
ទិដ្ឋភាពនៃការប្រារព្ធពិធីពិព័រណ៍សៀវភៅកាលពីឆ្នាំ ២០១៨ កន្លងមកនៅឯបណ្ណាល័យជាតិ។ រូបថត ហុង មិនា
ភ្នំពេញៈ ដោយសារតែចង់ពញ្ញាក់អារម្មណ៍បងប្អូនខ្មែរឲ្យកាន់តែស្គាល់បណ្ណាល័យជាតិក៏ដូចជាការរំឭកការចងចាំទៅដល់អតីតជាបណ្ឌិតអក្សរសាស្ត្រខ្មែរ និងជាស្ថាបនិកបានបង្កើតវចនានុក្រមខ្មែរដំបូងគឺសម្តេចសង្ឃ ជួន ណាត នោះ ទើបការប្រារព្ធទិវាអំណានលើកទី ៣ ឆ្នាំ ០១៩ នឹងប្រារព្ធធ្វើនៅទីតាំងក្នុងបរិវេណបណ្ណាល័យជាតិ ខណៈមានរៀបចំតាំងពិព័រណ៍សៀវភៅដូចជាការរៀបចំមហោស្រពពិព័រណ៍សៀវភៅកន្លងមកផងដែរ។
លោកស្រី ខ្លូត វិបុលឡា ប្រធានបណ្ណាល័យជាតិកម្ពុជាបានបញ្ជាក់ពីការរៀបចំទិវាអំណានឆ្នាំនេះថា៖ «ជាការប្រារព្ធធ្វើលើកទី ៣ ហើយសម្រាប់ទិវាអំណានរបស់ក្រសួងអប់រំ ខណៈខាងបណ្ណាល័យជាតិគ្រាន់តែជាចំណែកមួយនៃការសហការរៀបចំនូវទិវានេះតែប៉ុណ្ណោះ។ ទិវាអំណានដែលរៀបចំឡើងក្នុងគោលបំណងជំរុញសិស្សានុសិស្សក្នុងការអានសៀវភៅ និងលើកស្ទួយវិស័យការតែងនិពន្ធ និងបោះពុម្ពផ្សាយសៀវភៅនានា»។
ប្រធានបណ្ណាល័យជាតិរូបនេះបន្តថា៖ «ទិវាអំណាននេះនឹងធ្វើនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩ ខាងមុខដែលសម្រេចជ្រើសយកថ្ងៃប្រារព្ធចំថ្ងៃកំណើតរបស់សម្តេចសង្ឃ ជួន ណាត ដើម្បីរំឭកដល់កូនខ្មែរឲ្យចងចាំពីអ្នកប្រាជ្ញផ្នែកអក្សរសាស្ត្រខ្មែរ ហើយឆ្នាំនេះយើងនឹងរៀបចំធ្វើនៅបណ្ណាល័យជាតិនោះក៏ព្រោះតែចង់ពញ្ញាក់នូវអារម្មណ៍អ្នកអានក៏ដូចជាបងប្អូនមហាជនទូទៅកាន់តែបានស្គាល់បណ្ណាល័យជាតិកាន់តែច្បាស់ ព្រោះថាភាគច្រើននោះពួកគាត់ដូចជាមិនស្គាល់ឡើយ»។

សិស្ស និស្សិតចូលទស្សនាការតាំងពិព័រណ៍សៀវភៅឆ្នាំ ២០១៨។ រូបថតហុង មិនា
ខ្លាចមានការភាន់ច្រឡំថានឹងមានរៀបចំកម្មវិធីពិព័រណ៍សៀវភៅកម្ពុជារៀងរាល់ ៣ ខែម្តងដោយសារមានការលើកឡើងក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះតាមរយៈការសាកល្បងស្ទង់មតិពីមហាជនដោយការកំណត់ចង់បាននូវចំនួនចុច Like និង Comment គាំទ្រច្រើននោះទើបប្រធានបណ្ណាល័យជាតិ លោកស្រី ខ្លូត វិបុលឡា ក៏បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យច្បាស់ផងដែរពីការប្រារព្ធពិធីនៅខែមីនានោះ។
លោកស្រី ខ្លូត វិបុលឡា ជាប្រធានបណ្ណាល័យជាតិរូបនេះក៏បានបញ្ជាក់ដែរថា៖ «នេះមិនមែនជាការរៀបចំពិព័រណ៍សៀវភៅកម្ពុជាសាជាថ្មីម្តងទៀត ឬនឹងធ្វើឡើងរៀងរាល់ ៣ ខែម្តងនោះឡើយ។ តាមពិតទៅការរៀបចំនៅខែមីនាខាងមុខនោះគឺជាការប្រារព្ធធ្វើទិវាអំណានលើកទី ៣ របស់ក្រសួងអប់រំហើយខាងបណ្ណាល័យជាតិចូលរួមសហការរៀបចំឲ្យមានការដាក់តាំងពិព័រណ៍សៀវភៅ តែមិនដូចជាកាលយើងបានរៀបចំពិព័រណ៍សៀវភៅពីទី ៧-៩ ខែធ្នូ ឆ្នាំ ២០១៨ កន្លងមកនោះដែលមានចំនួនច្រើនថ្ងៃ ឬជាការរៀបចំបែបលក្ខណៈធំដុំដូចជាពិព័រណ៍សៀវភៅនោះទេ!»៕