ក្រុងប្រ៊ុចសែល: គំនូរជីវចលរឿង «Sorya» «Starseed» និង «Caramel''s Words» ជាចំណងជើងភាពយន្ដ ៣ ក្នុងចំណោមគម្រោងភាពយន្ដទាំង ៥៥ មកពី ១៦ ប្រទេស ដែលត្រៀមបង្ហាញខ្លួននៅមហោស្រពភាពយន្ដគំនូរជីវចលឈានមុខនៅអឺរ៉ុប។ នេះបើយោងតាមវេបសាយ variety.com។
មហោស្រពលើកទី ២៣ នេះនឹងប្រព្រឹត្ដទៅតាមអនឡាញទាំងស្រុងចាប់ពីថ្ងៃទី ៩ ដល់ទី ១១ ខែមីនា។
ជាផ្នែកមួយនៃព្រឹត្ដិការណ៍ In Development ភាពយន្ដរឿង «Sorya» ដឹកនាំដោយកូនខ្មែរបារាំងលោក ដេនីស ដូ (Denis Do) ម្ចាស់ជយលាភីភាពយន្ដបទយកការណ៍ឆ្នើមរបស់ Annecy Fest តាមរយៈស្នាដៃគំនូរជីវចលរឿង «ហ្វូណន»។
ហ្វូណន បង្ហាញពីភាពយង់ឃ្នងនៃរបបខ្មែរក្រហមនៅកម្ពុជា។ ផ្ទុយទៅវិញក្នុងរឿង សូរិយា លោកផ្ដោតលើបុគ្គលភាព ដោយតាមដានពីជីវិតយុវតីកម្ពុជាម្នាក់ដែលមកធ្វើការក្នុងរោងចក្រកាត់ដេរនៅក្រុងភ្នំពេញ។ យុវតីរូបនេះមានក្ដីសុបិនចង់ក្លាយជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់ ហើយទីបំផុតនាងក៏ព្យាយាមស្វែងរកភាពនឹងធឹងក្នុងជីវិត។
អ្នកតែងនិពន្ធរឿង «ហ្វូណន» Thibault Kientz Agyeman នឹងបង្កើតតន្ដ្រីក្នុងខ្សែភាពយន្ដនេះ។
នាយកគ្រប់គ្រងទូទៅមហោស្រពភាពយន្ដគំនូរជីវចល អាននិក មែស បាននិយាយថា៖ «គំនូរជីវចលកំពុងតែទទួលបានការពេញនិយម និងស្ថិតក្នុងរបត់នៃវិបត្ដិជំងឺសកលដែលផលិតករភាពយន្ដជាច្រើនងាកមកផលិតគំនូរជីវចលផងដែរ»។
ចំនួនភាពយន្ដគំនូរជីវចលសម្រាប់ចូលរួមមហោស្រពភាពយន្ដគំនូរជីវចល បានកើនឡើងតិចតួច។
អ្នកនាងបាននិយាយថា៖ «យើងទទួលបានភាពយន្ដចូលរួមតិច ដោយសារផលិតករខកខានក្នុងការផលិតនៅឆ្នាំ ២០២០ តែភាពយន្ដដែលផលិតរួចរាល់ក៏ត្រៀមដាក់បញ្ចាំងផងដែរ»។
ក្នុងចំណោមគម្រោងភាពយន្ដទាំង ៥៥ នៅមហោស្រពភាពយន្ដគំនូរជីវចល ភាពយន្ដចំនួន ៣ ត្រូវបានចាត់ទុកជាបទពិសោធថ្មី និងភាពយន្ដ ៨ ជាស្នាដៃកំពុងមានការរីកចម្រើន។ ភាពយន្ដ ២២ រឿងទៀតកំពុងស្ថិតក្នុងការអភិវឌ្ឍ ហើយ ២២ ទៀតនឹងត្រូវបង្ហាញជាទម្រង់សិល្បៈបែបស្រមើស្រមៃ។
ការបំប្លែងជាប្រភេទភាពយន្ដ 2D ពិតជាសំខាន់ ដែលភាពយន្ដមានចំនួនរហូតដល់ ២៣ រឿង លើវេទិកាសម្រាប់ឆ្នាំនេះ។ ការផ្លាស់ប្ដូរពីបច្ចេកវិទ្យា 3D មកត្រឹម 2D ដែលជាទំនោរពេញនិយមមកជាយូរ គឺជាមូលហេតុដ៏ជាក់លាក់បំផុតចំពោះផលិតកម្មមានថវិកាល្មមៗ។
នាយកគ្រប់គ្រងទូទៅមហោស្រព ភាពយន្ដគំនូរជីវចលបានបន្ថែមថា៖ «មិនច្បាស់ថា ភាពយន្ដ 2D ឬ 3Dល្អជាងគ្នានោះទេ តែវាស័ក្ដិសមសម្រាប់សកលលោក និងបែបផែននៃភាពយន្ដនីមួយៗ ដែលផលិតករចង់ផលិត និងជ្រើសរើសប្រភេទកុន 2D»៕ HR