
ទូកតូចៗ ៣ គ្រឿង បំពាក់រូបថតពិព័រណ៍ត្រៀមដំណើរត្រាច់ចរតាមភូមិឋានតូចៗ។ រូបថត សហការី
សៀមរាប៖ ពួកគេប្រសូតមកជើងមិនជាន់ដី ឬក៏ស្ថិតក្នុងបន្ទប់អគារបេតុងទេ តែពួកគេចាប់កំណើតលើក្បូន ឬទូក។ ពួកគេមើលឃើញតែផ្ទៃទឹកធំល្វឹងល្វើយ និងមេឃាល្ហល្ហេវ។
ពួកគេនឹងក្លាយជាអ្នកនេសាទ ដោយសារតែពួកគេរស់នៅក្នុងសហគមន៍នៃភូមិបណ្ដែតទឹក។
ឥឡូវនេះ ពួកគេពន្លត់ម៉ាស៊ីនទូកមួយភ្លែត និងឆ្លៀតក្រឡេកមើលរូបភាពខ្លួនឯងដែលត្រូវបានចងក្រងជាពិព័រណ៍មួយ។
«រវាងផ្ទៃទឹក និងហ្វូងតារា» គឺជាពិព័រណ៍រូបថតបណ្ដែតទឹកដ៏វិសេសបំផុតមួយដែលរៀបចំដោយជាងថតរូបអាជីពអាហ្វហ្គាន ស្វ៊ីស លោក ហ្សាល់ម៉ៃ។
ជាងថតរូបអាជីពអាយុ ៥៥ ឆ្នាំ ដែលឈ្នះពានរង្វាន់ជាច្រើនទូទាំងតំបន់អឺរ៉ុប បានផ្ដិតយកទិដ្ឋភាពការរស់នៅរបស់ពលរដ្ឋនៅលើសហគមន៍បណ្ដែតទឹក។
លោក ហ្សាល់ម៉ៃ ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ពួកគេប្រសូតមកនៅចន្លោះរវាងផ្ទៃទឹកបឹង និងហ្វូងតារា។ ពួកគេធំធាត់មកនៅចន្លោះរវាងហ្វូងតារា និងផ្ទៃទឹកបឹង។ ខ្ញុំចង់សំដៅថា ជីវិតពួកគេមិនត្រឹមតែស្ថិតលើដីនោះទេ ប៉ុន្ដែអ្វីដែលពួកគេឃើញ គឺមានតែទឹក និងមេឃាប៉ុណ្ណោះ»។
ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងនៅគ្លីនិកបណ្ដែតទឹកនៃអង្គការគ្លីនិកបណ្ដែតទឹក TLC ក្នុងភូមិមាត់ខ្លានៃបឹងទន្លេភូមិអន្លង់សំណ ស្រុកជីក្រែង ខេត្ដសៀមរាប។

ពលរដ្ឋវ័យចំណាស់ផ្ចង់មើលរូបថតយ៉ាងយកចិត្ដទុកដាក់។ រូបថត សហការី
លោក ហ្សាល់ម៉ៃ ដែលផ្ដើមគម្រោងលើបឹងទន្លេសាប ១ ឆ្នាំមុន បានប្រាប់ថា៖ «តាមពិតសារៈសំខាន់នៃពិព័រណ៍នេះមិនសំដៅលើរូបខ្ញុំនោះទេ តែជាដំណើរជីវិតរបស់ពលរដ្ឋ ខណៈខ្ញុំធ្វើបទសម្ភាសជាមួយពួកគេ ក្រោយទស្សនារូបភាព ហើយអ្វីដែលពួកគេបង្ហាញចំណាប់អារម្មណ៍ នោះជាសារទៅកាន់ពិភពលោក»។
ជាមួយគម្រោងវិសេសនេះ លោកចង់ផ្ដល់នូវទស្សនវិស័យ និងចក្ខុវិស័យដ៏ទូលំទូលាយចំពោះអ្នកដែលកម្របានឃើញ និងយល់ដឹងនូវអ្វីដែលកំពុងកើតឡើងលើផ្ទៃទឹកជនបទ និងជីវិតពលរដ្ឋសហគមន៍។
លោកនិយាយថា៖ «ចំពោះភូមិបណ្ដែតទឹកនេះ គម្រោងផ្ដោតលើការលំបាក ក្ដីកង្វល់ និងការតស៊ូរបស់អ្នកភូមិ»។
វាក៏ផ្ដោតលើផលប៉ះពាល់ចំពោះការប្រែប្រួលអាកាសធាតុ និងឱ្យប្រជាជនរីករាយនឹងពិព័រណ៍រូបភាពទាំងនេះ។
ហ្សាល់ម៉ៃ ដែលចំណាយពេលភាគច្រើនត្រាច់ចររវាងអាហ្វហ្គានីស្ថាន អឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ី បានបន្ដថា៖ «អំឡុងពេលស្នាក់នៅលើភូមិបណ្ដែតទឹក ខ្ញុំបានជួបមនុស្សជាច្រើន ដែលមានសន្ដានចិត្ដល្អ បើកបេះដូង បើកទ្វារផ្ទះ ចេះបង្ហាញការឈឺ និងរីករាយ ដែលអនុញ្ញាតឱ្យខ្ញុំផ្ដិតយករូបភាពដ៏រស់រវើក»។
ហ្សាល់ម៉ៃ ដែលប្រសូតនៅអាហ្វហ្គានីស្ថាន និងរស់នៅស្វ៊ីស បានសម្រេចចិត្ដធ្វើការតាំងបង្ហាញរូបថតរបស់ប្រជាសហគមន៍សម្រាប់ទស្សនិកជនជាអ្នករស់នៅលើភូមិបណ្ដែតទឹករបស់ពួកគេវិញផ្ទាល់។
លោកថា៖ «អ្នកខ្លះដែលបានសួរខ្ញុំពីមូលហេតុដែលខ្ញុំថតរូបពួកគេ ខ្ញុំព្យាយាមពន្យល់ និងសន្យាឱ្យពួកគេបានឃើញនូវរូបភាពទាំងនោះ។ ខ្ញុំចង់ដឹងថា តើពួកគេគិតដូចម្ដេចចំពោះរូបភាពរបស់ពួកគេ ជាពិសេសសារដែលទទួលបានមកវិញ»។

ពលរដ្ឋក្នុងភូមិបណ្ដែតទឹកមាត់ខ្លា ស្រុកជីក្រែង ក្រឡេកមើលរូបភាពពិព័រណ៍ «រវាងផ្ទៃទឹក និងហ្វូងតារា» នៅគ្លីនិក TLC។ រូបថត សហការី
លោកបានសហការជាមួយគ្លីនិកបណ្ដែតទឹក TLC ច្រើនខែនៅតាមតំបន់ដាច់ស្រយាលបំផុតនៃបឹងទន្លេសាប។ លោកបានឱ្យដឹងថា វាជាការតាំងបង្ហាញរូបថតនៅគ្លីនិក TLC ហើយក៏នឹងធ្វើការចល័តតាមភូមិឋានតូចៗផងដែរ។
លោកបន្ដថា៖ «ពិព័រណ៍នេះផ្ដល់ការលើកទឹកចិត្ដ និងភាពងាយស្រួលសម្រាប់សហគមន៍ ខណៈវាជួយរួមចំណែកសេដ្ឋកិច្ចចីរភាព និងភាពរឹងមាំរបស់ពលរដ្ឋជនបទ។ វាក៏បង្កើតនូវទំនាក់ទំនងសម្រាប់ពិភពខាងក្រៅ ស្វែងយល់់កាន់តែប្រសើរនូវតម្រូវការ និងក្ដីកង្វល់របស់សហគមន៍លើបឹងទន្លេសាប»។
លោក ហ្សាល់ម៉ៃ បានកោតសរសើរចំពោះបេសកកម្មរបស់ TLC ដែលពលរដ្ឋលើបឹងទន្លេសាបអាចទទួលបានសេវាកម្មថែទាំសុខភាពដ៏មានតម្លៃ និងសំខាន់សម្រាប់ពួកគេ។
លោកនិយាយថា៖ «បើអត់មាន TLC វាច្បាស់ណាស់ថា ពលរដ្ឋប្រាកដជាជួបការលំបាកក្នុងការទទួលបាននូវការថែទាំសុខភាព ដោយសារពួកគេត្រូវធ្វើដំណើរឆ្ងាយ និងចំណាយខ្ពស់ទៅកាន់គ្លីនិកដីគោក»។
ពិព័រណ៍ក៏បានឧទ្ទិសដល់សព ចូស័រ អង្គារ ម៉ាទីន ជាកូនចិញ្ចឹមអ្នកឧបត្ថម្ភអង្គការ TLC សំខាន់ម្នាក់នៅអាមេរិក។
ពិព័រណ៍ «រវាងផ្ទៃទឹក និងហ្វូងតារា» ដំណើរការចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២០ ខែធ្នូ និងអាចនៅបន្ដក្នុងករណីមានចំណាប់អារម្មណ៍ពីមហាជន។
ព័ត៌មានលម្អិតសុំចូលទៅកាន់វេបសាយ zalmai.com និងគណនីអ៊ីស្ដាក្រាម Instagram@Zalmai៕