ក្រុងហ្សាការតា៖ បាឡែនខ្នាតតូចចំនួន ៤៩ ក្បាល ដែលបណ្ដែតខ្លួនមកដល់ឆ្នេរឥណ្ឌូនេស៊ីកាលពីចុងសប្ដាហ៍ បានងាប់អស់ ៤៦ ក្បាល នៅសល់ត្រឹមតែ ៣ ក្បាល បើទោះជាក្រុមសង្គ្រោះខិតខំព្យាយាមជួយពួកវា។
ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បាឡែនព្រុយខ្លីយ៉ាងតិច ៤៩ ក្បាល បានបណ្ដែតខ្លួនមកដល់ឆ្នេរមួយនៅដែនកោះ ម៉ាឌូរ៉ា ស្ថិតនៅភាគខាងជើងចាវ៉ា។ នេះបើយោងតាមសេចក្ដីប្រកាសរបស់អាជ្ញាធរ។
ក្រុមអ្នកស្ម័គ្រចិត្តបានមកប្រមូលផ្ដុំគ្នាសង្គ្រោះ ដោយធ្វើសកម្មភាពជួយទាញបាឡែនទាំងនេះត្រឡប់ទៅសមុទ្រវិញ ខណៈដែលមនុស្សជាច្រើនទៀតឈរមើល និងថតសែលហ្វីជាមួយសត្វសមុទ្រនាឱកាសដ៏កម្រ។
ដោយអាចសង្គ្រោះបានត្រឹមតែ ៣ ក្បាល អភិបាលកោះចាវ៉ាខាងកើត លោក Khofifah Indar Parawansa បានចេញសេចក្ដីថ្លែងការថា៖ «ជីវិតបាឡែនទាំងនេះគួរតែត្រូវបានសង្គ្រោះត្រឡប់ទៅវិញជាហ្វូង»។
លោកបានបញ្ជាក់ថា អ្នកជំនាញបានយកបំណែកនៃខ្មោចបាឡែនដើម្បីធ្វើការស្រាវជ្រាវពីមូលហេតុដែលនាំឱ្យពួកវាងាប់។
លោកបានឲ្យដឹងទៀតថា បាឡែនដែលមានប្រវែងនីមួយៗប្រមាណ ពីជាង ៣ ទៅជាង ៥ ម៉ែត្រ នឹងត្រូវយកទៅកប់នៅតំបន់ឆ្នេរមានរលកទាប។
ចរន្តទឹកផ្ទុយគ្នានៅតំបន់ក្បែរឆ្នេរសមុទ្រ អាចបង្កគ្រោះថ្នាក់ដល់បាឡែន ដោយពួកវាអាចជាប់គាំងនឹងផ្កាថ្ម ឬថ្មនៃបាតសមុទ្ររាក់ៗ។
ការបំពុលបរិស្ថាន ការបោះចោលសំណាញ់ និងកាកសំណល់ប្លាស្ទិកអណ្ដែតនៅសមុទ្រ ក៏ជាកត្តាប្រឈមដ៏ធ្ងន់ធ្ងរដល់ជីវិតសត្វសមុទ្រផងដែរ។
កាលពីខែកក្កដា ឆ្នាំមុន បាឡែនពីឡុត ១០ ក្បាល ដែលមានប្រវែងជាង ៥ ម៉ែត្រ បានអណ្ដែតងាប់នៅក្បែរក្រុង គូប៉ាង ភាគខាងកើតខេត្ត នូសា តេងហ្គារ៉ា។
កាលពីឆ្នាំ ២០០៨ បាឡែន sperm whale មួយក្បាល ជាសត្វខ្នាតយក្ស ដែលអាចលូតលាស់រហូតដល់ប្រវែង ១៦ ម៉ែត្រ ត្រូវបានប្រទះឃើញងាប់នៅប្រទេសឥណ្ឌូនេស៊ី ដោយក្នុងពោះវាមានកែវប្លាស្ទិក ១០០ កែវ និងថង់ចំនួន ២៥ ថង់។
បញ្ហាយាយីជីវិតសត្វសមុទ្រដ៏ស្ដែងៗនេះបង្កក្ដីកង្វល់កាន់តែខ្លាំងអំពីវិបត្តិសំរាមនៅដែនកោះអាស៊ីអាគ្នេយ៍មួយនេះ៕ AFP/HR