ភ្នំពេញៈ ក្នុង​សម្លៀកបំពាក់​ខុស​គ្នា ខ្លះ​ស្លៀក​ឯកសណ្ឋាន​សិស្ស និង​ខ្លះទៀត​ស្លៀក​ខោអាវ​ប្រឡាក់​ដី​ស្រមក​មកពី​រើស​កំប៉ុង ឬ​ដើរ​សុំទាន​តាម​ដងផ្លូវ កុមារ​ប្រុស​ស្រី​ត្រូវ​បាន​រ៉ឺម៉ក​ម៉ូតូ ដឹក​មក​កាន់​អគារ​ចាស់ ដើម្បី​ទទួលទាន​បាយ​ម្ហូប​ដោយ​ឥតគិតថ្លៃ​។

ស្ថិត​នៅ​អង្គការ​ផ្ទះបាយ​កុមារ​ដែល​មាន​ក្តារខៀន​ពណ៌​សសរ​សេរ​ពី​ឈ្មោះ​ម្ចាស់ជំនួយ កុមារ​នាំ​គ្នា​កាន់​ចាន​ម្នាក់​មួយ​តម្រង់​ជួរ​ចាំ​ចុង​ភៅ​បំពេញ​អាហារ​ក្នុង​ចាន​មុន​នឹង​រក​កន្លែង​គួរសម​អង្គុយ​ជុំគ្នា ដើម្បី​ចម្អែត​ក្រពះ និង​ជជែក​គ្នា​យ៉ាង​រីករាយ​។

បុរស​សក់ស ពាក់​វ៉ែនតា ស្បែក​ជ្រីវជ្រួញ ជា​ប្រធាន​អង្គការ​ផ្ទះបាយ​កុមារ លោក ង៉ូវ ឈីវ វ័យ ៧២ ​ឆ្នាំ​បាន​និយាយ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​អង្គការ​ផ្ទះបាយ​កុមារ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ២០១០ ខែ​កុម្ភៈ​នៅ​ថ្ងៃ​ទី​ ១ ដោយ​បាន​បង្កើតឡើង​ក្នុង​គោលបំណង ដើម្បី​ឲ្យ​កុមារ​ដែល​ហូប​មិន​ឆ្អែត កុមារ​សុំទាន កុមារ​ដែល​រកស៊ី​ចិញ្ចឹម​គ្រួសារ និង​គ្មាន​ទីពឹង​ឲ្យ​គាត់​បាន​ហូប​ឆ្អែត មាន​សុខភាព​ធម្មតា​ដូច​កុមារ​ដទៃ​»​។

លោក ង៉ូវ ឈីវ (​ស្ដាំ​ទី​ ២) នាយក​អង្គការ​ផ្ទះបាយ​កុមារ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ក្រៅពី​ជា​កន្លែង​ផ្ដល់​អាហារ​ឥតគិតថ្លៃ ទីធ្លា​តូច​ល្មម​របស់​អង្គការ​ក៏​ជា​កន្លែង​លេង​កម្សាន្ត ផ្ដល់​ការ​ងូតទឹក​សម្អាត​ខ្លួន​ប្រាណ ផ្លាស់​សម្លៀកបំពាក់​ថ្មី កាត់​ក្រចក កាត់សក់ ពិនិត្យ​សុខភាព​ក្នុង​ ១ ​ខែ ៤ ​ដង និង​ឱកាស​ទទួល​បាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ទៀត​ផង​។ អង្គការ​ផ្ទះបាយ​កុមារ មិន​ត្រឹម​តែ​ជា​កន្លែង​ផ្តល់​អាហារ​ពេលព្រឹក និង​ថ្ងៃត្រង់​សម្រាប់​ក្មេងៗ​ក្រីក្រ​រស់នៅ​តាម​សំណង់​អនាធិបតេយ្យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​សិទ្ធិ​ឲ្យ​កុមារ​ទុរគត​ដូចជា​ក្មេង​ដទៃ​។

ពួកគេ​ក៏​អាច​មាន​សិទ្ធិ​ក្នុង​ការលេង​បាន​អាន បាន​សរសេរ បាន​ជជែក​គ្នា ងូតទឹក​សម្អាត​កាយ ប្តូរ​សម្លៀកបំពាក់​ថ្មី កាត់សក់ កាត់​ក្រចក ពិនិត្យ​សុខភាព​ក្នុង​ ១ ​ខែ ៤ ​ដង និង​ឱកាស​ទទួល​បាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ទៀត​ផង​។

អតីត​នាយករង​សាលាបឋមសិក្សា​ជ័យជម្នះ​រូប​នេះ​ត្រូវ​បាន​សប្បុរសជន Yves Jacquin Depeyre ដែល​ធ្វើការ​នៅ​អង្គការ​បារាំង Enfants d''Asie-ASPECA បាន​បបួល​លោក​ថា​៖ «​កុំ​នៅ​ទំនេរ​អី នៅ​ជួយ​ដាំបាយ​កុមារ​រើស​អេតចាយ​ហូប​ទៅ​»​។

លោក ង៉ូវ ឈីវ លើក​ឡើង​ថា​៖ «​ព្រោះ​គាត់ (Depeyre) មាន​មនោសញ្ចេតនា​ជាមួយ​ក្មេង​រើស​អេតចាយ​ខ្លាំងណាស់ អ៊ីចឹង​ហើយ​ខ្ញុំ​ក៏​បាន​ចាប់ផ្តើម​ធ្វើ​ជា​មួយ​គាត់ ដែល​ដំបូង​ឡើង​គាត់​គឺជា​អ្នករ៉ាប់រង​លើ​ថ្លៃ​ចំណាយ​ទាំងអស់​»​។

អ្នក​ស្ម័គ្រចិត្ត​ជួយ​ងូតទឹក​សម្អាត​កាយ​កុមារ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ក្រោយពី​បង្កើត​ផ្ទះបាយ​កុមារ អង្គការ​បាន​ទាក់ទាញ​ការឧបត្ថម្ភ​ពី​ប្រទេស​អ៊ីតាលី បារាំង ស្វ៊ីស បែលហ្ស៊ិក និង​អំណោយ​ពី​ប្រជាជន​កម្ពុជា​ដោយ​បាន​ជួយ​ជា​សាច់ បន្លែ សម្ភារ​ផ្ទះបាយ និង​គ្រឿងទេស​ផ្សេងៗ​។ សាច់មាន់ ឬ​សាច់ជ្រូក​មាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន CP ក្នុង ១ ​អាទិត្យ​ចំនួន ៦៥ គីឡូក្រាម​។ នំប៉័ង ឬ​នំខេក ជា​អំណោយ​ពី​ហាង​នំប៉័ង TSL សម្រាប់​ជា​អាហារ​សម្រាប់​ឲ្យ​កុមារ​ដែល​អាច​ខ្ចប់​យក​ទៅ​ផ្ទះ​បាន​។ ក្នុង​ ១ ​ថ្ងៃ​ផ្ទះបាយ​កុមារ​ត្រូវ​ចំណាយ​ប្រាក់​ចំនួន ២៥០ ​ដុល្លារ​។

គោលការណ៍​ដំបូង​របស់​អង្គការ​គឺ​ផ្តល់​អាហារ ២ ​ពេល​សម្រាប់​កុមារ​ក្នុង​ ១ ​ថ្ងៃ ដែល​មាន​អាហារ​ពេលព្រឹក និង​ថ្ងៃត្រង់ និង​ទទួល​តែ​កុមារ​អាយុ​ចាប់ពី ៦ ​ឆ្នាំ​ដល់ ១៤ ​ឆ្នាំ​។

ប៉ុន្តែ​ដោយ​លោក ង៉ូវ ឈីវ សង្កេត​ឃើញ​ថា​កុមារ​បាន​មក​បរិភោគ​អាហារ​នៅ​ផ្ទះបាយ​កុមារ តែងតែ​នឹកឃើញ​ដល់​ប្អូនៗ​ដែល​មិន​មាន​អី​ទទួលទាន​នៅឯ​ផ្ទះ លោក​ក៏​សម្រេចចិត្ត​ទទួល​ទាំង​កុមារ​តូចៗ​រហូត​ជួយ​ទៅ​ដល់​ទារក​ដោយ​ផ្តល់​ជា​ម្សៅ​ទឹកដោះគោ​សម្រាប់​ម្ដាយ​ដែល​មិន​អាច​បំបៅកូន​បាន​។

ផ្ទះបាយ​កុមារ​មាន​កន្លែង​ផ្ដល់​ការកម្សាន្ត​ដល់​កុមារ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ក្នុង​ ១ ​ថ្ងៃ ផ្ទះបាយ​កុមារ ទទួល​បាន​ក្មេងៗ​មក​បរិភោគ​អាហារ​ចាប់ពី ២៥០ ទៅ ៣៥០ ​នាក់​។ មកដល់​បច្ចុប្បន្ន​នេះ​ អង្គការ​ផ្ទះបាយ​កុមារ មាន​ចំនួន ៧ ​ទីតាំង​ដោយ​នៅ​ទីក្រុង​ភ្នំពេញ​ចំនួន ៣ ​កន្លែង ខេត្ត​កំពង់ស្ពឺ ៣ ​កន្លែង និង​ខេត្ត​កណ្តាល ១ កន្លែង​។ អង្គការ​បាន​ផ្តល់​អាហារ​ដល់​កុមារ​ចំនួន ៦២០០០០ ​ចាន​។

យុវតី ល័ក្ខ សូរីតា វ័យ ១៩ ​ឆ្នាំ​ជា​យុវជន​ជំនាន់​ទី​ ២ ដែល​លោក ង៉ូវ ឈីវ បាន​បណ្តុះបណ្តាល​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​បាន​ស្គាល់​អង្គការ​ផ្ទះបាយ​កុមារ​អស់​រយៈពេល ៦ ​ឆ្នាំ​មក​ហើយ​តាមរយៈ​មិត្តភក្តិ​រើស​អេតចាយ​ជាមួយ​គ្នា​តាំងពី​ខ្ញុំ​អាយុ ១៣ ​ឆ្នាំ​»​។

យុវតី​ធ្លាប់​មក​ទទួលទាន​អាហារ​នៅ​ ផ្ទះ​បាយ​កុមារ​ រូបនេះ​បាន​បន្ត​ថា​៖ «​ភាសា​វិញ​ខ្ញុំ​ចេះ​ភាសា​អង់គ្លេស​ស្ទាត់​ហើយ ចំណែក​ភាសា​អ៊ីតាលី​នៅ​ស្ទើរ​ជាង​អង់គ្លេស ហើយ​គោលបំណង​ខ្ញុំ​ក្នុង​ថ្ងៃ​អនាគត​ចង់​ធ្វើ​ជា Guide (​មគ្គុទេសក៍​)»​។

ស្ថាបនិក​អង្គការ​ដែល​មាន​វ័យជ្រេ តែ​នៅ​តែ​បន្ត​រំលេច​ស្នាមញញឹម​ស្វាគមន៍​កុមារ​មក​ទទួលទាន​អាហារ​លោក ង៉ូវ ឈីវ បាន​និយាយ​ថា​៖ «​ខ្ញុំ​គ្រាន់តែ​សង្ឃឹម​ថា​ថ្ងៃ​ខាង​មុខ​ទៅ​​ពួកគេ​ទាំងអស់​បញ្ចប់​ការរស់នៅ​តាម​សួន ដើរ​រើស​អេតចាយ​បាន​ចូល​​រៀនសូត្រ​មាន​ការងារ​ល្អ​ធ្វើ​។ សូម​ឲ្យ​បញ្ចប់​អាជីព​នេះ​ត្រឹម​ពួកគេ មិន​បន្ត​ដល់​កូនចៅ​គេ​ទៀត បើ​ទោះបី​ជា​លែង​មាន​ខ្ញុំ​រស់នៅ​»៕

រ៉ឺម៉ក​ម៉ូតូ​ដឹក​កុមារ​មក​ទទួលទាន​អាហារ​នៅ​អង្គការ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

វីដេអូ៖