ភ្នំពេញ៖ កីឡាការិនីស្នូកឃ័រដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានបន្តសាងភាពល្បីល្បាញ និងនាំយកកិត្តិយសជូនជាតិជាថ្មីទៀត បន្ទាប់ពីលោកស្រីបានការពារតំណែងជើងឯកបានសម្រេច ក្នុងការប្រកួតកីឡាស្នូកឃ័រជើងឯកអាស៊ីផ្នែកស្ត្រី ឆ្នាំ ២០១៩ (The 2nd Asian Championship 3-Cushion Ladies) នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីកីឡាការិនីដ៏ឆ្នើមរូបនេះ បានឈ្នះទាំង ៦ ប្រកួតជាប់ៗគ្នា នៅមណ្ឌលកីឡាស្នូកឃ័រ Kuri Che yuk wan ក្រុងសេអ៊ូល ដែលបានបញ្ចប់កាលពីល្ងាចថ្ងៃអាទិត្យ។
លោក ជា វ៉ាន់សាន្ត គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ កីឡាស្នូកឃ័រ និងប៊ីយ៉ាកម្ពុជា ដែលមានវត្តមាន នៅប្រទេស កូរ៉េ នោះស្រាប់ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា ព្រឹត្តិការណ៍ប្រកួត The 2nd Asian Championship 3-Cushion Ladies នេះ មានកីឡាការិនីចូលរួមប្រជែងសុទ្ធតែឆ្នើមៗចំនួន ១៦ នាក់ ដែលប្រជុំសុទ្ធតែជើងខ្លាំង ពិសេសម្ចាស់ផ្ទះនៅកូរ៉េនេះតែម្តង ខណៈដែលវគ្គជម្រុះនោះ ជប៉ុនមានកីឡាការិនី ៦ នាក់ ម្ចាស់ផ្ទះកូរ៉េ មាន ៧ នាក់ វៀតណាមមាន ២ នាក់ ហើយកម្ពុជាមានតែ ភាវី ម្នាក់គត់។
លោកបានប្រាប់បន្តថា៖ «ជាលទ្ធផល គួរឲ្យមោទនភាពខ្លាំងបំផុតដែល ស្រួង ភាវី ធ្វើបានយ៉ាងល្អ ដោយដណ្ដើមបានជ័យជម្នះចំនួន ៦ ប្រកួតផ្ទួនៗ ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃសៅរ៍ និងអាទិត្យកន្លងមកនេះ ដោយក្នុងនោះ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ភាវី បានឈ្នះកីឡាការិនីម្ចាស់ផ្ទះកូរ៉េ Lim Kyun Ji និងវគ្គផ្តាច់ព្រ័ត្រឈ្នះ Yung Hyon Ji ទទួលបានមេដាយមាសប្រចាំព្រឹត្តិការណ៍នេះតែម្តង»។
កីឡាការិនី ស្រួង ភាវី ដែលមានស្រុកកំណើត នៅខេត្តត្បូងឃ្មុំនោះ បានប្រាប់ថា៖ «ខ្ញុំបានឈ្នះគ្រប់ការប្រកួតទាំងអស់ ដើម្បីទទួលបានមេដាយមាស ដែលនេះ ជាជ័យជម្នះលើកទី ២ ហើយ ដែលនាងខ្ញុំឈ្នះបានមេដាយមាសក្នុងព្រឹត្តិការណ៍នេះ ហើយការឈ្នះមេដាយមាសក្នុងនាមជាកីឡាការិនីតំណាងឲ្យសហព័ន្ធស្នូកឃ័រ និងប៊ីយ៉ាកម្ពុជា និងប្រទេស កម្ពុជា ខ្ញុំកាន់តែសប្បាយចិត្ត»។
កីឡាការិនីមានស្វាមី ជាជនជាតិកូរ៉េ ស្រួង ភាវី បានបន្ថែមថា៖ «ខ្ញុំមានអារម្មណ៍រំភើបរីករាយជាខ្លាំង ដែលបាននាំមកនូវជ័យជម្នះ និងលើកទង់ជាតិកម្ពុជា បង្ហាញលើឆាកអន្ដរជាតិជាថ្មីម្តងទៀត។ លើសពីនេះ ខ្ញុំក៏បានអរគុណសហព័ន្ធកីឡាស្នូកឃ័រ និងប៊ីយ៉ាកម្ពុជា ដែលតែងតែយកចិត្តទុកដាក់សម្រាប់ខ្ញុំ ពិសេសប្រជាពលរដ្ឋកម្ពុជា ដែលតែងតែគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់នាងខ្ញុំ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក»។
គួរបញ្ជាក់ថា កីឡាការិនី ស្រួង ភាវី បានចាប់ផ្ដើមអាជីព ជាកីឡាការិនីស្នូកឃ័រ បន្ទាប់ពីនាងបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាជនជាតិកូរ៉េ ហើយរយៈពេលជាង ១០ ឆ្នាំ ភាវី បានឈ្នះមេដាយមាស ប្រាក់ សំរឹទ្ធ និងពានកិត្តិយសច្រើនណាស់។ នៅក្រោយពេលល្បីល្បាញនៅលើឆាកអន្តរជាតិនេះ ស្រួង ភាវី តែងតែគិតគូរជួយជ្រោមជ្រែងដល់សហព័ន្ធកីឡាស្នូកឃ័រ និងប៊ីយ៉ាងកម្ពុជា។
លោក ជា វ៉ាន់សាន្ត ដែលជាអ្នកប្រឹងប្រែងជួយបង្កើតឲ្យមានសហព័ន្ធនោះ បានប្រាប់បន្ថែមថា៖ «ស្រួង ភាវី បន្ទាប់ពីវិវត្តខ្លួនបានក្លាយជាកីឡាការិនីជើងខ្លាំងស្នូកឃ័រលំដាប់អន្ដរជាតិ នាងមិនបានភ្លេចប្រទេសកំណើតខ្លួនជាខ្មែរឡើយ ដោយ ស្រួង ភាវី តែងខិតខំចែករំលែកចំណេះជំនាញ និងធនធានបន្តិចបន្តួចដល់កុមារក្រីក្រ នៅកម្ពុជា ហើយមានឱកាសបានលើកទង់ជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍អន្ដរជាតិជាច្រើន ធ្វើឲ្យអន្តរជាតិមានការភ្ញាក់ផ្អើលនឹងវិស័យកីឡាស្នូកឃ័រកម្ពុជា»៕