ភ្នំពេញ៖ នាថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២០ ខាងមុខនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកម្ពុជា-ជប៉ុន (CJCC) ព្រះនាងតូច នរោត្តម ជេនណា តារាចម្រៀងស្រីវ័យក្មេង ចេះច្រើនភាសា ជាប់សែស្រឡាយរាជវង្ស មានដុងពីតូចនឹងមានវត្តមានជាតារាកិត្តិយសនៅក្នុងកម្មវិធីប្រគល់ជយលាភីនៃការប្រកួតគំនូរសុបិនស្រ្តីរៀបចំឡើងដោយក្រុមហ៊ុន SPA។
នេះគឺជាការប្រគល់រង្វាន់ជយលាភីផ្នែកគូរគំនូរបានស្អាតជាងគេលើកទី ៩ ប្រចាំឆ្នាំ ២០១៩ ក្រោមប្រធានបទ «ភាពអស្ចារ្យនៃប្រទេស កម្ពុជា» ចាប់ពីម៉ោង ២ រសៀល រហូតចប់កម្មវិធី ខណៈវត្តមានអ្នកអង្គម្ចាស់ នរោត្តម ជេនណា ជាតារាកិត្តិយសដោយព្រះនាងតូចក៏មានព្រះទ័យចូលចិត្តសិល្បៈគំនូរនេះដែរ។
កញ្ញា ហ៊ាង វត្តី នាយិកាគ្រប់គ្រងក្រុមហ៊ុន SPA បង្ហើបឲ្យដឹងថា៖ «យើងចាប់ផ្តើមកម្មវិធីចាប់ពីម៉ោង ២ ទៅ ដោយមានការតាំងរូបគំនូរគ្រប់ជំនាន់មានការថតរូបជុំគ្នាការប្រគល់រង្វាន់ម្ចាស់ជយលាភី ព្រមទាំងមានវត្តមានអ្នកអង្គម្ចាស់តូច នរោត្តម ជេនណា ផ្តល់កិត្តិយសជាតារាចម្រៀងបកស្រាយចម្រៀង ២ បទ។ ដោយសារតែដឹងថា ព្រះនាងទ្រង់ក៏ចូលចិត្តសិល្បៈគំនូរនេះដែរ ទើបយើងសម្រេចចិត្តអញ្ជើញព្រះនាងជាភ្ញៀវកិត្តិយស។ តាមពិតព្រះនាងទ្រង់ក៏ចង់ចូលរួមគូរគំនូរនេះដែរ តែដោយសារកម្មវិធីយើងបានចប់ហើយ ទើបព្រះនាងមិនអាចដាក់ពាក្យប្រកួតបាន។ អ៊ីចឹងហើយទើបទ្រង់យាងចូលរួមនៅក្នុងកម្មវិធីប្រគល់រង្វាន់ជយលាភីវិញ គឺរៀបចំធ្វើថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ»។
នាយិកាគ្រប់គ្រងក្រុមហ៊ុន SPA ក៏ប្រាប់ពីកម្មវិធីដែរថា៖ «កម្មវិធីប្រកួតគំនូរសុបិនស្រ្តីរបស់ក្រុមហ៊ុន SPA ឆ្នាំ ២០១៩ ក្រោមប្រធានបទ «ភាពអស្ចារ្យនៃប្រទេស កម្ពុជា» គឺចង់បង្ហាញពីគំនូរ ដែលគូរដោយការប្រើអារម្មណ៍យ៉ាងផ្ចិតផ្ចង់របស់ស្ត្រីម្នាក់ បង្ហាញពីទេពកោសល្យ ដែលកើតចេញពីការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ហើយគូររូបសម្រាប់តំណាងភាពអស្ចារ្យរបស់ខ្លួន ឬតំណាងប្រទេសខ្លួន។ យើងបង្កើតកម្មវិធីនេះ ឡើងដើម្បីជួយជំរុញឲ្យស្រ្តីខ្មែរយើង កុំបោះបង់អាជីពជាអ្នកឌីហ្សាញ និងបន្តក្តីសុបិនរបស់ពួកគាត់ តាមរយៈការបង្កើតស្នាដៃនានា ដូចជាការច្នៃម៉ូដសម្លៀកបំពាក់កាបូប ដែលកិច្ចការទាំងនេះអាចរកចំណូលបន្ថែមក្នុងអាជីពជាអ្នកស្រឡាញ់សិល្បៈមួយរូប។ ការប្រកួតនេះ យើងទទួលតែស្រ្តីខ្មែរទេ ដោយសារតែចង់លើកកម្ពស់ស្នាដៃស្ត្រីខ្មែរយើង»។
កញ្ញា ហ៊ាង វត្តី ដែលធ្លាប់ជាបេក្ខនារីទទួលជយលាភីក្នុងឆ្នាំ ២០១៣ ក៏បានបន្តទៀតថា៖ «សម្រាប់កម្មវិធីរបស់យើងទទួលបានការឧបត្ថម្ភពីខាងប្រទេស ជប៉ុន និងក្រុមហ៊ុន ឬស្ថាប័ននានានៅក្នុងប្រទេស ហើយយើងក៏បន្តធ្វើជារៀងរាល់ឆ្នាំ ដោយមានការផ្លាស់ប្តូរនូវប្រធានបទរៀងរាល់ឆ្នាំផងដែរ។ សម្រាប់កម្មវិធីប្រកួតនៅឆ្នាំ ២០២០ យើងនឹងចាប់ផ្តើមរើសបេក្ខភាពក្នុងខែតុលា ឆ្នាំ ២០២០ ខាងមុខ។ ចំពោះការដាក់ពាក្យបេក្ខនារីទាំងអស់ត្រូវបំពេញនូវព័ត៌មានផ្ទាល់ខ្លួន (មានឈ្មោះ អាយុ លេខទូរស័ព្ទ សាលារៀន ឬមុខងារ ឬទីកន្លែងស្នាក់នៅ និងព័ត៌មានផ្សេងៗជាភាសាខ្មែរ ឬភាសាអង់គ្លេស) លើផ្ទាំងក្រដាសមានគំនូរមិនទាន់ផាត់ពណ៌ និងគំនូរ ដែលផាត់ពណ៌រួច (គំនូរដូចគ្នា មានបំពេញព័ត៌មានផ្ទាល់ខ្លួនដូចគ្នា) ដែលបេក្ខភាពគូរ សម្រាប់ចូលរួមប្រកួត (គូរដោយដៃ ឬកុំព្យូទ័រ)។ បេក្ខជនដាក់ពាក្យប្រកួតមានសិទ្ធិគូររូបលើសពី ១ បានសម្រាប់ដាក់ប្រកួតដែលអាចផ្ញើតាមគេហទំព័រហ្វេសប៊ុកផ្លូវការមានឈ្មោះ DREAM GIRLS Design Contest»។
កញ្ញានាយិកាក្រុមហ៊ុន SPA បានបន្ថែមថា៖ «សម្រាប់បេក្ខភាពដាក់ពាក្យប្រឡងមាន ២ ដំណាក់កាល។ ដំណាក់កាលទី ១ បំពេញបែបបទភ្ជាប់ជាមួយរូបគំនូរសម្រាប់ប្រកួត ខណៈដំណាក់កាលទី ២ សម្រាប់បេក្ខនារី ដែលរស់នៅតាមខេត្តត្រូវមកប្រកួតនៅរាជធានីភ្នំពេញ ដោយខាងកម្មវិធីផ្តល់នូវថវិកាបន្តិចបន្តួចសម្រាប់ការស្នាក់នៅ និងអាហារ។ យើងក៏មានគណៈកម្មការជនជាតិជប៉ុន ៣ រូប ធ្វើការផ្តល់ពិន្ទុដោយផ្ទាល់ដែរ។ លទ្ធផលនៃការប្រកួតជយលាភីលេខ ១ បានប្រាក់រង្វាន់ ១ ០០០ ដុល្លារ លេខ ២ បាន ៣០០ ដុល្លារ និងលេខ ៣ បាន ១០០ ដុល្លារ»៕