ភ្នំពេញៈ កីឡាការិនីស្នូកឃ័រកម្ពុជា ដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង ឈ្មោះ ស្រួង ភាវី បានសាងឈ្មោះល្បីបន្ថែមទៀត ដោយដណ្តើមបានចំណាត់លេខ ១ ក្នុងការប្រកួតពានរង្វាន់ ប្រចាំឆ្នាំ ចំនួន ២ របស់ប្រទេសកូរ៉េខាងត្បូង គឺព្រឹត្តិការណ៍ Tournament of President Korea Sports Federation និងពានមួយទៀតឈ្មោះ The 3 cushion Tournament of Inje Omija នៅតំបន់អូមេហ្គា ខេត្ត Inje កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៨ និងថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៨ កាលពីពេលថ្មីៗនេះ។
កីឡាការិនី ស្រួង ភាវី បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្រោយការប្រកួតចប់ភ្លាម កាលពីយប់ថ្ងៃអាទិត្យថា សម្រាប់ការប្រកួត ដែលបានធ្វើឡើងតាំងពីថ្ងៃទី ២៤ ខែមីនាមកនោះ គឺមានលក្ខណៈតឹងតែងបំផុត ព្រោះបេក្ខភាពចូលរួមទាំង ៤០ នាក់ សុទ្ធតែអ្នកល្បីៗ ជាពិសេសការប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ជាមួយកីឡាការិនីចំណាត់ថ្នាក់ខ្លាំងៗ និងចំណាត់ថ្នាក់លេខ ២ ប្រចាំប្រទេសកូរ៉េខាងត្បូង។
ស្រួង ភាវី បានបន្តថា៖ «ទោះជាយ៉ាងណា ខ្ញុំ បានយកឈ្នះកីឡាការិនីលេខ ២ របស់កូរ៉េ Kim Bomi ដើម្បីឈ្នះជើងជើងឯកទាំង ២ ព្រឹត្តិការណ៍ មកគ្រប់គ្រងតែម្តង។ នេះជាការប្រកួតធំរបស់ប្រទេសកូរ៉េ គឺជើងឯកប្រចាំឆ្នាំ ប៉ុន្តែព្រឹត្តិការណ៍បែបៗនេះ ត្រូវបានធ្វើឡើងស្រដៀងគ្នា ២ ទៅ ៣ ដង ក្នុង ១ ឆ្នាំៗ»។
អ្នកស្រី ភាវី បញ្ជាក់ថា៖ «ការឡើងទៅជួបកីឡាការិនី Kim Bomi ដែលមានចំណាត់ថ្នាក់លេខ ២ ប្រចាំនៅកូរ៉េខាងត្បូង វាពិតជាការប្រកួតដ៏លំបាក ហេតុនេះជ័យជម្នះរបស់ខ្ញុំនេះ បានជួយលើកមុខមាត់ប្រទេសកម្ពុជា ជាថ្មីម្តងទៀត ហើយសូមឲ្យជួយត្រេកអរទាំងអស់គ្នា ព្រោះបើសិនខ្ញុំចាញ់ ក្នុងការប្រកួតនេះខ្ញុំនឹងធ្លាក់ទៅចំណាត់ថ្នាក់លេខ ២ ប្រចាំប្រទេសកូរ៉េខាងត្បូង តែពេលនេះខ្ញុំឈ្នះ នឹងនៅតែឈរនៅលេខ ១ ដដែល»។
គួរបញ្ជាក់ថា កីឡាការិនី ស្រួង ភាវី មានស្រុកកំណើត នៅក្រុងសួង ខេត្តត្បួងឃ្មុំ ប៉ុន្តែគាត់បានទៅរស់នៅ និងហ្វឹកហាត់កីឡាស្នូកឃ័រនៅប្រទេសកូរ៉េខាងត្បូង អស់រយៈពេល ៨ ឆ្នាំហើយ ដោយដណ្តើមបានជើងឯកថ្នាក់ជាតិ នៅប្រទេសកូរ៉េ ចំនួន ៣ ឆ្នាំជាប់ៗគ្នា និងពានចំនួន ៣។ តាមរយៈស្នាដៃរបស់កីឡាការិនី ស្រួង ភាវី កន្លងមក និងទិសដៅការប្រកួតលំដាប់ថ្នាក់អន្តរជាតិនានា គឺគាត់ចង់ប្រកួតតំណាងឲ្យកម្ពុជាជានិច្ច។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា៖ «យើងបានទទួលការណែនាំពីថ្នាក់ដឹកនាំកីឡា ជាពិសេសពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឲ្យមានសហព័ន្ធស្នូឃ័រឡើងវិញ ស្របតាមការរីកចម្រើនរបស់កីឡាការិនីឆ្នើមរបស់យើង គឺអ្នកស្រី ស្រួង ភាវី នៅកូរ៉េនេះឯង»។
លោកបន្តថា៖ «ស្នូឃ័រ ជាប្រភេទកីឡាពេញនិយមមួយ មិននៅក្នុងប្រភេទកីឡាអូឡាំពិកទេ ប៉ុន្តែបានបាត់សកម្មភាព ច្រើនឆ្នាំមកហើយ។ បច្ចុប្បន្នអូឡាំពិកកម្ពុជា កំពុងជំរុញឲ្យក្លិបមួយចំនួន បង្កើតជាសហព័ន្ធជាថ្មីឡើងវិញ ក្នុងនោះតាមរយៈសហការីយើង នឹងបង្កើតចេញជាសហព័ន្ធ នៅចុងខែមេសា ឆ្នាំ ២០១៨ ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការនៃការរីកចម្រើន ដើម្បីឈានទៅចូលរួមការប្រកួតថ្នាក់ពិភពលោកនានា ស្របតាមច្បាប់»៕