ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) លោក ជា ច័ន្ទបរិបូរណ៍ បានលើកឡើងថា ការបង្ហាញវត្តមានជាលើកដំបូងរបស់ក្រុម E-Spotrs ក្នុងការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេស ហ្វីលីពីន នៅចុងឆ្នាំ ២០១៩ នេះ យើងមិនមែនទៅយកបទពិសោធនោះទេ គឺយើងហ៊ានវាយតម្លៃ និងប្តេជ្ញាថា យើងទៅយកមេដាយជូនជាតិ។
លោក ជា ច័ន្ទបូរិបូរណ៍ បានថ្លែងថា៖ «នៅក្នុងតំបន់អាស៊ានយើងនេះ ក្រុមកម្ពុជាមានសមត្ថភាពប្រហាក់ប្រហែល ឬអាចក្រោមប្រទេសហ្វីលីពីន និងម៉ាឡេស៊ី តែបន្តិចប៉ុណ្ណោះហើយក្រៅពីនេះក្រុមកម្ពុជា ត្រូវបានវាយតម្លៃថា កម្ពុជាមានកម្រិតអាចប្រកួតប្រជែងស្មើដៃ និងលើប្រទេសមួយចំនួនទៀតផង»។
រដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ បានបញ្ជាក់ថា៖ «បើទោះបីជាយើងទើបបានចូលរួមការប្រកួតស៊ីហ្គេម ជាលើកទី១ ក្នុងឆ្នាំនេះ ប៉ុន្តែយើងមានគោលដៅច្បាស់លាស់ និងហ៊ានវាយតម្លៃ និងប្តេជ្ញាថា យើងមិនមែនទៅយកបទពិសោធទេ គឺទៅយកមេដាយជូនជាតិ។ ពីមុនៗ យើងយល់ដឹងពីកីឡាលេងរវាងមនុស្ស និងមនុស្ស, មនុស្ស និងឧបករណ៍ ឬ មនុស្ស និងសត្វ ប៉ុន្តែពេលនេះ គឺជាសម័យទំនើបមួយដែលមនុស្សលេងជាមួយឧបករណ៍បច្ចេកវិទ្យា ដោយប្រកួតគ្នាតាមរយៈការគិតប្រាជ្ញាស្មារតី»។
ការលើកឡើងរបស់លោក ជា ច័ន្ទបរិបូរណ៍ ត្រូវបានធ្វើឡើងនៅពេលសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានរកឃើញក្រុមម្ចាស់ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០១៩ គឺក្រុម Helheim បន្ទាប់ពីក្រុមមួយនេះ បានយកឈ្នះក្រុម ManVersion Pro ក្នុងវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសា Mobile Legends ដែលបានធ្វើនៅផ្សារទំនើបអ៊ីអន ២ កាលពីចុងសប្តាហ៍មុន។ ហេតុនេះ Helheim ជាក្រុមតំណាងឲ្យកម្ពុជាដែលនឹងត្រូវចូលរួមការប្រកួតស៊ីហ្គេម នៅហ្វីលីពីនលើកនេះ។
លោក ជា ច័ន្ទបរិបូរណ៍ បានបន្ថែមថា៖ «ភាពរីកចម្រើននៃបច្ចេកវិទ្យា គឺបានរុញកីឡា E-Sports ឲ្យមានសកម្មភាពលេចធ្លោ នៅលើពិភពលោក និងនៅកម្ពុជាផងដែរ ហើយកីឡាប្រភេទនេះ ត្រូវបានគេវាយតម្លៃថ្មីៗនេះថា មានភាពពេញនិយមខ្លាំង បន្ទាប់ពីបាល់ទាត់។ ជាមួយគ្នានេះ ក្រោយពីចំណាយពេលវេលា និងថវិកាជាច្រើន ដើម្បីប្រកួតប្រជែងមួយរយៈធំកន្លងមក សហព័ន្ធ បានរកឃើញបេក្ខភាពបញ្ជូនទៅប្រកួតស៊ីហ្គេមនៅហ្វីលីពីនហើយ គឺក្រុម Helheim»។
នៅក្នុងវិញ្ញាសាចំនួន ៥ ដែលត្រូវដាក់ឲ្យប្រកួតក្នុងស៊ីហ្គេម នៅហ្វីលីពីន ខាងមុខនេះ កម្ពុជាបានសម្រេចចិត្តដាក់តែក្រុម Helheim ១ ទេ ឲ្យចូលរួមដោយមានកីឡាករ ៥ នាក់ បម្រុង ១ នាក់។ ពួកគេនឹងត្រូវលេងនូវវិញ្ញាសា Mobile Legends ហើយសហព័ន្ធ ជឿជាក់ថា ក្រុម Helheim នឹងទទួលបានលទ្ធផលល្អ ព្រោះតាមរយៈការប្រកួតជើងឯកថ្នាក់ជាតិ ដែលមាន ១០០ ក្រុមចូលរួមលើកនេះ Helheim បានបង្ហាញការប្រកួតប្រជែងតាមប្រព័ន្ធ Online យ៉ាងល្អ ដោយទទួលបានជ័យជម្នះជាបន្តបន្ទាប់ មុនពួកគេយកឈ្នះក្រុម Man Version Pro នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីយកតំណែងជើងឯក និងប្រាក់រង្វាន់ ៥ លានរៀល៕