ក្រុងប៉ារីស :ស្ថិតនៅជ្រុងម្ខាងនៃផ្លូវមួយក្បែរដែនកោះ Corsica ជាទីដែលក្សត្រ ណាប៉ូឡេអុង បូណាផាតេ ប្រសូតដែលជាសារមន្ទីរតូចមួយស្វាគមន៍ភ្ញៀវក្មេងៗឲ្យមកទស្សនាពីរឿងរ៉ាវរបស់អធិរាជបារាំងតាមរយៈឈុតឆាកត្រូវបានរៀបចំសម្ដែងជារូបតុក្កតាតូចៗ Playmobil រាប់រយតួអង្គ។
លោក Frederic Pierrot ជាសហគ្រិន IT វ័យ ៥៣ ឆ្នាំបានលើកយកគំនិតនេះមកកាលពីប៉ុន្មានឆ្នាំមុន ដើម្បីជាការគោរពចំពោះរាជបុត្រដ៏ល្បីល្បាញបំផុត នៅលើទីកំណើតនៃដែនសមុទ្រ មេឌីទែរ៉ាណេ ខណៈដែលលោកខិតខំស្រោចស្រង់កេរតំណែលប្រវត្តិសាស្ត្រឡើងវិញ តាំងពីពេលលោកអាយុទើប ១០ ឆ្នាំ។
លោកបាននិយាយសំដៅដល់សារមន្ទីរ ណាប៉ូរ៉ាម៉ា នៅទីក្រុងដែនកោះ អាចាកស៊ីយ៉ូ ថា៖ «ខ្ញុំចង់បានគំនិតដើមដែលមិនពាក់ព័ន្ធនឹងបច្ចេកវិជ្ជាឌីជីថលទំនើបអ្វីទាំងអស់»។
ដោយបានប្រើប្រាស់រូបតុក្កតា Playmobil ដែលលោកប្រមូលទុក លោក Pierrot ចាប់ផ្តើមតុបតែងសម្លៀកបំពាក់ក្រដាស ខ្សែធាងដូង និងថែមទាំងគ្រឿងលម្អកាយច្នៃដោយដៃផ្ទាល់ ដើម្បីរំលេចជាឈុតសម្លៀកបំពាក់បុរាណពិតៗ។
ក្នុងតម្លៃ ២០ អឺរ៉ូ (ជិត ១០ ម៉ឺនរៀល) អ្នកនិយមតុក្កតានេះអាចទិញតុក្កតាស្តេច ណាប៉ូឡេអុង ឬ មហេសី ចូសេពីន។
ចំពោះដំណើរទេសចរណ៍ លោក Pierrot បានធ្វើឲ្យភ្ញៀវមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយការរៀបរាប់រឿងនិទានខ្លីៗ អំពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងប្រវត្តិសាស្ត្រ។
លោកថ្លែងថា៖ «ពេលទ្រង់ព្រះជន្ម ១៣ វស្សា ស្តេច ណាប៉ូឡេអុងបានរៀបចំក្បួនចម្បាំង បាល់ព្រឹល រយៈពេល ៣ ថ្ងៃនៅឯសាលាយោធា Brienne នៅភាគឦសានប្រទេសបារាំង។ ចំពោះប្រវត្ដិវិទូ វាជានិម្មិតរូបគំរូសម្រាប់តួអង្គមេដឹកនាំអនាគត»។
បន្ទាប់ គឺការកសាងឡើងវិញដោយផ្ដើមចម្បាំង Siege of Toulon ឆ្នាំ ១៧៩៣ ដែលមេទ័ពវ័យក្មេងបានបង្ហាញអំពីសមត្ថភាពរៀបក្បួនយុទ្ធសាស្ត្រហើយនៅចុងបញ្ចប់ទ្រង់ត្រូវបានអភិសេកជាស្តេចនៅឆ្នាំ ១៨០៤។
លោក Pierrot បានលើកឡើងដោយសំដៅលើគម្លាតអាយុរវាងប្រធានាធិបតីបារាំង និងលោកស្រីទីមួយដោយខុសគ្នារហូតដល់ ២៥ ឆ្នាំថា៖ «វាហាក់ដូចជារឿងគួរឲ្យអស់សំណើចនាពេលបច្ចុប្បន្ននេះ នៅពេលដែលយើងឃើញលោក (អេម៉ានូលអែល) ម៉ាក្រុង និងភរិយា»។
លោកបញ្ជាក់ថា៖ «ប៉ុន្តែ សម្រាប់អាពាហ៍ពិពាហ៍ ជនស៊ីវិលលោកស្រី Josephine de Beauharnais បានប្រកាសប្រាប់ពីក្មេងជាងអាយុពិត ៥ ឆ្នាំខណៈស្តេច ណាប៉ូឡេអុង បែរជាប្រកាសអាយុពិតចាស់ជាងរហូតដល់ ៦ ឆ្នាំ»។
ដើរចូលទៅកាន់សារមន្ទីរដែលបានបើកដំណើរការកាលខែកក្កដាឆ្នាំ ២០១៦ ភ្ញៀវត្រូវចំណាយ ៣ អឺរ៉ូ (១៤០០០ រៀល) ទិញសំបុត្រចាប់ពី ១០ ឆ្នាំឡើងដែលធ្វើឲ្យលោក Pierrot អាចជួយទប់ទល់នឹងការចំណាយ ១ ម៉ឺនអឺរ៉ូ (ជិត ៥០ លានរៀល)។
លោកថ្លែងថា៖ «ក្រុមហ៊ុន Playmobil បានអនុម័តយល់ព្រមគម្រោងរបស់ខ្ញុំ ប៉ុន្តែពួកគេមិនបានផ្តល់ហិរញ្ញវត្ថុសម្រាប់គម្រោងនេះទេ»៕ NS