ភ្នំពេញ៖ នាពេលថ្មីៗនេះ កុមារីជាតារាចម្រៀង សម្តែងជាប់សែស្រឡាយរាជវង្សព្រះនាងតូច នរោត្តម ជេនណា កំពុងតែមានរាសីឡើងក្រឺតៗ ក្តោបបានឱកាសច្រើននៅលើវិថីសិល្បៈស្ទើរគ្រប់ទម្រង់ក្នុងប្រទេសរយៈពេលជិត ១ ឆ្នាំ ចុងក្រោយនេះ ក៏ទទួលលាភធំថ្មីប្រចាំឆ្នាំ ២០២០ ដោយសារក្រុមតារាចម្រៀង K-pop និងតារាសម្តែងកូរ៉េប្រុសរូបសង្ហាលោក លី មិនហូ មានគម្រោងរៀបចំការប្រគំតន្រ្តីអន្តរជាតិរវាងប្រទេសទាំង ២ នៅកម្ពុជាទៀតផង។
កុមារីជាតារាចម្រៀងពន្លកថ្មី ទើបមានព្រះជន្ម ៨ ឆ្នាំ ដែលទើបតែបានក្លាយជាទូតសុច្ឆន្ទៈវ័យក្មេងរបស់ក្រុមហ៊ុនទូរស័ព្ទ Cellcard និងលេចវត្តមានថតកុនភាគបុរាណរឿង «ទេពធីតាព្កុលមាស» របស់ទ្រង់សម្តែង សម្រាប់ចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ស៊ីធីអ៊ិននោះ ក៏កំពុងតែត្រៀមយាងចេញដំណើរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីជួបជាមួយក្រុមតារាចម្រៀង K-pop ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង ដែលទ្រង់សព្វព្រះទ័យគាំទ្រផងដែរ ក្រោយពីទ្រង់បង្ហើបពីក្រុមនានាទាំងនោះរួមមានដូចជា ក្រុម Momo Land ក្រុម Twice ក្រុម Black Pink និងតារាសម្តែងប្រុសល្បីលោក Lee Min Ho។
នេះបើយោងតាមកញ្ញា ហ៊ុយ ជេន្នី ជាសមាជិកក្រុមការងាររៀបចំដំណើរទស្សនកិច្ចនេះ ថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយ កាលពីពេលថ្មីៗនេះថា តារាចម្រៀងព្រះនាងតូច នរោត្តម ជេនណា នឹងយាងទៅធ្វើទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០។
សមិទ្ធផលដែលកើតចេញពីការមើលឃើញទេពកោសល្យសិល្បៈល្អរបស់ព្រះនាងតូច នរោត្តម ជេនណា កំពុងតែក្លាយជាភ្នាក់ងារភ្ជាប់ទំនាក់ទំនងនៃវប្បធម៌សិល្បៈរវាងប្រទេសទាំង ២ គឺកម្ពុជា និងកូរ៉េខាងត្បូង នេះក៏ត្រូវបានបណ្តាញសារព័ត៌មានប្រទេសកូរ៉េ www.nbnnews.co.kr ចុះផ្សាយផងដែរ កាលពីថ្មីៗកន្លងមកនេះ។
សារព័ត៌មាននេះ បានចុះផ្សាយថា វត្តមានព្រះនាងតូចខ្មែរដែលមានព្រះជន្ម ៨ ឆ្នាំ នរោត្តម ជេនណា កំពុងតែធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងតាមរយៈបណ្តាញសង្គមជាមួយអ្នកភ្ជាប់ទំនាក់ទំនងចំនួន ៨០ ម៉ឺននាក់ (800 000 followers) និងចំនួនអ្នកចូលមើលក្នុងបណ្តាញសង្គមយូធូប គឺមានចំនួន ៦ លាននាក់(6 million YouTube views)។
គេនៅចាំបានថា កាលពីឆ្នាំ ២០១៩ ក៏មានការបង្កើតនូវភាពភ្ញាក់ផ្អើលខ្លាំងពីសំណាក់ប្រិយមិត្តតាមបណ្តាញសង្គមហ្វេសប៊ុក និងយូធូប ជាមួយនឹងទឹកដមសំនៀងយ៉ាងពីរោះ ស្រទន់ធ្ងន់ បកស្រាយបទចម្រៀងដែលមានចំណងជើងថា «ដួងចន្ទ» របស់កុមារី នរោត្តម ជេនណា ខណៈពេលដែលទ្រង់ទើបតែមានវ័យ ៧ ឆ្នាំ ជាប់សែស្រឡាយរាជវង្សខ្មែរ ដែលទ្រង់គឺជាបុត្រីទី២ អ្នកអង្គម្ចាស់ នរោត្តម បុប្ផារី និងត្រូវជាចៅស្រីរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស់។
សម្រាប់ព្រះនាងតូច នរោត្តម ជេនណា ទ្រង់មានទេពកោសល្យ និងដុងពីកំណើតលើវិស័យសិល្បៈទាំងបុរាណ និងសម័យ ហើយទ្រង់ក៏ចេះនិយាយដល់ ៥ ភាសាឯណោះបានបញ្ចេញសូរសៀងនៃបទចម្រៀងថ្មីដំបូងមានចំណងជើងថា «ដួងចន្ទ» ដែលជាការនិពន្ធបទភ្លេងដោយលោក ណាំ ប៉ុណ្ណារ័ត្ន និងអ្នកតែងទំនុកច្រៀងវិញដោយ Kelly នៅផលិតកម្ម 7G Entertainment។ ខណៈក្រោយៗមកគេឃើញមានបទ «កន្ទ្រឹមខែចេត្រ» បទ «ក្តៅណាស់» និងពេលថ្មីៗនេះ ក៏ផ្ទុះមានការគាំទ្រលើបទចម្រៀងមួយដែលមានចំណងជើងថា «វាសនាធីតាព្កុលមាស» ដែលជាបទចម្រៀងថ្មី សម្រាប់ការចាក់ក្នុងខ្សែភាពយន្តបុរាណរឿង «ទេពធីតាព្កុលមាស» នោះក្នុងឆ្នាំ ២០២០ នេះ៕