ភ្នំពេញ: សហព័ន្ធកីឡារាំកម្ពុជា បានបញ្ជូនអត្តពលិកជម្រើសជាតិចំនួន ៩ រូប និងថ្នាក់ដឹកនាំចំនួន ២ រូបទៅចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់អាស៊ី នៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ខណៈយុទ្ធនាការនេះគ្រោងនឹងប្រារព្ធឡើងពីថ្ងៃទី ១៤ ដល់ទី ១៦ ខែកញ្ញា ឆ្នាំ ២០១៨។ ក្រុមអត្តពលិកកម្ពុជានឹងចេញដំណើរនៅថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកញ្ញា ឆ្នាំ ២០១៨។ នេះបើតាមការឲ្យ ដឹងពីលោកស្រីហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡា រាំកម្ពុជា កាលពីម្សិលមិញ។
លោកស្រីហង់ ស៊ីមន ដែលជាមន្ត្រីជំនាញផ្នែកកីឡានៅមជ្ឈមណ្ឌលកីឡាជាតិហ្វឹកហ្វឺនផងនោះ មានប្រសាសន៍ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «នេះជាលើកទី ១ ហើយដែលអត្តពលិករបស់កម្ពុជាយើងទទួលបានការអញ្ជើញឲ្យទៅចូលរួមចំនួន ៩ នាក់ និងថ្នាក់ដឹកនាំចំនួន ២ នាក់ ដើម្បីចេញទៅប្រកួតប្រជែងកម្រិតថ្នាក់អាស៊ីដែលឈ្មោះថា ADSF Asian Single Dance Sport Championship 2018 មានទាំងវិញ្ញាសាឯកត្តជន និងប្រកួតជាគូបុរសជម្រុះជាមួយនារីដែលគេហៅថាប្រកួតជាក្រុម»។
លោកស្រីបានបន្ថែមថា៖ «ប្រធានប្រតិភូគឺលោកស្រីស៊ីវ ឡេង អគ្គលេខាធិការរងសហព័ន្ធ និងគ្រូបង្វឹកជម្រើសជាតិនៃសហព័ន្ធកីឡារាំកម្ពុជាគឺលោកស៊ីវ តុង។ ជាមួយគ្នានេះដែរ សម្រាប់អត្តពលិកដែលប្រកួតប្រជែងក្នុងវិញ្ញាសាគូមានកីឡាការិនីព្រាប ដានីឡា គូជាមួយកីឡាករច័ន្ទ វ៊ិចទ័រ។ កីឡាការិនីសាន រូស្សា គូជាមួយកីឡាករសេង សុខគីម។ កីឡាការិនីម៉ូវ ដានីតា គូជាមួយកីឡាករម៉ូវ ដាវីន។ ចំណែកវិញ្ញាសាឯកត្តជនវិញ មានកីឡាការិនីហ៊ាន លក្ម្សី កីឡាការិនីយី អ៊ីលីង និងកីឡាករភុន ស៊ីវុត្រា»។
លោកស្រីហង់ ស៊ីមន បានឲ្យដឹងបន្ថែមថា៖ «ការចូលរួមនេះគឺជាការឆ្លើយតបតាមរយៈលិខិតអញ្ជើញចុះថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៨ របស់សមាគមកីឡារាំនៅទីក្រុងហុងកុង ដែលមានសមាជិកជាង ៤០ ប្រទេស ប៉ុន្តែការចូលរួមជាក់ស្តែងមិនទាន់ទទួលបានជាក់លាក់នោះឡើយ»។
ជាមួយគ្នានេះដែរ ការចេញទៅប្រកួតនៅក្រៅប្រទេសកម្រិតធំបែបនេះ ទទួលបានការចំណាយពីសហព័ន្ធកីឡារាំ និងគាំទ្រជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា។
ក្រុមអត្តពលិក និងប្រតិភូទាំងអស់គ្រោងចាកចេញពីមាតុប្រទេសទៅកាន់ក្រុងហុងកុងប្រទេសចិននៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៨ ខណៈដែលអ្វីៗ បានត្រៀមរួចរាល់អស់ហើយ។ ទាក់ទងទៅនឹងសកម្មភាពចេញប្រកួតនៅក្រៅប្រទេសកាលពីឆ្នាំ ២០១៧ ក្នុងព្រឹត្តិការណ៍ Beach Games កីឡារាំមានកំណត់ត្រាល្អគួរកត់សម្គាល់ ដោយទទួលចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោម ១៨ ប្រទេស។
សហព័ន្ធកីឡារាំកម្ពុជាបានបង្កើតឡើង និងមានការទទួលស្គាល់ឲ្យធ្វើសកម្មភាពពីស្ថាប័នគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ប៉ុន្តែសកម្មភាពចូលរួមមិនផុលផុស និងគ្មានការរីកចម្រើនអ្វីនោះឡើយ មានត្រឹមអត្តពលិកត្រឹម ៤ នាក់ប៉ុណ្ណោះ។
នៅក្នុងឆ្នាំ ២០១៧ សហព័ន្ធមានការផ្លាស់ប្តូរថ្នាក់ដឹកនាំថ្មី ដើម្បីកែទម្រង់ ពិសេសអគ្គលេខាធិការថ្មីគឺលោកស្រីហង់ ស៊ីមន មកដល់បច្ចុប្បន្ន ដោយមានអត្តពលិកសរុបដល់ទៅជាង ៦០ នាក់ និងមានក្លិបជាង ១០ ដែលកំពុងមានសកម្មភាពហ្វឹកហាត់បានល្អ។
លោកស្រីអគ្គលេខាធិការហង់ ស៊ីមន បានបញ្ជាក់ថា ក្រោយពីទទួលបានលទ្ធផលល្អពីការប្រកួតប្រជែងថ្នាក់អាស៊ីលើកនេះ សហព័ន្ធគ្រោងនឹងស្នើសុំអត្តពលិកល្អឲ្យបាន ចូលក្រុមជម្រើសជាតិឲ្យបានយ៉ាងតិចចំនួន ១០ នាក់ ក្នុងឆ្នាំ ២០១៩ ដើម្បីត្រៀមចូលប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន ដែលយើងរំពឹងទទួលបានមេដាយ ខណៈជម្រើសជាតិដែលក្រសួងបានផ្តល់កន្លងមកក្នុងឆ្នាំ ២០១៨ មានតែ ៤ នាក់ប៉ុណ្ណោះ៕