ភ្នំពេញ៖ អ្នកអង្គម្ចាស់ នរោត្តម ជេនណា រួមទាំងសមាគមសិល្បករខ្មែរ និងសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គមបានសន្យា និងអះអាងថា នឹងចូលរួមជួយជ្រោមជ្រែងលើកកម្ពស់ឱ្យប្រភេទកីឡារាំរបស់កម្ពុជាកាន់តែមានភាពល្បីល្បាញ ហើយអាចឈានទៅដណ្តើមបានមេដាយជូនជាតិលើឆាកអន្តរជាតិ ពិសេសការប្រកួតស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។
ការសន្យាជួយដល់សហព័ន្ធកីឡារាំកម្ពុជានេះ ត្រូវបានព្រះនាងតូច ជេនណា មានព្រះបន្តូលនៅពេលព្រះនាង ប្រកាសពីការយល់ព្រមធ្វើជារាជទូតសុច្ឆន្ទៈរបស់សហព័ន្ធនេះ នៅក្នុងពិធីបិទការប្រកួតកីឡារាំថ្នាក់ជាតិ ឆ្នាំ ២០២០ ដែលបានលើកមកធ្វើនៅវិមានពហុកីឡដ្ឋានជាតិកាលពីថ្ងៃអាទិត្យ ក្រោមវត្តមានរបស់ក្រុមសិល្បករ សិល្បការិនី និងអ្នកមុខអ្នកការជាច្រើនរូប ហើយលេខាផ្ទាល់របស់សម្តេចយាយ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏បានចូលរួមនៅក្នុងពិធីនេះផងដែរ។
នៅក្នុងពិធីបិទនោះ ព្រះនាងតូច ជេនណា បានមានព្រះបន្ទូលថា៖ «កន្លងទៅលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានផ្តល់កិត្តិយសយ៉ាងធំធេងណាស់ ដល់រូបខ្ញុំ ដោយបានដាក់សំណើទៅសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង់្ស ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីឱ្យខ្ញុំក្លាយជារាជទូតសុច្ឆន្ទៈរបស់សហព័ន្ធនេះ ហើយដោយមានការសម្រេចព្រះទ័យពីសម្តេច ព្រះមហិស្សរា នរោត្តម ចក្រពង់្ស និងរូបខ្ញុំផ្ទាល់ ដែលស្រឡាញ់លើកីឡានេះផង អ៊ីចឹងចាប់ពីពេលនេះតទៅ ខ្ញុំ នឹងក្លាយជារាជទូតសុច្ឆន្ទៈរបស់សហព័ន្ធកីឡារាំកម្ពុជានេះតែម្តង»។
អ្នកអង្គម្ចាស់ នរោត្តម ជេនណា មានព្រះបន្ទូលបន្ថែមថា៖ «ខ្ញុំសូមចូលរួមសកម្មភាពទាំងឡាយរបស់កីឡារាំតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យស្ថាប័នមួយនេះ មានភាពល្បីល្បាញជាបន្តទៀត ហើយក្នុងនាមខ្ញុំផ្ទាល់សូមចូលរួមគាំទ្រសកម្មភាពកីឡា ដើម្បីជាមោទនភាពជាតិ ជាពិសេសវិស័យកីឡារាំ ដើម្បីជាការលើកកម្ពស់វិស័យកីឡានេះ ឱ្យមានការរីកចម្រើន លូតលាស់ ដូចបណ្តាប្រទេសជឿនលឿនលើសកលលោក»។
ជាមួយគ្នានេះ អ្នកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានស្វាមីរបស់អ្នកស្រី គឺ លោក ហេង ឡុង ជាប្រធាននោះ ក៏បានអះអាងពីការចូលរួមជួយជំរុញ និងបំផុសបំផុលឱ្យកីឡារាំកម្ពុជា ឈានទៅរកការទទួលបានការគាំទ្រកាន់តែខ្លាំង ដើម្បីឱ្យក្រុមអត្តពលិកលើប្រភេទកីឡានេះ អាចឈានទៅរកការបង្កើតបានការភ្ញាក់ផ្អើលនៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ តាមរយៈការដណ្តើមឱ្យបានមេដាយជូនជាតិផងដែរ។
អ្នកស្រី ចន ច័ន្ទលក្ខិណា បាននិយាយនៅចំពោះមុខក្រុមអត្តពលិករាំថា៖ «មីង អ៊ំ ជាសិល្បករ សិល្បការិនី ដែលមានវ័យច្រើន កាន់តែទៅមុខ ដូច្នេះអ្វីដែលយើងបានជួយលើកស្ទួយនូវសិល្បៈវប្បធម៌ខ្មែរ ទាំងផ្នែកជាតិ និងអន្តរជាតិ គឺជាវត្តមាន និងជាឱកាសរបស់ប្អូនៗ ដែលជាទំពាំងស្នងឫស្សី ព្រោះថា កីឡារាំនេះ យើងបានបូកបញ្ចូលជាមួយកីឡា និងក្បាច់រាំ ដែលជាសិល្បៈមួយ មានទម្រង់ផ្សេងទៀតនៅក្នុងប្រទេសយើង»។
តារាភាពយន្តជើងចាស់រូបនេះ បានបន្ថែមថា៖ «សង្ឃឹមថា ស៊ីហ្គេមនៅឆ្នាំ ២០២៣ ប្អូនៗនឹងធ្វើឱ្យប្រជាជនខ្មែរក៏ដូចជាពិភពលោក មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលនូវកីឡារាំមួយនេះ ហើយចំពោះមីង អ៊ំ បង ដែលជាសិល្បការិនី ហើយក៏ជាប្រធានសមាគមសិល្បករខ្មែរ និងជាតំណាងឱ្យប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គមនឹងចូលរួមគាំទ្រផ្តល់ការលើកទឹកចិត្ត ផ្តល់ការពិភាក្សា និងជួយបំផុសបំផុលឱ្យបងប្អូនប្រជាពលរដ្ឋយើង មានការគាំទ្រដល់សហព័ន្ធកីឡារាំកម្ពុជាឱ្យបានកាន់តែខ្លាំងជាងមុន»៕