ក្រុងម៉ូស្គូ៖ ការផ្ទុះភ្នំភ្លើងលើឧបទ្វីបរុស្ស៊ីបានទាក់ទាញភ្ញៀវទេសចរចិត្ដសឿងដែលប្រថុយជីវិតទៅថតរូបសែលហ្វី ដែលបង្កក្ដីកង្វល់ពីក្រុមឆ្លើយតបនៃសេវាកម្មសង្គ្រោះបន្ទាន់នាពេលថ្មីៗនេះ។
ភ្នំ Klyuchevskaya Sopka នៅឧបទ្វីបភ្នំភ្លើង Kamchatka នៅភាគ Far East ប្រទេសរុស្ស៊ី ជាភ្នំភ្លើងខ្ពស់បំផុតក្នុងតំបន់ Eurasia លើរយៈកម្ពស់ ៤ ៧៥០ ម៉ែត្រ និងជាភ្នំភ្លើងដ៏សកម្មបំផុតមួយក្នុងលោក។
ភ្នំភ្លើងនេះបានផ្ទុះកាលពីខែមុននៅផ្នែកជម្រាលភាគពាយព្យភ្នំ ដែលបំភាយកម្អែលភ្នំភ្លើង និងបំផ្ទុះភ្លើងយ៉ាងកញ្ជ្រោល ដោយបន្តថមថយការបញ្ចេញកម្អែល ប៉ុន្តែនៅតែមានសកម្មភាពក្ដៅគគុកមកទល់សព្វថ្ងៃនេះ។
រយៈពេលប៉ុន្មានថ្ងៃនេះ ភ្ញៀវដែលចង់ដឹងចង់ឃើញ បាននាំគ្នាឡើងជម្រាលភ្នំភ្លើង ដើម្បីថតរូបសែលហ្វីនៅគែមជ្រលង បំណងរំលេចនូវផ្ទៃក្រោយកាមេរ៉ានូវរងើកភ្លើងផ្ទុះព្រួចៗ និងថែមទាំងនាំគ្នាយកសាច់ក្រកទៅអាំងថែមទៀត។
ក្រុមឆ្លើយតបបន្ទាន់នៃការផ្ទុះភ្នំភ្លើងកាមឆាតកា (KVERT) បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍ថា កាលពីថ្ងៃចន្ទ ការផ្ទុះយ៉ាងកក្រើកនៃភ្នំភ្លើងបានថមថយឥទ្ធិពល។
ឆ្លើយតបនឹងសកម្មភាពដ៏ប្រថុយប្រថាននេះ ក្រុមសង្គ្រោះបន្ទាន់បានព្រមានក្រុមភ្ញៀវចិត្ដសឿង ក្រោយពីរូបថតសែលហ្វីរបស់ពួកគេត្រូវបានផ្សព្វផ្សាយទូទាំងបណ្ដាញសង្គម។
ប្រធាន KVERT លោក អូលហ្គា ហ្គីរីណា ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន RIA Novosti ដោយបាននិយាយកាលពីសប្ដាហ៍មុនថា៖ «ពិតជាគ្រោះថ្នាក់ណាស់។ ទេសចរទាំងនោះពិតជាចិត្ដសឿងមែនទែន ហើយពួកគេក៏មានសំណាងណាស់ដែរ ដែលគ្មាននរណាម្នាក់ធ្លាក់ចូលក្នុងកម្អែល ឬត្រូវរងដុំភ្លើងដ៏ក្ដៅនោះ»៕ AFP/HR