ភ្នំពេញ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ត្រូវបានសម្របសម្រួលថ្នាក់ដឹកនាំ និងបន្ថែមសមាជិកប្រតិបត្តិក្នុងអាណត្តិថ្មី សរុប ១៩ នាក់ ព្រមទាំងផ្តល់ឱកាសឱ្យគ្រួសារល្បុក្កតោគ្រប់និន្នាការ យកចិត្តទុកដាក់ និងចែករំលែកការងារ ដើម្បីភាពរីកចម្រើនក្នុងគោលដៅធ្វើឱ្យកីឡាបុរាណខ្មែរមួយនេះ មានលទ្ធផលល្អក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ នៅកម្ពុជា។
ជាមួយគ្នានេះ ការប្រកួតថ្នាក់ជាតិ ឆ្នាំ ២០២០ ដែលមានវិស័យឯកជនជួយឧបត្ថម្ភ និងបានបញ្ចប់កាលពីថ្ងៃអាទិត្យនោះ គឺឃើញមានលទ្ធផលល្អប្លែក ៥ ចំណុច ស្របពេលថ្នាក់ដឹកនាំមួយចំនួនបានលះបង់តួនាទីខ្លះ ដោយចែករំលែកការទទួលខុសត្រូវរួម ដើម្បីល្បុក្កតោ គឺជាតិខ្មែរសំខាន់ជាង។ នេះជាគំនិតផ្តួចផ្តើមរបស់ លោក វ៉ាត់ ចំរើន។
ចំពោះគណៈកម្មាធិការប្រតិបត្តិក្នុងអាណត្តិទី៥ ដែលត្រូវបានសម្រេចដោយមហាសន្និបាតកាលពីថ្ងៃសុក្រ មានដល់ ១៩ នាក់ ក្នុងងនោះ លោក ច័ន្ទ សារុន បន្តជាប់ជាប្រធាន លោក កែវ រ៉េមី ជាអនុប្រធានទី១ រីឯលោកព្រឹទ្ធាចារ្យ សាន គីមស៊ាន លោក ហុក ឈាងគីម និងលោក ហេង ម៉េងហួ ជាអនុប្រធាន លោក វ៉ាត់ ចំរើន ដែលធ្លាប់ជាអនុប្រធានមកធ្វើជាអគ្គលេខាធិការវិញ។
ចំណែកលោកអគ្គលេខាធិការ អ៊ួ តារា មកកាន់តួនាទីជាអគ្គលេខារង ជាមួយនឹងលោក ជា សុខគួង និងលោក សាន អង្គររាជវ័ន្ទ ហើយលោក វី តារ៉ា ជាអគ្គហេរញ្ញិក។ ចំពោះសមាជិកប្រតិបត្តិបន្ថែមមានលោក ឡាយ រ៉ៃយ៉ុង លោក រឿន រស្មី កញ្ញា រឿន សុម៉ានិច លោក ញ៉ែម ស៊ន លោក ងួន សុជាតិ លោក ហែម ចិត្ត្រា លោក ហុក ភារម្យ លោក ចាន់ ឫទ្ធិស័ក្តិ និងលោក ដេ រិច។
លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «កីឡារីកចម្រើនទៅបាន គឺការរួបរួមគ្នាតែមួយ ដើម្បីប្រយោជន៍ជាតិហើយសម្រាប់ការប្រកួតថ្នាក់ជាតិ លើកនេះយើងសង្កេតឃើញថា ទទួលបានការរីកចម្រើន និងមានការប្លែកនូវ ៥ ចំណុច គឺទី១ ប្រាក់រង្វាន់មានការកើនឡើង ដែលម្ចាស់មេដាយមាសខ្លះ យើងផ្តល់ជូនបានរហូតដល់ ៨០ ម៉ឺនរៀល (បូកបន្ថែមតម្លៃខ្លួនប្រកួតផង) ចំណែកមេដាយប្រាក់ និងសំរឹទ្ធ ក៏មានការកើនឡើង»។
លោកបន្តថា ទី២ គឺក្រោយពីយើងបើកវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាល យើងកាត់ក្តីមានប្រសិទ្ធភាពល្អ យុត្តិធម៌ ត្រឹមត្រូវ តាមវិជ្ជាជីវៈ ដោយភាគីចាញ់ គ្មានការតវ៉ាដូចមុន ទី៣ វិញ្ញាសាប្រយុទ្ធ កើនឡើងស្រមតាមគោលដៅ ដោយយើងនឹងដាក់ឱ្យមានវិញ្ញាសានេះច្រើន ក្នុងស៊ីហ្គេម ទី៤ ទីលានប្រកួត យើងរចនាបានល្អ ដើម្បីស្តង់ដាសម្រាប់ប្រកួតលក្ខណៈអន្តរជាតិ ស័ក្តិសមតាមបច្ចេកទេស និងទី៥ ការប្រកួតថ្នាក់ជាតិនេះ មានសាលាគុន និងអត្តពលិកចូលរួមច្រើនជាងឆ្នាំមុនគឺ ១៩៣ នាក់ មកពី ២៤ សាលាគុន និង ១០ ខេត្តរាជធានី។
ចំណែកលោក វី ដារ៉ា អគ្គហេរញ្ញិក និងជាគ្រូបង្វឹកសាលាគុនសណ្ឋាគារទែរ៉ូ ឈ្មោះល្បុក្កតោរតនឦសានបានប្រាប់ថា៖ «ឆ្នាំនេះកូនសិស្សរបស់ខ្ញុំ មកពីខេត្តរតនគិរី ទទួលបានលទ្ធផលល្អណាស់ ដែលមិនធ្លាប់មាន។ និយាយទៅ ក្លិបនៅខេត្ត ដែលខ្ញុំបណ្តុះបណ្តាល គឺមកប្រកួត ៤ នាក់ បានមេដាយប្រាក់ចំនួន ៣ គឺជាមោទនភាពខ្លាំង របស់បងប្អូនជនជាតិភាគតិច នៅក្លិបរតនឦសានរបស់យើង»៕