ភ្នំពេញ៖ មានទាំងអាជីពសិល្បៈសម្ដែង និងចំណូលក្រៅវិថីតារាយ៉ាងណាក្ដីតារាភាពយន្តស្រីរូបស្រស់ចេះទាំងក្បាច់គុណបុរាណខ្មែរ កញ្ញា ពេជ្រ ចរណៃ នៅតែសកម្មនឹងការអភិរក្សល្បុក្កតោខ្មែរ និងឈឺឆ្អាលដល់សុខទុក្ខ និងការលះបង់របស់លោកគ្រូតាក្រមាមាស សាន គឹមស៊ាន។
តារាស្រីវ័យ ២៥ ឆ្នាំរូបនេះបានរៀបរាប់ថា៖ «គ្មាននរណាអាចឆ្លងកាត់វាលវដ្តសង្សារដោយមិនមានការលះបង់នោះទេ គ្រាន់តែមនុស្សខ្លះលះបង់តិចបានផលច្រើន ឯអ្នកខ្លះលះបង់ច្រើនហើយនៅមិនទាន់ឃើញផលទៀត ដូចជាលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ជាដើម លោកត្រឡប់មកពីសហរដ្ឋវិញ ដើម្បីជួយអភិវឌ្ឍល្បុក្កតោ រហូតដល់ក្ររកអង្ករច្រកឆ្នាំងមិនបាន»។
លោកគ្រូតាក្រមាមាស ត្រូវបានកញ្ញា ពេជ្រ ចរណៃ ដែលជាកូនកំព្រាឪពុក និងធ្លាប់ជ្រកកោននៅមណ្ឌលកុមារកំព្រា ចាត់ទុករូបលោកជាអ្នកមានគុណទី២ របស់នាង។
តាមរយៈការពន្យល់ បង្ហាត់បង្រៀន ពីបុរសដែលនាងចាត់ទុកថាជាឪពុកទី២ ឱ្យចេះដឹងកាន់តែច្បាស់ពីក្បាច់គុនល្បុក្កតោ តារាសម្ដែងស្រីរូបនេះ មានឧបនិស្ស័យនឹងក្បាច់គុនបុរាណបុព្វបុរសខ្មែរ។
តារាស្រីដែលធ្លាប់ហែលឆ្លងការវះកាត់បេះដូងរួចជីវិតពីមច្ចុរាជកាលពីឆ្នាំ ២០១៨ ក៏បានសម្ដែងការខកចិត្តដែលលោកគ្រូតាក្រមាមាសជាមនុស្សនាងចាត់ទុកជាឪពុកទី២ នោះ រងនូវទង្វើមិនសមប្រកប។
កញ្ញាលើកឡើងថា៖ «ខ្ញុំបានដឹង និងបានឃើញនូវភាពអយុត្តិធម៌នេះច្បាស់ ពិតជាលំបាកទ្រាំណាស់ ហើយអ្នកនិយាយប្រាប់ឱ្យគាត់ទ្រាំតទៀត ចេះនិយាយចេញពីមាត់ទៅកើត! យ៉ាងណាក៏ត្រូវយល់ថា លោកគ្រូតាចាស់ហើយ ហើយមិនដែលបានស្រណុកទេ តើចង់ឱ្យគាត់ទ្រាំដល់ណាទៀតទៅ?»។
តារាសម្ដែងរូបនេះក៏បានប្រាប់ពីបំណងព្រឹទ្ធាចារ្យក្រមាមាសផងដែរថា លោកគ្រាន់តែចង់ឃើញភាពល្បីល្បាញរបស់ល្បុក្កតោលោកលាត្រឡប់ទៅរកធម្មជាតិវិញប៉ុណ្ណោះ។
តារាស្រីដែលតែងឆ្លៀតឱកាសធ្វើការងារមនុស្សធម៌រូបនេះ បានបន្តទៀតថា៖ «ខ្ញុំសង្ឃឹមថា មហាគ្រួសារល្បុក្កតោនឹងចូលរួមជាមួយខ្ញុំ ដើម្បីអភិរក្ស និងអភិវឌ្ឍក្បាច់គុនដែលដូនតាបានបន្សល់ទុក ដែលមានលោកគ្រូតាអ្នកស្នងបានគាស់កកាយឱ្យបានរស់រានមានជីវិតឡើងវិញ»។
ក្នុងនាមជាកូនខ្មែរម្នាក់ កញ្ញាក៏បានប្រកាសជំហរមុតមាំថា៖ «ខ្ញុំសូមការពារឱ្យខានតែបាន ទោះបីក្នុងតម្លៃណាក៏ដោយ មិនបណ្តោយឱ្យក្បាច់គុនដូនតានេះត្រូវរលាយបាត់-បង់ទៅវិញជាដាច់ខាត។ សូមជួយគ្នាពង្រឹងនូវជាតិនិយមឡើងវិញ រាប់បញ្ចូលទាំងការផ្តល់នូវតម្លៃរបស់ជាតិសាសន៍យើង និងផលិតផលរបស់យើងផលិតផងដែរ»៕