ភ្នំពេញៈ នៅកម្ពុជាការតែងនិពន្ធ មិនមែនជាអាជីពដែលគេចាប់អារម្មណ៍ខ្លាំងនោះទេ គឺគ្រាន់តែជាការងារ ដើម្បីរកប្រាក់ចំណូលបន្ថែម ឬដោយក្តីស្រឡាញ់ប៉ុណ្ណោះ។ ហេតុនេះហើយបានឃើញអ្នកនិពន្ធនៅស្រុកខ្មែរមានតិចតួចនៅឡើយ ជាពិសេសអ្នកនិពន្ធជាស្ត្រី ខណៈអ្នកនិពន្ធអាជីពពិបាករកប្រាក់ចំណូលចិញ្ចឹមជីវិតណាស់ ខណៈមានមនុស្សមួយចំនួនមិនសូវឲ្យតម្លៃអ្នកនិពន្ធនៅក្នុងការអភិវឌ្ឍសង្គមជាតិ ហើយជួនកាលអ្នកនិពន្ធខ្លួនឯង ក៏អស់សង្ឃឹមក្នុងការតែងនិពន្ធផងដែរ។
ដូច្នេះហើយទើបមានការរៀបចំព្រឹត្តិការណ៍ដ៏ធំមួយជាលើកដំបូងនឹងមានវត្តមានអ្នកនិពន្ធជាស្ត្រីខ្មែរចំនួន ១១ រូបមានឈ្មោះថា «ប៉ាកកានារីសំណេរនាង សំនៀងសង្គម» នៅសាកលវិទ្យាល័យផារ៉ាហ្គននារសៀលថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២០ ចុងសប្តាហ៍នេះ។
ជាទូទៅវិស័យតែងនិពន្ធនៅប្រទេសកម្ពុជាចំនួនអ្នកនិពន្ធបុរស និងស្ត្រី ស្ថិតក្នុងវិសមភាព ខណៈចរន្តគំនិតផុសជាឆន្ទៈក្លាហានហ៊ានសរសេរឆ្លុះបញ្ចាំងពីបញ្ហានានារបស់ស្ត្រីក្នុងសង្គមក៏នៅមានកម្រិតគឺភាគច្រើនឃើញសម្បូរតែអ្នកនិពន្ធប្រុសៗដែលហ៊ានបញ្ចេញនូវស្នាដៃ ឬឆន្ទៈដ៏មោះមុតបរិយាយនូវសំណេរខ្លួន។
លោក ឃុត សុឃឿន ជានាយកគ្រប់គ្រងការបោះពុម្ពគ្រឹៈស្ថានបោះពុម្ព Creator ដែលរៀបចំព្រឹត្តិការណ៍នេះបានបង្ហើបថា៖ «ដូច្នេះហើយទើប Creator Event រៀបចំព្រឹត្តិការណ៍ ប៉ាកកានារី ក្រោមប្រធានបទ «សំណេរនាង សំនៀងសង្គម» ដោយចូលរួមពីអ្នកនិពន្ធស្ត្រីទាំង ១១ រូបនឹងចែករំលែកបទពិសោធផ្សេងៗគ្នានៅជុំវិញការតែងនិពន្ធ ឱកាស ឧបសគ្គ និងការជំរុញចិត្តអ្នកអាន ជាពិសេស ក្មេងស្រីឲ្យហ៊ានដើរតាមក្តីសុបិនរបស់ខ្លួនឯង»។
លោកបន្តថា «គោលបំណងសំខាន់នៃកម្មវិធីនេះអបអរទិវាសិទ្ធិនារីអន្តរជាតិលើកទី ១០៩ ឆ្នាំនេះ និងរឹតចំណងសាមគ្គីភាពរវាងអ្នកនិពន្ធស្ត្រី និងអ្នកអាន ជំរុញ និងលើកទឹកចិត្តអ្នកអានដែលជាស្ត្រី និងក្មេងស្រី។ ចង់ទាក់ទាញមជ្ឈដា្ឋនទូទៅងាកមកចាប់អារម្មណ៍នឹងអ្នកនិពន្ធស្ត្រី ព្រោះយើងជឿជាក់ថា នៅពេលដែលអ្នកនិពន្ធស្ត្រីធ្វើការរួមគ្នា ពួកគេអាចចែករំលែកនូវបទពិសោធផែ្នកតែងនិពន្ធ ស្វែងរកមធ្យោបាយលើកកម្ពស់ស្ត្រី និងអប់រំដល់យុវជន និងយុវតី ជំនាន់ក្រោយបានល្អ»។
លោក ឃុត សុឃឿន បានបន្តថា៖ «ទោះបីជាយ៉ាងនេះក្តី យើងសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចំនួនអ្នកស្រឡាញ់សៀវភៅ និងអ្នកចូលចិត្តអានបានកើនឡើងគួរឲ្យកត់សម្គាល់។ ដូច្នេះទើបគ្រឹះស្ថានបោះពុម្ពផ្សាយ CREATOR យល់ឃើញថា គួរតែយកចិត្តទុកដាក់នឹងអ្នកនិពន្ធពិសេសអ្នកនិពន្ធស្ត្រី។ ហេតុអ្វីចាំបាច់ត្រូវយកចិត្តទុកដាក់នឹងអ្នកនិពន្ធស្ត្រី? CREATOR មើលឃើញនូវសក្តានុពលដ៏ខ្លាំងក្នុងចំណោមអ្នកនិពន្ធស្ត្រី ហើយយើងជឿជាក់ថា ពួកគាត់មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការតែងនិពន្ធឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានដោយភាពទន់ភ្លន់ នៅក្នុងសង្គមរបស់យើង»។
ព្រឹត្តិការណ៍ជុំគ្នាដ៏ធំមានអ្នកនិពន្ធស្ត្រីចំនួន ១១ រូបនោះរួមមាន អ្នកស្រី សូ ភីណា គឺជាអ្នកនិពន្ធ និងជាអ្នកតែងកំណាព្យ ដោយបានបង្កើតឲ្យមានកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ និងជាអ្នកនិពន្ធរឿង «បុប្ផាណាផ្កាមិនរុះរោយ» ជាប្រលោមលោកជាបែបប្រវត្តិសាស្ត្រ។
អ្នកនិពន្ធ ប៉ុល ពិសី ចូលរួមសរសេរនិពន្ធអត្ថបទល្ខោននិយាយរឿង «ឈូកក្នុងបឹងភក់» បានជិត ៤០០ ភាគជាអ្នកនិពន្ធអត្ថបទភាពយន្តយ៉ាងច្រើនទៀតដូចជារឿង «ទឹកចិត្តឪពុក» រឿង «ទឹកចិត្តគ្រូបង្រៀន» រឿង «ទឹកចិត្តបងស្រី» រឿង «កូនប្រសាស្រី» រឿង «ឃាតករ» និងរឿង «ចិត្តសាវា» ជាដើម និងបានជាប់ពានរង្វាន់និពន្ធកំណាព្យ និងប្រលោមលោកចំនួន ៥ ពីខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
កញ្ញា លឹម ផាន់ណា ជាអ្នកនិពន្ធ និងអ្នកប្រឹក្សាផ្លូវចិត្តត្រូវគេស្គាល់ថា ជាអ្នកនិពន្ធដែលពោរពេញទៅដោយសមត្ថភាព និងទទួលពានរង្វាន់ច្រើន និងមានវត្តមានរបស់អ្នកស្រី ប៊ុត ធីតា ដែលជាម្តាយរបស់តារាចម្រៀងស្រីអូរីជីណលកញ្ញា ឡូរ៉ា ម៉ម ចូលរួម រួមទាំងអ្នកនិពន្ធទាំងចាស់ក្មេងជាច្រើនរូបទៀតផងដែរ៕