ភ្នំពេញៈ នៅមានអ្នកយល់ច្រឡំច្រើនណាស់អំពីពាក្យថា សមាធិ ដែលជាបទដ្ឋានរបស់បញ្ញា គឺគេនៅយល់ច្រឡំថា ត្រូវតែធ្វើសមាធិជាមុនសិន ចាំទៅធ្វើវិបស្សនាតាមក្រោយ។ តាមពិតពាក្យនេះមិនមែនមានន័យសេចក្តីដូច្នេះទេ ព្រះសម្មាសម្ពុទ្ធ គឺពុំបានសម្តែងថា មុននឹងចម្រើននូវវិបស្សនានោះ អ្នករាល់គ្នាត្រូវតែធ្វើសមាធិសិនទេ ព្រះអរិយៈទាំងឡាយក៏ពុំបានសម្តែងយ៉ាងនេះដែរ។
បើតាមសម្រង់ពី «សៀវភៅជំនួយសតិភាគ ៤» គេហទំព័រ ៥០០០ ឆ្នាំ ក៏បានឲ្យដឹងថា៖ «ពាក្យថា សមាធិគឺជាបទដ្ឋានរបស់បញ្ញា គឺដោយសេចក្តីថា កាលបុគ្គលមាន ប្រក្រតីចម្រើនសតិប្បដ្ឋាន ៤ ដែលរឿយៗនៅក្នុងជីវិតប្រចាំថ្ងៃ ទើបមានសម្មាសមាធិ ដែលបុគ្គលចម្រើនល្អតាមចរិតអធ្យាស្រ័យនោះ វាជាគ្រឿងទ្រទ្រង់ធ្វើឲ្យមានប្រយោជន៍ចំពោះបញ្ញា គឺទិដ្ឋិវិសុទ្ធិ បានដល់សេចក្តីបរិសុទ្ធក្នុងការឃើញនាមរូប។
បើបុគ្គលណាមិនបានចម្រើនសតិប្បដ្ឋានរឭករឿយៗនូវរូបធម៌ នាមធម៌ ជាប្រក្រតីគ្រប់ឥរិយាបថ ៤ នោះទេ រូបដែលសមាបត្តិក្តី អរូបសមាបត្តិក្តី មិនមានប្រយោជន៍អ្វីទៅដល់ បញ្ញាទិដ្ឋិវិសុទ្ធិនោះឡើយ។ ពោលគឺសមាបត្តិនោះ មិនអាចជាបទដ្ឋាននៃបញ្ញាបានទេប្រៀបបីដូចជាយកជីទៅចាក់នៅលើដីទទេ ទោះបីជាមានជីច្រើនប៉ុនណាក្តី ក៏ដំណាំមិនមែនដុះអំពីជីនោះឡើយ»។
តាមសម្រង់ពី «សៀវភៅជំនួយសតិភាគ ៤» នៃគេហទំព័រ ៥០០០ ឆ្នាំបន្តថា៖ «ម្យ៉ាងទៀតសមាធិប្រៀបដូចជាថ្មសំលៀងកាំបិត បញ្ញាប្រៀបដូចដាវសម្រាប់កាប់ចាក់ខ្មាំងសត្រូវដាវមិនកើតអំពីថ្មទេ។ ចំណែកឯថ្មគ្រាន់តែសម្រាប់សំលៀងឲ្យដាវមុតតែប៉ុណ្ណោះ ដូច្នេះត្រូវតែស្លដែកឲ្យកើតបានជាដាវកាំបិតពិត។
យ៉ាងណាមិញវិបស្សនាត្រូវតែកើតមកអំពីសតិប្បដ្ឋានបដិបត្តិ ដោយផ្តើមសតិរឭករឿយៗ សង្កេតពិនិត្យជីវិតប្រចាំថ្ងៃ តាំងពីសតិទន់ខ្ចី ដូចជាផ្សាំបណ្តុះពូជដំណាំ ឬដូចជាការស្លដែក ដើម្បីធ្វើដាវផងដែរ»។
បុគ្គលណាដែលធុញទ្រាន់ មិនយកចិត្តទុកដាក់នៅក្នុងការចម្រើននូវសតិប្បដ្ឋាន ៤ បុគ្គលនោះមានឈ្មោះថា ខ្ពើមឆ្អើមអរិយមគ្គអង្គ។ បើទោះជាយ៉ាងណាក៏ដោយបញ្ញាត្រូវតែមានយោនិសោមនសិការ ជាបទដ្ឋានគឺធ្វើទុកនៅក្នុងចិត្តតាមទំនងនៃហេតុផលចំពោះឧបាទានក្ខន្ធ ៥ កាលបើមានបទដ្ឋានយ៉ាងនេះ គឺអាចឲ្យសម្រេចសោតាបត្តិមគ្គ ជាដើមបាន សូម្បីមិនមានសមាបត្តិជាជំនួយក៏ដោយ។
បុគ្គលសម័យកាលព្រះពុទ្ធគង់ព្រះជន្មនៅបានសម្រេចមគ្គផលច្រើនជាអនេក ដោយមិនសម្រេចឈានសមាបត្តិគឺមានបឋមជ្ឈានជាដើមនោះ។ ឧទាហរណ៍ ឧបាសិកា វិសាខា ឬឧបាសក អនាថបិណ្ឌិកៈ៘
ពួកគាត់គឺជាអរិយបុគ្គលអស់ជិវិត ក៏មានបដិសន្ធិនៅក្នុងកាមសុគតិភព ព្រោះតែមិនឈានសមាបត្តិហ្នឹងឯង។
សម្រង់សៀវភៅដដែលបន្ថែមថា៖ «បុគ្គលមិនគួរមានការហួងហែង ការធ្វើសមាធិនោះឡើយ ព្រោះថានៅក្នុងសតិភាវនាគឺជាការចម្រើននូវសតិប្បដ្ឋាន ឬមានសមាធិជាខណិកសមាធិរួមនឹងសតិ។
សតិប្បដ្ឋានជាលោកិយមានមគ្គអង្គ ៥ គឺមានសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១។
មគ្គទាំងអង្គ ៥ នេះ កាលដែលចម្រើនឲ្យច្រើនហើយ ក៏រមែងបានគ្រប់អង្គ ៨ ប្រការ ជាលោកុត្តរ ព្រោះថា ការចម្រើនសតិប្បដ្ឋាន ៤ គឺមហាកុសលញាណសម្បយុត្ត មានតទង្គប្បហានគឺជាកិច្ច មានព្រះនិព្វានជាទីបង្អោនទៅនេះដោយសារមហាកុសលញាណសម្បយុត្តិគឺជាវិបស្សនាញាណ ដែលមានបរមត្ថធម៌ជាអារម្មណ៍»៕