ភ្នំពេញៈ កីឡាការិនីស្នូកឃ័រដ៏ឆ្នើមបំផុតរបស់កម្ពុជា ស្រួង ភាវី ដែលបានវិលមកមាតុភូមិកាលពីថ្ងៃទី ១៩ ខែកក្កដានោះបានយកថវិកាចំនួន ៥០០០ ដុល្លារមកប្រគល់ជូនសហព័ន្ធកីឡាស្នូកឃ័រ និងប៊ីយ៉ាកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាព និងដឹងគុណដល់សហព័ន្ធនេះដែលបានជួយឲ្យអ្នកស្រីអាចប្រកួតតំណាងកម្ពុជាពេញលេញ ហើយ ភាវី ក៏បាននាំសម្ភារសិក្សា និងគ្រឿងបរិភោគមួយចំនួនជូនដល់កុមារាកុមារី ដែលមានជីវភាពក្រីក្រនៅតាមបណ្តាខេត្តមួយចំនួនផងដែរ។
កីឡាការិនីវ័យ ២៨ ឆ្នាំ ស្រួង ភាវី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «ខ្ញុំមិនមែនជាអ្នកមានអ្វីទេជីវភាពរបស់ខ្ញុំនៅប្រទេសកូរ៉េគឺសាមញ្ញទទួលបានប្រាក់ពីការប្រកួតផ្សេងៗបន្តិចបន្តួច ប៉ុន្តែថវិកាដែលនាងខ្ញុំជួយឧបត្ថម្ភចំនួន ៥០០០ ដុល្លារដល់សហព័ន្ធនេះគឺជាការដឹងគុណដែលកន្លងមកសហព័ន្ធ និងបងៗ ពូៗ ជួយប្រឹងប្រែងបង្កលក្ខណៈឲ្យបានចេញប្រកួតកម្រិតពិភពលោកជាផ្លូវការតំណាងឲ្យប្រទេសកម្ពុជាយ៉ាងពេញលេញ ហើយទទួលបានចំណាត់ថ្នាក់ល្អ»។
តាមរយៈការប្រឹងប្រែងតស៊ូព្យាយាមហ្វឹកហាត់កីឡាស្នូកឃ័រ និងឡើងប្រកួតរយៈពេលជាង ១០ ឆ្នាំមកនេះ ស្រួង ភាវី បានខំប្រឹងអភិវឌ្ឍខ្លួនឲ្យក្លាយជាកីឡាការិនីលំដាប់ពិភពលោក និងធ្លាប់បានឈ្នះពានរង្វាន់ច្រើនបំផុតដោយសាងភាពល្បីល្បាញជូនសហព័ន្ធក៏ដូចជាប្រទេសជាតិទាំងមូលផងដែរ។ ស្នាដៃ និងសមត្ថភាពរបស់កីឡាការិនីស្នូកឃ័រដ៏ឆ្នើម ស្រួង ភាវី នាំឲ្យក្រុមហ៊ុន វិស័យឯកជន និងស្ថាប័នរដ្ឋនៅកូរ៉េបានជួយឧបត្ថម្ភគាំទ្រជាសម្ភារ និងថវិកាគួរកត់សម្គាល់ដើម្បីលើកទឹកចិត្ត។
ចំណែកការមកដល់ប្រទេសកម្ពុជា ៤ ថ្ងៃនេះ ស្រួង ភាវី បាននាំយកអាហារ សម្ភារសិក្សា ជូនដល់កុមារក្រីក្រតាមខេត្តមួយចំនួនមានខេត្តកណ្តាល ខេត្តត្បូងឃ្មុំ និងកំពង់ធំក្នុងគោលបំណងមនុស្សធម៌សុទ្ធសាធ ព្រោះ ភាវី ក៏ធ្លាប់ជាក្មេងក្រីក្ររស់នៅជនបទនានៅខេត្តកំពង់ចាមកាលពីកុមារភាពផងដែរ។
ដោយឡែកការប្រគល់ប្រាក់ ៥០០០ ដុល្លារជូនដល់សហព័ន្ធកីឡាស្នូកឃ័រ និងប៊ីយ៉ាកម្ពុជាត្រូវបានធ្វើឡើងនៅទីស្នាក់ការធនាគារ PPC Bank ផ្លូវនរោត្តម ខណ្ឌចំការមន កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ហើយជាមួយគ្នានេះលោក ម៉ារ៉ា សុជាតិ ជាអគ្គលេខាធិការសហព័ន្ធបានប្រាប់ថាលោកនឹងយកប្រាក់ ៥០០០ ដុល្លារនេះទៅរៀបចំការប្រកួតជើងឯកថ្នាក់ជាតិឲ្យបានជាលើកដំបូងក្នុងពេលឆាប់ៗខាងមុខនេះ។
ចំណែក ស្រួង ភាវី បាននិយាយបន្ថែមថា៖ «ខ្ញុំជាកូនកសិករក្រីក្រម្នាក់នៅខេត្តកំពង់ចាម (បច្ចុប្បន្នក្លាយជាខេត្តត្បូងឃ្មុំ) ដែលធ្លាប់រស់នៅក្នុងជីវភាពជនបទ ប៉ុន្តែពេលខ្ញុំបានរីកចម្រើនតាមរយៈលេងកីឡាដល់កម្រិតកំពូលនោះ ខ្ញុំប្តេជ្ញាមិនភ្លេចមាតុភូមិកម្ពុជានោះទេហើយបើមានលទ្ធភាព ខ្ញុំនឹងបន្តជួយសហព័ន្ធទៅតាមលទ្ធភាពដែលអាចជួយបាន ហើយនៅក្នុងស្រុកមានក្រុមហ៊ុនមួយចំនួនដូចជាភេសជ្ជៈបាកាស ធនាគារ PPC Bank បានជួយឧបត្ថម្ភដល់យើងខ្ញុំដែរ»។
ជាមួយការជួយជ្រោមជ្រែងនេះ ស្រួង ភាវី ដែលមានស្វាមីជាជនជាតិកូរ៉េនោះបានបញ្ជាក់ថា៖ «ខ្ញុំប្តេជ្ញាចិត្តថានឹងខំប្រឹងប្រែងហ្វឹកហាត់ឲ្យក្លាយជាកីឡាការិនីដ៏ល្អបំផុត ដើម្បីលេងតំណាងឲ្យប្រទេសជាតិគឺខ្ញុំនឹងមិនធ្វើឲ្យម្ចាស់ឧបត្ថម្ភ និងប្រជាជនកម្ពុជាខកបំណងនោះទេ។ ប៉ុន្តែខ្ញុំសុំអភ័យទោសដល់សាច់ញាតិ និងក្រុមគ្រួសាររបស់ខ្ញុំផងដែរ ដែលខ្ញុំពុំទាន់មានលទ្ធភាពជួយដល់ពួកគាត់នៅឡើយ គឺខ្ញុំសម្រេចជួយសហព័ន្ធសិន»៕