ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ដែលជាកន្លែងសម្រាប់ប្រមូលផ្តុំការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ និងរៀបចំការប្រកួតនៅលើប្រភេទកីឡាផ្សេងៗ ជាពិសេសកីឡាបាល់ទាត់នោះត្រូវបានអាជ្ញាធរយកទីតាំងនេះ សម្រាប់ដាក់ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ វិញម្តង។
ការសម្រេចយកពហុកីឡដ្ឋានជាតិជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ កម្រិតស្រាលនេះ ក៏ព្រោះតែបច្ចុប្បន្ននេះចំនួនអ្នកឆ្លងជំងឺកូវីដនៅរាជធានីភ្នំពេញ មានការកើនឡើងជាគំហុក ហើយតំបន់មួយចំនួន ដែលមានការឆ្លងខ្លាំងក៏ត្រូវបានរាជរដ្ឋាភិបាលដាក់ជា «តំបន់ក្រហម» ផងដែរ។
មន្ត្រីអ្នកមើលការខុសត្រូវនៅពហុកីឡដ្ឋានជាតិនៃក្រសួងអប់រំ យុវជន និងកីឡា លោក ហ៊ុន សាមុត នៅមិនទាន់ដឹងឱ្យប្រាកដថា ពហុកីឡដ្ឋានជាតិនឹងត្រូវដាក់អ្នកជំងឺកូវីដ១៩នៅថ្ងៃណា ហើយត្រូវបន្តរហូតដល់ពេលណានោះទេ ព្រោះនេះជាដែនសមត្ថកិច្ចរបស់អាជ្ញាធរ និងមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល។
យ៉ាងណាក៏ដោយប្រធាននាយកដ្ឋានអប់រំកាយ និងកីឡារូបនេះបានអះអាងថា នៅក្នុងជំហានដំបូងនេះ អាជ្ញាធរបានសម្រេចយកសាលដំបូលទូកចំនួន ៣ គឺសាលហ្វឹកហាត់របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា សាលរបស់សហព័ន្ធកីឡាចំបាប់កម្ពុជា និងសាលរបស់ខេមរៈសហព័ន្ធតេក្វាន់ដូ ព្រមទាំងវិមានពហុកីឡដ្ឋានជាតិ ដើម្បីដាក់អ្នកជំងឺកូវីដ១៩ ហើយនៅពេលនេះ ក្រុមកងកម្លាំង បាននិងកំពុងជួយរៀបចំទីតាំងទាំងនេះ និងដាក់គ្រែ សម្រាប់ឱ្យអ្នកជំងឺស្នាក់នៅ។
លោក ហ៊ុន សាមុត បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីព្រឹកថ្ងៃអាទិត្យនេះថា៖ «តាមការគ្រោង និងព័ត៌មាន ដែលខ្ញុំទទួលបានគឺយើងនឹងដាក់អ្នកជំងឺនៅសាលដំបូលទូកចំនួន ៣ និងនៅក្នុងវិមានពហុកីឡដ្ឋានជាតិ ហើយឥឡូវយើងកំពុងរៀបចំគ្រែ ដោយមានការចូលរួមជួយពីកងកម្លាំងយោធា តែគិតត្រឹមពេលនេះ យើងនៅមិនទាន់រៀបចំរួចរាល់នៅឡើយទេ»។
ជាមួយការយកស្តាតអូឡាំពិកមកធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩នេះ អាជ្ញាធរ និងក្រសួងសុខាភិបាល តម្រូវឱ្យក្រុមអត្តពលិកជម្រើសជាតិ និងអ្នកផ្សេងទៀត ដែលស្នាក់អាស្រ័យនៅក្នុងពហុកីឡដ្ឋានជាតិនេះ ត្រូវចាកចេញពីទីតាំងនេះទាំងអស់ ដើម្បីងាយស្រួលគ្រប់គ្រង និងកាត់ផ្តាច់ការឆ្លងជំងឺកូវីដ១៩ នៅក្នុងអំឡុងនៃការព្យាបាលនេះ។
យ៉ាងណាក៏ដោយ ដោយសារតែការប្រមូលផ្តុំនៃក្រុមជម្រើសជាតិ ឆ្នាំ ២០២១ នេះនៅមិនទាន់អាចហ្វឹកហាត់ជុំគ្នាបាន ដោយសារវិបត្តិជំងឺកូវីដ ហើយស្របពេលរាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅដែរនោះ អ៊ីចឹងការយកពហុកីឡដ្ឋានជាតិធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដនេះបានប៉ះពាល់ត្រឹមសហព័ន្ធ ៣ ប៉ុណ្ណោះ គឺមានកាយសម្ព័ន្ធ វាយសី និងហែលទឹក ដែលបន្តស្នាក់នោះរួមក្នុងពេលនេះ ចំណែកសហព័ន្ធ ឬក្រុមជម្រើសជាតិផ្សេងៗទៀតត្រូវបានដាក់ឱ្យហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន។
ជុំវិញបញ្ហានេះ លោក ហ៊ុន សាមុត បានបញ្ជាក់ថា៖ «សកម្មភាពហ្វឹកហាត់របស់ប្រភេទកីឡាមួយចំនួននៅពហុកីឡដ្ឋានជាតិនេះ យើងបានផ្អាក ដោយក្រសួងអប់រំ យុវជន និងកីឡាបានឱ្យហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ចំណែកប្រភេទកីឡា ដែលនៅសេសសល់តិចតួច យើងបានផ្ទេរពីពហុកីឡដ្ឋានជាតិ ឱ្យទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ អស់ហើយ»៕