ភ្នំពេញ៖ កម្ពស់ ១ ម៉ែត្រ ៣ តឹក ទឹកមុខម៉ឺងម៉ាត់ជាវីរបុរសអភិរក្សខ្មែរ និងស្ថាបនិកវចនានុក្រមអក្សរជាតិ ចម្លាក់សម្ដេចសង្ឃរាជ ជួន ណាត ត្រូវបានផ្ចិតផ្ចង់សូនឆ្លាក់យ៉ាងលម្អិតស្ទើររកចន្លោះខ្វះគ្មាន។ ចាប់តាំងពីត្រចៀក ច្រមុះ ភ្នែក សរសៃអមស្នាមជ្រីវជ្រួញ គ្រងដោយស្បង់ចីវររំលេចស្នាមផ្នត់សម្ដេចសង្ឃហាក់ដូចកំពុង គង់នៅមានជីវិតរស់រវើក។
ចម្លាក់ដ៏ប្រត្សក្សនេះ គឺជាស្នាដៃជាងចម្លាក់លោក ប៊ិន ឆារ៉ាន់ បានរៀបរាប់ពីប្រវត្តិនៃការរៀន និងបទពិសោធរបស់លោកថា៖ «បើគិតទាំងរៀន និងចាប់អាជីពមកដល់ពេលនេះប្រហែល ២២ ឆ្នាំហើយ។ ដោយឪពុកខ្ញុំគាត់មានដុងខាងគូរ ខ្ញុំក៏ចេះតិចតួចដែរ»។
លោកបន្តថា៖ «ពេលឃើញឪពុកខ្ញុំគូរម្ដងៗ ខ្ញុំស្រឡាញ់ និងចាប់អារម្មណ៍មែនទែន ក៏សម្រេចចិត្តសុំគាត់ទៅរៀនជាមួយលោកគ្រូនៅអូររាំងឪកាលពីឆ្នាំ ១៩៩៨។ បានរយៈពេល ៦ ខែ ខ្ញុំក៏បន្តទៅរៀនជាមួយលោកគ្រូនៅភ្នំពេញ និងសៀមរាបបន្ថែមទៀត»។
តាំងពីបានរៀននៅរាជធានីភ្នំពេញ លោកក៏បានចេញដើរគូរបណ្ដើរៗតាមវត្តអារាម និងព្រះវិហារនានា ប៉ុន្តែអាជីពចម្លាក់ ដែលលោកចេះពីសាលាមរតកខ្មែរនៅសៀមរាបនោះ លោកមិនបានធ្វើជាអាជីពតែម្ដងទេ ព្រោះខ្វះឧបករណ៍។
លោក ប៊ិន ឆារ៉ាន់ មិនត្រឹមតែចេះតែគូរគំនូរលើក្រដាសប៉ុណ្ណោះទេ ថែមទាំងជាគំនូរផុស និងចម្លាក់ ទាំងលើដីឥដ្ឋ ឈើ ថ្ម ស្ពាន់ និងស៊ីម៉ងត៍។
លោកបានរៀបរាប់ថា៖ «ខ្ញុំអាចគូរ ឬក៏ឆ្លាក់បានត្រឹមតែមានរូបថត ឬរូបភាពមួយ ឬម្នាក់ហ្នឹងអង្គុយឱ្យខ្ញុំឆ្លាក់ក៏បាន។ សម្រាប់រូបសម្ដេចព្រះសង្ឃរាជ ជួន ណាត ភិរម្យ ក្រម ង៉ុយ និងព្រះបាទ ជ័យវរ្ម័នទី៧ គឺខ្ញុំធ្វើទាំងកម្ពស់ ទាំងទំហំប៉ុនគ្នាទាំងអស់»។
តម្លៃ គឺរូបទាំង ៣ ដែលលោកបានធ្វើដើម្បីបោះពុម្ពនេះលក់មួយក្នុងតម្លៃ ១ ០០០ ដុល្លារ គិតទាំងជើងតម្កល់ និងសេវាដឹកជញ្ជូន។ បើគ្មានជើងតម្កល់ គឺត្រឹមតែ ៨០០ ដុល្លារ។
ចំពោះគំនូរលើក្រដាសផ្ទាំងធម្មតាគឺ ១៥០ ដុល្លារ ៨ តឹក និង ១ ម៉ែត្រ ២ តឹក។ ចំពោះគំនូរលើជញ្ជាំងតាមវត្តផ្សេងៗគឺ ១ ម៉ែត្រការ៉េ ២៥ ដុល្លារ និងគំនូរផុស ៧០ ដុល្លារ។
ក្នុងចំណោមស្នាដៃរបស់លោកទាំងអស់ ជាងចម្លាក់ដែលសព្វថ្ងៃនៅខេត្តព្រៃវែងរូបនេះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «រូបសម្ដេចសង្ឃរាជ ជួន ណាត ជារូបដែលខ្ញុំពេញចិត្ត និងផ្ចិតផ្ចង់ខ្លាំងបំផុត។ រូបនេះខ្ញុំធ្វើក្នុងរយៈពេល ១ ខែ តែតាមពិតទៅ រូបមួយៗអាចបញ្ចប់ត្រឹម ១ សប្ដាហ៍ទៅ ១០ ថ្ងៃ»។
លោកបញ្ជាក់ទៀតថា៖ «តែដោយសារខ្ញុំរវល់នឹងការគូរច្រើនទើបឆ្លៀតបាន ១ ថ្ងៃត្រឹម ១ ម៉ោងទៅកន្លះម៉ោង»។
ចំពោះភាពលំបាកនៃការធ្វើចម្លាក់ លោកបានឱ្យដឹងថាស្ពាន់ គឺចំណាយពេលយូរបំផុតហើយក៏រឹងមាំបំផុតដែរ។
ប៉ុន្តែការដែលពិបាកទូទៅនៃចម្លាក់តាមព្រះវិហារមួយនោះ គឺគំនូរផុសលោកបានឱ្យដឹងថាវាត្រូវបៀកម្ដងបន្តិចៗ ត្រូវការពេលវេលាយូរចាំទាល់តែស្ងួតបន្តិចម្ដងៗទើបឆ្លាក់វាចេញជាច្រមុះ ភ្នែក និងបន្តបន្ទាប់។
ជាងនោះទៀត កិច្ចការធ្វើចម្លាក់ដ៏ល្អ គឺត្រូវការភាពស្ងប់ស្ងាត់ និងសមាធិ។
ក្នុងករណីមានមនុស្សច្រើនរញ៉េរញ៉ៃលោក ប៊ិន ឆារ៉ាន់ លើកឡើងថា លោកពិបាកនឹងប្រមូលអារម្មណ៍ណាស់។
ក្រោយពីបានបញ្ចប់ការធ្វើពុម្ពសម្ដេចសង្ឃ ជួន ណាត កន្លងមកឃើញថា មាន ៤ វត្តហើយដែលជាវស្នាដៃចម្លាក់លោក។ អតិថិជនរបស់លោកភាគច្រើនជាព្រះចៅអធិការ ពុទ្ធសាសនិក និងនាយកតាមបណ្ដាសាលារៀន។
ជាងចម្លាក់ និងជាងគំនូរវ័យ ៣៩ ឆ្នាំ ក៏ដូចជាជាឪពុកនៃកូន ៥ នាក់រូបនេះក៏បានឱ្យដឹងដែរថា៖ «អតិថិជនមានការពេញចិត្តលើស្នាដៃខ្ញុំណាស់ មានអតិថិជនជាច្រើនកុម្ម៉ង់ឱ្យខ្ញុំឆ្លាក់ និងគូរ ទាំងជារូបបែបលក្ខណ:គ្រួសារ រូបស្ដេច រូបវីរបុរស និងគំនូរទូទៅជាហូរហែទៀត»។
សព្វថ្ងៃលោកបានខិតខំបណ្ដុះបណ្ដាលប្រពន្ធរបស់លោក បងជីដូនមួយ និងកូនជាងម្នាក់ទៀត ដែលពេលនេះបានរៀនចេះច្រើនគួរសមអាចធ្វើអនុវត្តបានខ្លះៗហើយ។
លោក ប៊ិន ឆារ៉ាន់ ចង់ផ្ដាំផ្ញើដល់ជាងចម្លាក់ដទៃទៀតដែរថា៖ «ធ្វើអ្វីកុំគិតពីបញ្ហាថវិកាពេក ប្រឹងធ្វើវាដោយយកចិត្តទុកដាក់ បើយើងធ្វើល្អទីផ្សាររត់មករកយើង ហើយត្រូវធ្វើដោយផ្ចិតផ្ចង់»។
លោកក៏ទទូចថា៖ «សូមការគាំទ្រពីរដ្ឋាភិបាល និងបងប្អូនខ្មែរទាំងអស់ផងដែរ ដើម្បីឱ្យយើងនៅតែមានកម្លាំងចិត្ត។
សម្រាប់គោលបំណងនៅ ២ ទៅ ៣ ឆ្នាំ ខាងមុខ លោកបានបង្ហើបថា ហើយអ្នកដែលមានបំណងចង់ធ្វើរូបឪពុកម្ដាយហើយមិនដឹងរកអ្នកណាធ្វើឱ្យដូច លោកអាចធ្វើបានគ្រប់ទាំងអស់។ លោកក៏ចង់បង្កើតជាសមាគមមួយ ដើម្បីបង្រៀនដល់អ្នកជំនាន់ក្រោយដោយមិនយកប្រាក់ផងដែរ។
ជាងចម្លាក់រូបនេះបន្តទៀតថា៖ «ខ្ញុំចង់ឱ្យខ្មែរយើងបានរីកដុះដាលខាងផ្នែកសិល្បៈចម្លាក់ និងសូនរូប។ ប្រសិនបើពុកម៉ែបងប្អូន ក៏ដូចជានៅតាមបណ្ដាសាលា បើគាត់ពេញចិត្តស្នាដៃខ្ញុំ គាត់អាចស្នើថា ១ ខែ ឬ ២-៣ ខែ ម្ដងគាត់ចង់ឱ្យខ្ញុំបណ្ដុះបណ្ដាលផ្ទាល់ដល់អ្នកដែលមានដុង និងសិស្សដែលមានចំណាប់អារម្មណ៍»។
លោក ប៊ិន ឆារ៉ាន់ បន្តថា៖ «ខ្ញុំនឹងជួយបង្ហាត់បង្រៀនតាមអ្វីដែលបងប្អូនស្នើ ហើយបំណងចុងក្រោយធំរបស់ខ្ញុំ គឺចង់បង្កើតជាចម្លាក់ស្ពាន់ធ្វើរូបសម្ដេចនរោត្តម សីហនុ និងរូបសម្ដេចនរោត្តម សីហមុនី ខ្ញុំចង់ធ្វើឱ្យដូចរួចដាក់នៅក្នុងវាំង និងលោកស្ថាបនិក គន្ធបុប្ផា Beat Richner ផងដែរ»៕