ក្រុងស៊ីដនី៖ បទបញ្ជាផ្ទៃក្នុងចម្បងរបស់ក្លិបឆ្លាមខាំ «Bite Club» គឺ អស់លោកត្រូវជជែកជាមួយលោក ដេវ ភៀរសុន ជាមនុស្សជីវិតថ្លៃពីកចង្កូមឆ្លាមដែលបានផ្សារភ្ជាប់ទំនាក់ទំនងជាមនុស្សរាប់រយនាក់ជុំវិញពិភពលោក បំណងជួយយកអាសាគ្នាទៅវិញទៅមកឱ្យ «គេចផុតពីចង្កូមមច្ចុរាជ»។
បុរសអាយុ ៥៨ ឆ្នាំ ស្ទើរតែអស់ជីវិតកាលពីមួយទសវត្សរ៍មុននៅពេលសត្វឆ្លាមកំណាចមួយក្បាលខាំហែកដៃរបស់លោក អំឡុងពេលកំពុងលេងក្ដារលកក្បែរឆ្នេរភាគខាងកើតប្រទេសអូស្ដ្រាលី។
តាំងពីពេលមិត្ដភក្ដិទាញរូបលោកឡើងគោកឱ្យរួចផុតពីចង្កូមឆ្លាមតែ ៣ ម៉ែត្រ ដែលវាប៉ុនប៉ងខាំមុនពេលចុះចាញ់ លោកបាននិងកំពុងបន្ដកិច្ចការជួយអ្នកដទៃឱ្យគេចផុតពីការវាយប្រហារដ៏អាក្រក់នេះ។
បុរសអូស្ដ្រាលីបាននិយាយប្រាប់ AFP ទាំងខ្លួនទទឹកជោគអំឡុងពេលលេងកីឡានៅទីឋានធ្លាប់ទទួលរងគ្រោះថា៖ «ជីវិតខ្ញុំគឺសេសសល់ពីការវាយប្រហាររបស់ឆ្លាម។ តើដឹងទេថា បើមានឆ្លាមវាយប្រហារនរណាម្នាក់នៅក្នុងលោកនេះ ខ្ញុំនឹងដឹងហេតុការណ៍នោះមិនខាន»។
លោក ភៀរសុន គឺជាស្ថាបនិក Bite Clubជាក្រុមអ្នករួចជីវិតពីចង្កូមឆ្លាម ដែលបច្ចុប្បន្នបានបូកបញ្ចូលអ្នករងគ្រោះពីសត្វឆ្កែ ក្រពើនិងថែមទាំងដំរីទឹកវាយប្រហារផងដែរ។
សមាជិករបស់ក្រុមនេះ កើនឡើងជិត ៤០០ នាក់ តែងតែជួបជុំគ្នាយ៉ាងតិចម្ដងក្នុងមួយឆ្នាំតែអ្នកខ្លះជួបញឹកសម្រាប់ការលេងក្ដារលក ខណៈសមាជិកដទៃទៀតនៅតែរក្សាទំនាក់ទំនងគ្នាតាមរយៈបណ្ដាញសង្គម។
ក្លិបដើរតួនាទីជាបណ្ដាញអ្នករួចជីវិតពីសេចក្ដីស្លាប់ដើម្បីស្វែងរកការគាំទ្រពីក្រុម នៅពេលពួកគេត្រូវការបំផុត ហើយលោកភៀរសុនបានឱ្យដឹងថា លោកចំណាយពេលស្ទើរតែពេញមួយយប់ជជែកជាមួយសមាជិកយ៉ាងតិចម្នាក់តាមទូរស័ព្ទ។
ការវាយប្រហារដ៏អាក្រក់ ដែលទទួលបានពីការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ អាចបង្កផលប៉ះពាល់ដល់ជនរងគ្រោះ អ្នករួចជីវិត សាច់ញាតិ និងក្រុមសង្គ្រោះអស់រយៈពេលជាច្រើនឆ្នាំ ហើយករណីខ្លះ វាក៏បង្កជាជំងឺបាក់ស្បាតថែមទៀត។
ទាំងនោះរួមទាំងលោក រ៉េយ៍ សត ដែលកាលពីអាយុ ១៣ ឆ្នាំ ក្នុងឆ្នាំ ១៩៦៦ ពេលឆ្លាមមួយក្បាលបានខាំហែកជើងរបស់លោក ពេលកំពុងហែលទឹកក្បែរទីក្រុង វូលឡុងហ្គុង។
លោក សត បានឱ្យដឹងថា៖ «វាគ្រាន់តែជាអ្វីដែលមិនធ្លាប់ដឹងសោះ ពេលខ្ញុំនៅក្មេង។ បើបានជួប ឬឮពីជនរងគ្រោះចំពោះវាយប្រហាររបស់សត្វឆ្លាមមួយ ឬពីរករណី វាក៏ល្អដែរ។ ពេលនេះ យើងមានក្រុមដែលអាចជជែក និងប្រាស្រ័យទាក់ទងគ្នាបាន»។
ការវាយប្រហាររបស់សត្វឆ្លាមនៅតែជារឿងកម្រ តែកាលពីឆ្នាំមុន វាបានធ្វើឱ្យក្រុមជួបការលំបាក នៅពេលមនុស្ស ៧នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ ២២ករណីជុំវិញប្រទេសអូស្ដ្រាលី។ នេះបើយោងតាមអង្គការសង្គមអភិរក្សតារ៉ុងហ្គា។
យោងតាមទិន្នន័យសកលពីកម្មវិធីស្រាវជ្រាវឆ្លាមនៃសារមន្ទីរប្រវត្ដិសាស្ដ្រធម្មជាតិរដ្ឋ Florida បានបង្ហាញថា អូស្ដ្រាលីត្រូវបានចាត់ទុកជាប្រទេសដ៏គ្រោះថ្នាក់បំផុតចំពោះហេតុការណ៍វាយប្រហារពីសំណាក់ឆ្លាមក្នុងឆ្នាំ ២០២០៕ AFP/HR