តែង ដែលខ្ញុំជួយប្រាប់ពេលឲ្យទឹក។ ខ្ញុំរំពឹងឈ្នះ ៧០ ភាគរយ លើកីឡាករថៃ Loom Leng»។
ចំណែកគ្រូបង្វឹកកីឡាករថៃឈ្មោះ ថាញ់ វ៉ាឡេក បានប្រាប់ថា៖ «ខ្ញុំឈប់ធ្វើគ្រូបង្វឹក Kolap Dam ហើយ ប៉ុន្តែការប្រកួតនេះ ធ្វើទៅតាមកុងត្រាចាស់ជាមួយ SEATV ប៉ុណ្ណោះ គឺ Kolap Dam ហ្វឹកហាត់ខ្លួនឯង ក្រោមការគ្រប់គ្រងជាមួយលោក ថៃ អ៊ូ»។
ទោះជាយ៉ាងនេះក្តី លោក ថាញ់ វ៉ាឡេក បន្ថែមថា Kolap Dam មានប្រៀបជាង គឺមានភាគរយឈ្នះ យ៉េន ឌីណា ត្រង់ស្នៀតទាត់នេះតែម្តង។ លោកបន្ថែមថា បើវ៉ៃក្នុងភាពប្រហាក់ប្រហែលគ្នា គឺគេមិនឲ្យថៃឈ្នះនោះទេ។
ចំណែកឯ ពុយ វណ្ណៈ និង Loom Leng ត្រូវបានគេមើលឃើញថា ពុយ វណ្ណៈ ពិតជាលំបាកយកឈ្នះ ព្រោះ វណ្ណៈ ធ្លាប់ចាញ់កន្លងមក និងមានសមត្ថភាពចាញ់ស្នៀតជង្គង់កីឡាករថៃ។ ពុយ វណ្ណៈ ធ្លាប់ប្រកួត ៧៦ ដង ឈ្នះ ៥៦ ចាញ់ ១៨ និងស្មើ ២ ដង។ រីឯ Loom Leng ធ្លាប់ប្រកួត ៨៦ ឈ្នះ ៧០ ចាញ់ ១៥ និងស្មើ ១ ដង។
កីឡាករថៃ Loom Leng ទាត់ចេញបានល្អ ហើយមានអ្នកប្រដាល់ខ្មែរមិនតិចនាក់ទេដែលសន្លប់ដោយសារស្នៀតទាត់នេះ ហើយថៃម្នាក់នេះ ក៏ធ្លាប់ឈ្នះខ្សែក្រវាត់ពីសង្វៀន SEATV នេះផងដែរ ខណៈការប្រកួតនេះ អ្នកដណ្តើមបានលេខ ៣ នឹងទទួលបានប្រាក់រង្វាន់ ១ ៥០០ ដុល្លារ គឺតិចជាងអ្នកលេខ ២ ចំនួន ១ ០០០ ដុល្លារ ចំណែកអ្នកជាប់លេខ ៤ នឹងបានប្រាក់ ១ ០០០ ដុល្លារ៕