ភ្នំពេញៈ ធ្លាប់តែឃើញវត្តមានជាស្នាដៃសិល្បៈបុរាណម្យ៉ាងដែលខ្មែរនិយមហៅថា «សិល្បៈខ្មុកស្មាច់» រួមមានរំលេចតាមរយៈកងដៃ កងជើង មកុដ ខ្សែក្រវាត់ ខ្សែឆៀង និងក្បាច់ដេរប៉ាក់ដ៏ប្រណីតសម្រាប់ទ្រង់ជាគ្រឿងប្រដាប់ពាក់ជាមួយនឹងឈុតនៃសម្លៀកបំពាក់របាំបុរាណខ្មែរ តែមិនទាន់បានស្គាល់គ្រួសារជំនាញសិល្បៈនេះឡើយដោយមានប្រវត្តិបន្ត ២ ជំនាន់មកហើយ ដែលកំពុងតែល្បីទាំងក្នុង និងក្រៅប្រទេសទៀតផង។
ស្ត្រីខ្មែរដែលបានចាប់នូវជំនាញជាជាងខ្មុកស្មាច់ជាង ២ ទសវត្សរ៍ អ្នកស្រី គុម សុគន្ធា បានប្រាប់ពីប្រវត្តិនៃការចាប់អាជីពជាជាងខ្មុកស្មាច់ មានលក្ខណៈជាមុខរបរតជំនាន់នៃគ្រួសារនេះដែរថា៖ «បើនិយាយពីការប្រកបរបរជាជាងខ្មុកស្មាច់នេះគឺគ្រួសារនាងខ្ញុំបានបន្តតាំងពីជំនាន់លោកឪពុកមកម្ល៉េះដោយគាត់មានឈ្មោះ អន សុខ ដែលអតីតគឺជាគ្រូបង្រៀនជំនាញសិល្បៈសូនរូបផ្នែកជំនាញខ្មុកស្មាច់នេះ ហើយលោកក៏មានជំនាញបន្ថែមខាងដេរប៉ាក់សម្រាប់សម្លៀកបំពាក់នៃរបាំបុរាណ និងល្ខោនបាសាក់ក៏ដូចជាការដេរប៉ាក់ស័ក្តិនៃសម្លៀកបំពាក់សម្រាប់មន្ត្រីរាជការរបស់ខ្មែរយើងផងដែរ។
ក្រោយពីលោកពុកគាត់បានចែកឋានទៅនាងខ្ញុំ និងគ្រួសារក៏បានបន្តជំនាញនេះរហូតមកដល់សព្វថ្ងៃ។ សម្រាប់ការប្រកបមុខរបរជាជាងខ្មុកស្មាច់ និងដេរប៉ាកនេះគឺយើងបានចាប់ផ្តើមប្រកបតាំងពី ១៩៩០-៩១ មក»។
ស្ត្រីខ្មែរវ័យជាង ៥០ ឆ្នាំដែលបានបញ្ចប់ការសិក្សាជំនាញសិល្បៈសូនរូបពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងបានចាប់ប្រកបអាជីពជាជាងខ្មុកស្មាច់ និងដេរប៉ាក់លំដាប់ ជម្រើសស្នាដៃប្រចាំប្រទេស អ្នកស្រី គុម សុគន្ធា បន្តថា៖ «ពោលពួកយើងបានចាប់ដំណើរការប្រកបរបរនេះតពីលោកឪពុក ដែលមានជំនាញជាជាងខ្មុកស្មាច់ និងដេរប៉ាក់នោះតាំងពីគាត់បានចែកឋានមកម្ល៉េះ។ ចំពោះស្នាដៃសិល្បៈប្រភេទនេះគឺសឹងតែទាំងអស់ចេញពីការផលិតដោយគ្រួសាររបស់យើង គ្រាន់តែយើងមិនដែលធ្លាប់បានផ្សព្វផ្សាយពីមុនមក ហើយសម្រាប់ទស្សនៈខ្ញុំផ្ទាល់ ក៏មិនចង់ផ្សាយដែរ ដោយសារតែខ្លាចមានលេចឮពាក្យពេចន៍ថា យើងចង់ល្បីនោះឯងហើយសព្វថ្ងៃនេះក៏អ្នកមានស្គាល់ពីស្នាដៃសិល្បៈខ្មុកស្មាច់ និងដេរប៉ាក់របស់គ្រួសារយើងច្រើនជាងមុន ក៏ដោយសារតែមានបងប្អូនខ្លះបានមកដល់កន្លែងយើង ហើយបានថតរូប និងយកទៅផ្សាយតាមហ្វេសប៊ុកក៏ធ្វើឲ្យគេស្គាល់ច្រើនតៗគ្នាតែម្តង»។
ទោះបីជាមិនមានការរអ៊ូថា ការប្រកបរបរជាជាងខ្មុកស្មាច់ និងដេរប៉ាក់មានលក្ខណៈតជំនាន់នៃគ្រួសារនេះ មានផលលំបាកដល់ការចិញ្ចឹមគ្រួសារមែនក្តី តែសម្រាប់ជំនាន់ក្រោយដែលត្រូវជាកូនៗរបស់អ្នកស្រីហាក់ដូចជាពុំទាន់មានអ្នកណាចាប់អារម្មណ៍លើជំនាញនេះនៅឡើយ។ ចំពោះការធ្វើគ្រឿងសម្ភារខ្មុកស្មាច់គ្រប់សណ្ឋានទាំងនោះ ក៏មិនមែនជាកិច្ចការងារដែលមានភាពងាយស្រួលប៉ុន្មានទេហើយក៏មានរបស់ខ្លះត្រូវប្រើពេលវេលាយូររហូតដល់រាប់ខែទៀតផង ខណៈតម្លៃវិញគឺអាស្រ័យទៅលើទំហំ និងទ្រង់ទ្រាយរបស់វាដែរគឺមានតម្លៃចន្លោះពីទាបបំផុត ២០០ ដុល្លារទៅដល់ខ្ពស់បំផុតរាប់ពាន់ដុល្លារ។
ប្រសិនបើចង់កុម្ម៉ង់ ឬដឹងពីតម្លៃនៃសម្ភារណាមួយដែលខ្លួនស្រឡាញ់នោះ អាចទំនាក់ទំនងសួរតាមទូរស័ព្ទលេខ ០១២ ៤៥៤ ៣៥២ / ០១៧ ២២៥ ០២៦/ ០១៦ ៦៦៦៦ ៥០ ឬតាមហ្វេសប៊ុកដែលមានឈ្មោះថា Koiv Sokuntea ៕