ភ្នំពេញ៖ ធ្វើទាហានមិនមែនជាកិច្ចការងាយដូចបកចេកឡើយ។ វាទាមទារឲ្យមានការហ្វឹកហ្វឺន និងត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីឆ្លើយតបនឹងបញ្ហាផ្សេងៗនៅទូទាំងប្រទេស។
តាំងពីវ័យជំទង់ នៅពេលមៀច សិទ្ធិការ្យ ជេស៊ីការ្យ ឈានជើងចូលសាលាបណ្ឌិត្យសភាយោធាអាមេរិក West Point ដែលឃ្លាតឆ្ងាយពីភាពកក់ក្ដៅរបស់ក្រុមគ្រួសារ អ្នកស្រីបានឲ្យដឹងថា ខ្លួនពិតជាចង់បោះបង់ការសិក្សាចោលកណ្ដាលទី។ ប៉ុន្ដែអ្វីដែលជំរុញចិត្ដឲ្យបន្ដពុះពាររហូតទទួលបានជោគជ័យនោះ គឺទង់ជាតិនៅលើស្មានេះឯង។
សិទ្ធិការ្យ ជាកូនស្រីតែមួយគត់ជាមួយប្អូនប្រុសម្នាក់ទៀត ក្នុងគ្រួសារដែលឪពុកជាមន្ដ្រីរាជការ និងម្ដាយជាអ្នកជំនួញ ព្រមទាំងស្ដ្រីមេផ្ទះ បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «តាមចាំ ខ្ញុំខលប្រាប់ម៉ាក់ខ្ញុំថា ខ្ញុំឈប់ហើយលើសពី ៦ ដងអំឡុងពេលសិក្សា»។
អ្នកស្រីបន្ដថា៖ «មែនហើយ ខ្ញុំមិនបានបោះបង់ទេ។ ប៉ុន្ដែខ្ញុំពិតជាគិតចង់ឈប់មែនពេលជួបការលំបាកខ្លាំងពេក។ អ្វីដែលបន្ដជំរុញចិត្ដខ្ញុំឆ្ពោះទៅមុខគឺថា ខ្ញុំបានពាក់រូបភាពទង់ជាតិខ្មែរនៅលើស្មា ដែលមិនត្រឹមតែតំណាងឲ្យខ្លួនឯង ឬត្រកូល មៀច ប៉ុណ្ណោះទេ ប៉ុន្ដែជាតិមាតុភូមិលើឆាកអន្ដរជាតិផងដែរ»។
មិនត្រឹមតែស្ដ្រីរូបនេះទេ ដែលត្អូញត្អែរ សិស្សនាយទានទាំងស្រី ទាំងប្រុសដទៃទៀតក៏មានបំណងចង់បោះបង់ចោលកណ្ដាលទីផងដែរ។
សិទ្ធិការ្យ បានបញ្ជាក់ថា៖ «ខ្ញុំអាចបង់បោះឲ្យខ្លួនឯងបរាជ័យតែខ្ញុំមិនអាចឲ្យប្រទេសខ្ញុំបរាជ័យឡើយ។ ភាពបរាជ័យរបស់ខ្ញុំប្រាកដជាលើសពីបញ្ហាផ្ទាល់ខ្លួនខ្ញុំ ដូច្នេះខ្ញុំនៅតែខំបន្ដទៅមុខជានិច្ច»។
West Point ស្ថិតនៅលើទីតាំងដ៏ស្រស់ស្អាតបំផុតមួយដែល សិទ្ធិការ្យ បានឃើញ។ សាលាក៏ជាបន្ទាយបុរាណដែលចំទើតលើទីទួលខ្ពស់នៃភ្នំ និងព័ទ្ធជុំវិញដោយទន្លេ។ ប៉ុន្ដែក្នុងនាមជាកូនទាហានហ្វឹកហាត់ សិទ្ធិការ្យ គ្មានឱកាសបានរីករាយនឹងសម្រស់ធម្មជាតិព្រៃភ្នំឡើយ។
សិទ្ធិការ្យ បានឲ្យដឹងថា៖ «ជានិស្សិតបរទេសម្នាក់ទង់ជាតិ និងប្រភពដែលខ្ញុំមក គឺជាអ្វីដែលនិស្សិតនៅ West Point បានឃើញមុនគេ។ និស្សិតជាច្រើនងឿងឆ្ងល់ដោយសារអ្វីដែលពួកគេបានដឹងអំពីមាតុភូមិដ៏ស្រស់ស្អាតរបស់យើង គឺអតីតកាលដ៏ខ្មៅងងឹត»។
និស្សិតស្រីខ្មែរនៅ West Point ដំបូងបំផុតរូបនេះ បានណែនាំពួកគេនូវវប្បធម៌ ប្រពៃណីផូរផង់ រួមទាំងមុខម្ហូបខ្មែរ ដោយបានឲ្យដឹងថា៖ «ខ្ញុំមិនពូកែធ្វើម្ហូបទេ តែខ្ញុំព្យាយាមចម្អិនឲ្យពួកគេបានភ្លក្សម្ហូបខ្មែរយើង។ ទោះក្រោយបញ្ចប់ការសិក្សាមិត្ដរួមថ្នាក់ជាច្រើនបានមកលេងប្រទេសយើងទៅតាមអ្វីដែលខ្ញុំបានប្រាប់ពួកគេ»។
ដល់បច្ចុប្បន្ន មានបេក្ខជនកម្ពុជា ៦ នាក់បានសិក្សានៅសាលា West Point ដោយ ៣ នាក់ បានបញ្ចប់ការសិក្សា ម្នាក់បោះបង់ និង ២ នាក់ទៀតកំពុងបន្ដការសិក្សា។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវបានស្គាល់ជាបេក្ខភាពកម្ពុជាដំបូងដែលបានបញ្ចប់ការសិក្សានៅ West Point ក្នុងឆ្នាំ ១៩៩៩។
មៀច សិទ្ធិការ្យ ជេស៊ីការ្យ គឺជាយុវតីកម្ពុជាដំបូង និងតែមួយគត់រហូតដល់បច្ចុប្បន្ន ដែលបានបញ្ចប់ការសិក្សានៅ West Point ក្នុងឆ្នាំ ២០១១ ខណៈប្អូនប្រុស មៀច ជើររី សូវីសាល បានបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០១៤។
សិទ្ធិការ្យ បានបន្ដទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ក្នុងចក្រភពអង់គ្លេស និងបន្ដទទួលការបណ្ដុះបណ្ដាលនីតិកម្មបច្ចេកទេសនៅកម្ពុជា។
បច្ចុប្បន្ន អ្នកស្រី សិទ្ធិការ្យ អាយុ ៣២ ឆ្នាំ ដែលបានរៀបការក្នុងឆ្នាំ ២០១៥ គឺជាមន្ដ្រីយោធាបម្រើការងារផ្នែកនីតិកម្មរបស់ក្រសួងការពារជាតិ ក៏ជាសាស្ដ្រាចារ្យក្រៅម៉ោងផ្នែកច្បាប់នៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រ និងបានចូលរួមសេវាកម្មសហគមន៍ជាច្រើនទៀត។
បញ្ហាប្រឈមពេលសិក្សា
អ្នកស្រីគិតថា គ្រប់កូនទាហានទាំងអស់ប្រាកដជាឯកភាពថា West Point មិនមែនជាទីកន្លែងងាយស្រួលឡើយ។ ក្រៅពីកម្រិតនៃការសិក្សាជាន់ខ្ពស់ និស្សិតត្រូវផ្ដោតលើការហ្វឹកហ្វឺនយោធា និងបុគ្គលិកលក្ខណៈ។
១ ថ្ងៃ ២៤ ម៉ោង និស្សិតត្រូវមានសមត្ថភាពបត់បែនខ្ពស់បំផុត រួមទាំងពេលដំណេក ដែលកូនទាហានត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា។
សិទ្ធិការ្យ បាននិយាយថា៖ «ការរស់នៅ ការទទួលទាន ការដកដង្ហើមចេញចូល ការសិក្សា និងការចំណាយពេលវេលាជានាយទាហានដ៏មានវិន័យពិតជាមានតម្លៃសម្រាប់យោធាគ្រប់រូប។ រាល់បុគ្គលិកលក្ខណៈត្រូវសម្ដែងចេញឲ្យស្វាហាប់ ទាំងការឈរ ឥរិយាបថទទួលទាន របៀបរបបនៃការរៀបចំកន្លែងគេង សុទ្ធតែគោរពទៅតាមស្ដង់ដា»។
ស្ដ្រីដែលហ្វឹកហាត់ទាហានលូនក្រាប លោតឆត្រយោងរូបនេះ ឲ្យដឹងថា តាមធម្មជាតិស្ដ្រីខុសពីបុរស ជាពិសេសកម្រិតសមត្ថភាពរាងកាយ។
អ្នកស្រីបានលើកឡើងថា៖ «ខ្ញុំមានមាឌតូចជាងនិស្សិតជាច្រើនទៀត ដែលធ្វើឲ្យខ្ញុំមានការលំបាកចំពោះការហ្វឹកហ្វឺនផ្នែកកាយសម្បទា។ វាក៏ជាការលំបាកផងដែរ ពីព្រោះនាយទាហាននៅ West Point គ្មានការរើសអើងស្រី ឬប្រុសនោះទេ»។
អ្នកស្រីជឿថា ចាប់ពីការខ្វះមន្ដ្រីជាស្ដ្រីរហូតដល់រៀមច្បងជាស្ដ្រី និងក្ដីរំពឹងនៃការយល់យោគភាពជាស្ដ្រី (ដោយសារការយោគយល់ភាពជាស្ដ្រី ត្រូវបានចាត់ទុកជាបញ្ហាអសមត្ថភាព) មានការប្រឈមជាច្រើន។
ការគាំទ្រ និងលើកកម្លាំងចិត្ដពីក្រុមគ្រួសារ ពេលនៅជាកុមារភាព សិទ្ធិការ្យ ឃើញឪពុកទទួលការងារនៅក្រៅប្រទេសជាហូរហែ ខ្លួនក៏មានការងឿងឆ្ងល់ចុះហេតុអ្វីលោកបដិសេធ។
អ្នកស្រីបានប្រាប់ថា៖ «ខ្ញុំបានដឹងថា ដោយសារគាត់ត្រូវបំពេញភារកិច្ចក្នុងប្រទេស ដោយគាត់ជាបញ្ញាវន្ដ ដូច្នេះគាត់ត្រូវតបស្នងដល់មាតុភូមិរបស់គាត់វិញ»។
មិនខុសពីសាកលវិទ្យាល័យដទៃការសិក្សាជំនាញនាយទាហានជាន់ខ្ពស់នៅ West Point ផ្ដោតលើវិទ្យាសាស្ដ្រ និងជំនាញវិស្វកម្មសម្រាប់ដោះស្រាយបញ្ហាប្រឈមផ្សេងៗ។
សិទ្ធិការ្យ បានឲ្យដឹងថា៖ «West Point តម្រូវជំនាញនេះខ្លាំង ហើយខ្ញុំសិក្សាលើផ្នែកជំនាញគោលនីតិកម្មអន្តរជាតិជាមួយជំនាញបន្ថែមវិស្វកម្មបរិស្ថាន»។
យ៉ាងណាមិញ កូនស្រីតែ ១ គត់ក្នុងគ្រួសារនេះ ក៏បានទទួលការគាំទ្រ និងកម្លាំងពីអ្នកម្ដាយ ដែលតែងតែលើកទឹកចិត្ដចំពោះកូនរៀងរហូតមក។
អ្នកស្រី សិទ្ធិការ្យ និយាយថា៖ «កម្លាំងកាយ និងកម្លាំងចិត្ដដែលគាត់បានប្រគល់ឲ្យខ្ញុំ ធ្វើឲ្យខ្ញុំក្លាយខ្លួនជាស្ដ្រីសព្វថ្ងៃនេះ។ បើខ្ញុំចូលចិត្ដ និងប្រកួតប្រជែងផ្នែកកីឡា ឬសកម្មភាពបុរសៗ គាត់តែងតែគាំទ្រ និងលើកទឹកចិត្ដខ្ញុំជានិច្ច»។
ការត្រៀមខ្លួនឆ្ពោះទៅ West Pointសិទ្ធិការ្យ បានរៀបរាប់ពីដំណើរដើមទងអាចឈានជើងចូលសាលាយោធាកំពូលនេះ ដែលទាមទារទាំងចំណេះដឹង កាយសម្បទា និងបុគ្គលិកលក្ខណៈ ដើម្បីទទួលបានពិន្ទុអាចទទួលយកបានទៅតាមស្ដង់ដា។
អ្នកស្រីនិយាយថា យ៉ាងណាមិញ បេក្ខជនទទួលជោគជ័យតែងតែមានពិន្ទុលើសកម្រិតស្ដង់ដាទាបបំផុត និងការជាប់ជាបេក្ខជនបម្រុង (ក្រោយការសម្ភាសច្រើនដង) ពីព្រឹទ្ធសភារបស់ពួកគេ (សម្រាប់នាយទាហានអាមេរិក) ឬរដ្ឋមន្ដ្រីការពារជាតិ (សម្រាប់នាយទាហានបរទេស ដូចជាអ្នកស្រី)។
សិទ្ធិការ្យ បន្ដថា៖ «វាមានរយៈពេលជាង ១០ ឆ្នាំ ដែលខ្ញុំបានដាក់ពាក្យសិក្សា។ ដូច្នេះព័ត៌មាននេះទំនងជាមានការប្រែប្រួលខ្លះ តែមូលដ្ឋានស្នូលនៅតែដដែល»។
បេក្ខជននឹងបន្ដធ្វើតេស្ដជំនាញអាន សរសេរ និងគណិតវិទ្យា តេស្ដភាសាស្ដង់ដា និងទីបំផុតវាយតម្លៃសមត្ថភាពកាយសម្បទា។
អ្នកស្រីនិយាយថា ពេលឆ្លងផុតវគ្គទាំងនេះបេក្ខជនសក្ដានុពលនឹងបន្ដវគ្គសម្ភាសច្រើនដំណាក់កាលរហូតទទួលបានការជ្រើសតាំងពីរដ្ឋមន្ដ្រីការពារជាតិ។
ប៉ុន្ដែសេចក្ដីសម្រេចចុងក្រោយ គឺជាការសម្រេចចិត្ដរបស់សាលាយោធា West Point ទោះបេក្ខជននោះជាជនជាតិអាមេរិកយ៉ាងណាក៏ដោយ។
ការលើកទឹកចិត្ដដល់យុវជនជំនាន់ក្រោយ សិទ្ធិការ្យ បានចែករំលែកបទពិសោធដល់សិស្សប្អូនដែលមានបំណងសម្រេចគោលដៅដោយត្រូវមានការព្យាយាម ការប្ដេជ្ញាចិត្ដ និងការតស៊ូជាជាងដុងពីកំណើត និងឆ្លាតវៃ។
អ្នកស្រីបន្ថែមថា៖ «ការបរាជ័យ គឺជាការអភិវឌ្ឍខ្លួនតាមធម្មជាតិ។ បន្ដដំណើរឆ្ពោះទៅមុខ និងខិតខំពុះពារអស់ពីចិត្ដ ដើម្បីសម្រេចគោលដៅ ហើយខ្ញុំយល់ថា ប្អូនៗនឹងទទួលជោគជ័យ»។
អ្នកស្រីលើកទឹកចិត្ដឲ្យយុវជនចូលបម្រើកងទ័ពតាមបំណងប្រាថ្នា ពីព្រោះវាជាមុខវិទ្យាដ៏ល្អសម្រាប់យុវវ័យ និងជាទីបំផុតនៃការចេញដំណើរជីវិត។
មៀច សិទ្ធិការ្យ ជេស៊ីការ្យ បានបញ្ជាក់ថា៖ «ពីការស្រឡាញ់ជាតិមាតុភូមិ ការជួយអ្នកដទៃ សមត្ថភាពកាយសម្បទា សេចក្ដីសុចរិត និងការប្ដេជ្ញាចិត្ដ ខ្ញុំគិតថា នាយទាហានជាភារកិច្ចយ៉ាងអស្ចារ្យចំពោះការអភិវឌ្ឍយុវជន»៕