ភ្នំពេញ៖ នារយៈពេលជាង ១ ឆ្នាំចុងក្រោយនេះ កុមារីជាពន្លកតារាចម្រៀង សម្តែង ជាប់សែស្រឡាយព្រះរាជវង្ស គឺព្រះនាងតូច នរោត្តម ជេនណា កំពុងតែមានរាសីឡើងក្រឺតៗ ក្តោបបានឱកាសច្រើននៅលើវិថីសិល្បៈ ស្ទើរគ្រប់ទម្រង់ ដោយលាភធំថ្មីឆ្នាំ ២០២០ បានក្លាយជាទូតសុច្ឆន្ទៈវ័យក្មេងក្រុមហ៊ុនទូរស័ព្ទ Cellcard ខណៈកុនភាគបុរាណរឿង «ទេពធីតាព្កុលមាស» របស់ទ្រង់សម្តែង ក៏ជិតចាក់បញ្ចាំងផងដែរ នៅប៉ុស្តិ៍ទូរទស្សន៍ស៊ីធីអ៊ិន។
គេនៅចាំបានថា កាលពីឆ្នាំ ២០១៩ បង្កើតនូវភាពភ្ញាក់ផ្អើលខ្លាំងពីសំណាក់ប្រិយមិត្តតាមបណ្តាញសង្គមហ្វេសប៊ុក និងយូធូបជាមួយនឹងសូរសំនៀងយ៉ាងពីរោះស្រទន់ធ្ងន់ បកស្រាយបទចម្រៀងមានចំណងជើងថា «ដួងចន្ទ» របស់កុមារី ទើបតែមានវ័យ ៧ ឆ្នាំ ជាប់សែស្រឡាយរាជវង្សខ្មែរជាព្រះនាង នរោត្តម ជេនណា ដែលជាបុត្រីទី ២ អ្នកអង្គម្ចាស់ នរោត្តម បុប្ផារី និងត្រូវជាចៅស្រីព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស់។
សម្រាប់ ព្រះនាងតូច នរោត្តម ជេនណា មានទេពកោសល្យ និងដុងពីកំណើត ទៅលើវិស័យសិល្បៈទាំងបុរាណ និងសម័យ ហើយទ្រង់ក៏ចេះនិយាយបានដល់ ៥ ភាសាឯណោះបានបញ្ចេញសូរសៀង បទចម្រៀងថ្មីមានចំណងជើងថា «ដួងចន្ទ» ដែលជាការនិពន្ធបទភ្លេងដោយលោក ណាំ ប៉ុណ្ណារ័ត្ន និងអ្នកតែងទំនុកច្រៀងវិញនោះដោយ Kelly ផលិតកម្ម 7G- Entertainment ខណៈក្រោយៗមកមានបទ «កន្ទ្រឹមខែចែត្រ»បទ «ក្តៅណាស់» និងពេលថ្មីៗនេះ ក៏ផ្ទុះការគាំទ្រលើបទចម្រៀងមានចំណងជើងថា «វាសនាធីតាព្កុលមាស» ដែលជាបទចម្រៀងថ្មី សម្រាប់ការចាក់ក្នុងខ្សែភាពយន្តបុរាណរឿង «ទេពធីតាព្កុលមាស» នោះ។
បើគិតមកត្រឹមពាក់កណ្តាលឆ្នាំ ២០២០ នេះ កិត្តិយសរបស់ព្រះនាងតូច ជេនណា កំពុងតែបោះពួយឡើងជាលំដាប់នៅលើវិថីសិល្បៈទាំងវិស័យចម្រៀង និងថតសម្តែង ដោយគេឃើញព្រះនាងតូច ជេនណា លេចវត្តមាននៅក្នុងការថតស្ប៉តពាណិជ្ជកម្មនានា ការចូលរួមជាតារាកិត្តិយសនៃការសម្ពោធកម្មវិធីសង្គមញឹកញយ ការថតកុន និងចុងក្រោយនេះ ត្រូវបានក្រុមហ៊ុនទូរស័ព្ទ Cellcard ជ្រើសជាទូតសុច្ឆន្ទៈ។
ចំពោះលក្ខណសម្បត្តិរបស់ទ្រង់វិញ បើយោងតាមលោក សេង ដារ៉ាជាម្ចាស់ផលិតកម្ម 7G- Entertainment ដែលមានការផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលក្រុមពន្លកសិល្បៈជំនាន់ជាក្រុមតារាចម្រៀង ឬសម្តែងវ័យក្មេងនោះ លោកធ្លាប់បានបង្ហើបឲ្យដឹងពីទេពកោសល្យរបស់យុវតីមានរូបឆោម សម្រស់ស្រស់ស្អាត រូបរាងឃ្យូត ព្រះនាងតូច នរោត្តម ជេនណា ទ្រង់មានទេពកោសល្យ និងចំណូលចិត្តខ្លាំងលើសិល្បៈបែបចម្រុះតែម្តង៕