
នំប៉ាវសំប៉ែតមូលចំហុយ ត្រូវបានផ្ដល់ពានដោយ Michelin និងជាប់ក្នុងបញ្ជីមគ្គុទេសក៍ម្ហូប Bib Gourmand. រូបថត AFP
ក្រុងតៃប៉ិ: ផ្សែងភាយឡើងទ្រលោម ខណៈអាជីវករលក់ម្ហូបតាមចិញ្ចឹមវ័យ ៨០ ឆ្នាំ លោក វូ ហួងយី បើកកម្របឆ្នាំងចំហុយសម្បកនំប៉ាវធំៗចំនួនពីរ។
វាជាវេលាអាហារថ្ងៃត្រង់នៅផ្សាររាត្រីហ៊ួស៊ី នៃទីក្រុងតៃប៉ិ ជាផ្សារចំណាស់បំផុត ហើយអតិថិជនបានឈរតម្រង់ជួររួចជាស្រេចនៅមុខតូបលោកតា វូ ដោយពួកគេអន្ទះសាចង់ភ្លក្សពោះជ្រូក ដែលជះក្លិនឈ្ងុយអន្ទងច្រុមុះអ្នកដំណើរ។
មេចុងភៅរៀនជំនាញចម្អិនម្ហូបខ្លួនឯង លោក វូ ពូកែខាងក្រឡាក់សាច់តាំងពីជាង ២០ឆ្នាំមកហើយ ហើយលោកនៅតែដើរផ្សារម៉ោង ៥ព្រឹករៀងរាល់ថ្ងៃ ដើម្បីទិញពោះជ្រូក ដែលលោកត្រូវរម្ងាស់ផាក់ឡូវរាប់ម៉ោងជាមួយគ្រឿងផ្សំរូបមន្ដពិសេស។

វេលាអាហារថ្ងៃត្រង់នៅផ្សាររាត្រីហ៊ួស៊ី នៃទីក្រុងតៃប៉ិ ជាផ្សារចំណាស់បំផុត តូបនំប៉ាវរបស់លោកតែងមានមនុស្សតម្រង់ជួរចាំទិញ។ រូបថត AFP
លោក វូ បាននិយាយថា៖ «សម្បកនំប៉ាវរបស់ខ្ញុំខុសប្លែកពីនំអ្នកដទៃ វាជាផលិតឡើងដោយដៃផ្ទាល់។ វាមានរសជាតិឆ្ងាញ់ពីព្រោះវាទន់ និងស្រួលទំពារ។ ការចម្អិនគ្រប់យ៉ាងត្រូវធ្វើតាមវិធីប្រពៃណី ហើយនោះជាមូលហេតុដែលវាឈ្ងុយឆ្ងាញ់ពិសេស»។
ដោយស្គាល់ជាភាសាចិនតៃវ៉ាន់ ហូហ្គាទី (ខ្លាខាំជ្រូក) ហ្គោបាវ គឺជានំប៉ាវសំប៉ែតមូលចំហុយ ដែលកាត់ញាត់សាច់ផាក់ឡូវ បន្លែជ្រក់ ជីវ៉ាន់ស៊ុយ និងសណ្ដែកដី។
វាមានរូបរាងស្រដៀងនឹងដុំលុយទូកបុរាណចិន ដូច្នេះ ហ្គោបាវ តំណាងឲ្យភាពចម្រុងចម្រើន និងត្រូវបានប្រើក្នុងពិធីជប់លៀងមង្គលការ និងពិធីសំខាន់ផ្សេងៗទៀត។

មេចុងភៅរៀនជំនាញចម្អិនម្ហូបខ្លួនឯង លោក វូ ពូកែខាងក្រឡាក់សាច់តាំងពីជាង ២០ឆ្នាំមកហើយ។ រូបថត AFP
ប៉ុន្ដែលោក វូ លក់នំនៅតូបរបស់លោកតម្លៃមិនដល់ ២ដុល្លារទេ ដែលសមាជិកគ្រួសារទាំងអស់ រួមទាំង ភរិយា និងកូនធំៗ ៣ នាក់ទៀត ក៏ដូចជាចៅប្រុសម្នាក់ផងដែរ ដែលបានជួយកិច្ចការនេះ។
កិច្ចខិតខំប្រឹងប្រែង និងការឧស្សាហ៍ព្យាយាមរបស់លោកបានទទួលលទ្ធផលជោគជ័យប្រាកដមែន។ ក្នុងខែនេះ លោកត្រូវបានទទួលស្គាល់ដោយអង្គភាពម្ហូបអាហារពិភពលោក Michelin និងជាប់ក្នុងបញ្ជីមគ្គុទេសក៍ម្ហូប Bib Gourmand ដែលត្រូវបានផ្ដល់ឲ្យភោជនីយដ្ឋានបម្រើម្ហូបកំពូលៗ ៣ មុខក្នុងតម្លៃមិនក្រោម ៣៤ ដុល្លារ។
តៃវ៉ាន់ ដែលសម្បូរទៅដោយប្រពៃណីម្ហូបអាហារ ក៏ដូចជាមានការនាំចូលប្រភេទអាហារសន្ធឹកសន្ធាប់ពីចិនដីគោកតាមរយៈសហគមន៍ជនជាតិចិន ពេលនេះមានភោជនីយដ្ឋានជាង ២០០ ស្ថិតក្នុងបញ្ជី Michelin៕ AFP/HR

លោក វូ លក់នំនៅតូបរបស់លោកតម្លៃមិនដល់ ២ដុល្លារទេ ហើយមុខរបរនេះមានការជួយពីសមាជិកគ្រួសារ។ រូបថត AFP