ភ្នំពេញៈ កីឡាករ​ម៉ូតូទឹក សាលី អ៊ូមើត និង​កីឡាការិនី​​ជឺជីតស៊ូ ខាន់ ចេសា ​បាន​រួម​គ្នា​ដណ្តើម​បាន​មេដាយ​មាស ​២ និង​សំរឹទ្ធ ​​១​ ដើម្បីបំបែក​កំណត់​ត្រា​​​ប្រវត្តិសាស្រ្ត​ថ្មីឲ្យ​កម្ពុជា​ ក្នុងការ​ប្រកួត​កីឡា​អាស៊ី លើក​ទី​១៨ ឆ្នាំ ​២០១៨ (Asian Games) នៅ​ប្រទេស​​ឥណ្ឌូនេស៊ី ហើយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ចាត់​ទុក​ជ័យជម្នះ​ដ៏​ធំ​នេះ​ថា ជាមោទនភាពថ្មីមួយទៀត​សម្រាប់កម្ពុជា។

លោក​នាយក​រដ្ឋមន្រ្តី ​​ហ៊ុន សែន បានសរសេរ​បង្ហោះ​នៅ​ផេចហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក កាល​ពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា៖​«អបអរ​សាទរ! កម្ពុជា​ឈ្នះ​មេដាយ​មាស ​ជា​លើក​ទី ២ ​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) លើក​ទី ១៨ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​​នេះ​ជា​មោទនភាព​ថ្មី​មួយ​ទៀត សម្រាប់ប្រទេសកម្ពុជា ដែលកីឡាការិនី ខាន់ ចេសា និងកីឡាករ សាលី អ៊ូមើត ឈ្នះ​បាន​មេដាយមាស»។

កម្ពុជា បាន​បំបែកកំណត់​ត្រា​ប្រវត្តិសាស្រ្ត ចំពោះ​ការ​ឈ្នះ​បាន​មេដាយ​មាស ជា​លើក​ទី ​១ កាល​ពី​ឆ្នាំ ​២០១៤ គឺ​នៅ​ពេល​ដែល​វីរនារី​កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បាន​ឈ្នះ​មេដាយ​មាស ក្នុង​ប្រភេទ​ទម្ងន់​ ៦៧​ គីឡូក្រាម​ឡើង ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​លើក​នេះ ស៊ន សៀវម៉ី បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​៨​នាក់ ក្រោយ​ចាញ់​​កីឡាការិនី Osipova Svetlana របស់អ៊ូបេគីស្ថាន ជាមួយ​ពិន្ទុ ៥-៣ កាល​ពី​ថ្ងៃ​អង្គារ​ ទី ​២១ ខែសីហា​នេះ។

កីឡាករ​ សាលី អ៊ូមើត ​​បាន​បើក​បរម៉ូតូ​ទឹក​យ៉ាង​លឿន ដើម្បី​ឈ្នះ​មេដាយ​មាស​ឲ្យកម្ពុជា លើ​វិញ្ញាសា Ski Modified កាល​ពី​ថ្ងៃសៅរ៍។

យ៉ាង​ណា​ក៏ដោ​យ ​សម្រាប់​ការ​ប្រកួតកាល​ពី​ថ្ងៃ​សុក្រ កន្លង​មក​នេះ​ កីឡាការិនី​ខ្មែរ-អាមេរិក ខាន់ ចេសា (Jessa Khan) បាន​ធ្វើ​ឲ្យ​ប្រទេស​ក្នុងតំបន់​អាស៊ី មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង ខណៈ​​កីឡាការិនី​​មាន​វ័យ​ត្រឹម ​១៦ ​ឆ្នាំ​រូបនេះ បាន​ឈ្នះ​មេដាយ​មាស ក្នុង​ទម្ងន់​ក្រោម ​៤៩ ​គីឡូក្រាម ក្រោយ​ឈ្នះ​​កីឡាការិនី​អេវីរ៉ាត់​អារ៉ាប់​រួម Alhinaai Mahra ជាមួយ​ពិន្ទុ ១០០-០​នោះ។

ខាន់ ចេសា ដែល​មាន​ឱពុក​ឈ្មោះ Peter El Khan ជា​ជន​ជាតិ​ខ្មែរ​ កើត​នៅ​រាជ​ធានី​ភ្នំពេញ​ និង​ម្តាយ​ឈ្មោះ​ April Marie Khan ជាជន​ជាតិ​​អេស្ប៉ាញ ​បាន​​បង្ហាញ​ការ​រីក​រាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​ឈ្នះ​បាន​មេដាយមាស​នេះ។ នាង​បាន​សេរសេរ​បង្ហោះ​នៅ​លើ​ផេចហ្វេស​ប៊ុក​របស់​ខ្លួន​ថា៖ ​«​ខ្ញុំ​ជា​ស្រ្តី​ដំបូង​គេ ដែលបាន​ឈ្នះ​មេដាយ​មាស ក្នុង​កីឡា​ជឺជិតស៊ូ ក្នុងការ​ប្រកួត​​កីឡាអាស៊ី​នេះ ហើយ​ខ្ញុំ​ក៏ជា​ស្រ្តី​ដំបូង​គេ ដែល​បាន​ហ្វឹ​កហាត់កីឡា​ជឺជីតស៊ូ ផងដែរ»។

​កីឡាការិនី ​ដែល​ធ្លាប់​ឈ្នះ​បាន​​មេដាយ​មាស​ចំនួន​ ១៩ ក្នុង​ការ​ប្រកួត​លក្ខណៈ Champion ​ទាំង​កម្រិត​ពិភព​លោក និង​ថ្នាក់​តំបន់​​ ខាន់ ចេសា បាន​បន្ថែម​ថា៖ «​ខ្ញុំ​បាន​ប្រកួតចំនួន​ ៥​ ដង ដើម្បី​ឈ្នះ​មេដាយមាស​ឲ្យ​កម្ពុជា ហើយ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ខ្លាំង​បំផុត ហើយ​ជ័យ​ជម្នះដ៏​ធំ​​នេះ វាមិនមែន​សម្រាប់​តែ​ខ្ញុំ​ម្នាក់​ទេ ប៉ុន្តែ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំង​អស់ និង​គ្រួសារ​របស់​ខ្ញុំ»។

បន្ថែម​ទៅ​លើ​ការ​ឈ្នះ​មេដាយ​មាស​​​របស់​ ខាន់ ចេសា ​នេះ គឺ​កីឡាករ​ម៉ូតូទឹក សាលី អ៊ូមើត ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា កាន់​តែ​មានភាព​លេច​ធ្លោ នៅ​លើ​ឆាក​អន្តរជាតិ ​ខណៈ​រូប​គេ​បាន​ឈ្នះ​មេដាយ​មាស​ ១ និង​សំរឹទ្ធ ​១ ​​បន្ថែម​ទៀត។ អ៊ូមើត បាន​ឈ្នះ​មេដាយ​មាស​លើ​​វិញ្ញាសា Ski Modified និង​ឈ្នះ​មេដាយ​សំរិទ្ធ លើ​វិញ្ញាសា Runabout 1100 Stock។

ការ​ឈ្នះ​បាន​មេដាយ​មាស ​២ និង​សំរិទ្ធ ​១ ដែល​រក​បាន​ដោយ​កីឡាករ សាលី អ៊ូមើត និង​កីឡាការិនី ខាន់ ចេសា នេះ បាន​ជួយ​ឲ្យ​កម្ពុជា អាច​បំបែក​កំណត់​ត្រា​​ប្រវត្តិ​សាស្រ្ត ​៦៤ ​ឆ្នាំ នៃ​ការ​មិនដែល​ឈ្នះ​បាន​មេដាយ​មាស​ ២ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នេះ។ លើស​ពីនេះ​ជ័យជម្នះ​ដ៏​ធំ​នេះ បាន​ជួយ​ឲ្យកម្ពុជា កំពុង​ឈរ​នៅ​លេខ​​រៀងទី​ ១៧ ជា​បណ្តោះ​អាសន្ន ក្នុងចំណោម​ប្រទេស​ចំនួន​ ៣៣ ដែល​បាន​ឈ្នះ​មេដាយ​កីឡាអាស៊ី​លើក​នេះ៕