ភ្នំពេញ: សហព័ន្ធកីឡារាំកម្ពុជាបានរៀបចំការប្រកួតកីឡារំាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ ជាផ្លូវការកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិក ជាន់ទី៥ពេញមួយថ្ងៃ។
លោកស្រីស៊ី មន អគ្គលេខាធិការសហព័ន្ធរាំកម្ពុជា មានប្រសាសប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ការប្រកួតមានតែ១ថ្ងៃ នៅថ្ងៃអាទិត្យនេះទេ ដែលមានអត្តពលិករាំចំនួន៣៤នាក់ ក្នុងនោះមានស្រីចំនួន២២នាក់ ខណៈអត្តពលិកទាំងអស់មកពិក្លិបចំនួន៥មានក្លិបពន្លកថ្មី ញូត្រេន ចំប៉ឺស សាលា AIS និងសាលាវេសឡាញ»។
លោកស្រីបានបន្តថា៖ «ការប្រកួតជម្រើសជើងឯកនេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលគ្រប់គ្រងដោយសហព័ន្ធ និងគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡា»។
ទាក់ទងទៅនឹងវិញ្ញាសាប្រកួតវិញមាន៤វិញ្ញាសា ក៏ដូចជាក្បាច់រាំក្នុងការប្រកួតរួមមាន វិញ្ញាសាឯកត្តជន និងជាគូហៅ Latin dance (Single Dance) មានចង្វាក់ Samba ចង្វាក់ Cha-Cha-Cha ចង្វាក់ Rumba ចង្វាក់ Paso Doble និងចង្វាក់ Jive។
ចំណែកវិញ្ញាសាឯកត្តជន និងជាគូ Stand Art Dance (Single Dance) រួមមានចង្វាក់ Walls និងចង្វាក់ Qui-ckstep។
សហព័ន្ធកីឡារាំ ដែលបានបង្កើតសហព័ន្ធរយៈពេល ១០ ឆ្នាំមកហើយនោះ ទើបតែមានសកម្មភាពខ្លះៗ តែមិនទទួលបានលទ្ធផលល្អនោះឡើយ ប៉ុន្តែមួយរយៈចុងក្រោយនេះ បន្ទាប់ពីផ្លាស់ប្តូសមាសភាពថ្នាក់ដឹកនាំ ពិសេសពេលអ្នកស្រីស៊ី មន មកកាន់ជាអគ្គលេខាធិការនោះ ការចេញទៅប្រកួតក្រៅប្រទេសទទួលលទ្ធផលល្អ និងឈ្នះមេដាយជូនជាតិគួរឲ្យកត់សម្គាល់៕