ភ្នំពេញៈ តារាសម្តែង និងចម្រៀង យូឌីស្កូ ជិតវិលមកស្រុកខ្មែរវិញហើយ ខណៈស្ថានភាពនៃការព្យាបាលជំងឺខូចក្រលៀនរបស់លោកនៅប្រទេសឥណ្ឌា បានផលធូរស្បើយច្រើនមក នេះបើយោងតាមអ្នកនាង ទូច ស្រីលក្ខណ៍ ដែលជាមិត្តស្និទ្ធស្នាលបង្ហើបប្រាប់នាពេលថ្មី។
ក្រោយពីធ្លាក់ខ្លួនឈឺខ្លាំងពីចុងឆ្នាំ ២០១៧ ខណៈរូបរាងកាយលោកមានភាពស្គមស្គាំងខ្លាំងដោយសារតែជំងឺត្រូវប្តូរឈាមជាច្រើនដងក្នុងមួយខែៗ ហើយបន្ទាប់ពីទទួលបានជំនួយសប្បុរសធម៌ពីមហាជន និងមិត្តអ្នកសិល្បៈរួមផ្សំធនធានគ្រួសារលោក ជំរុញឲ្យទៅព្យាបាលនៅឥណ្ឌារយៈពេលប៉ុន្មានខែចុងក្រោយនេះ។
បើយោងតាមអ្នកនាង ទូច ស្រីលក្ខណ៍ តារាចម្រៀងស្រីយេយេ ដែលក៏ទើបតែបានវិលត្រឡប់មកប្រឡូកសិល្បៈចម្រៀងវិញក្រោយពីបាត់មុខមួយរយៈដោយបានសម្រេចចិត្តរៀបការជាមួយនឹងស្វាមីបរទេស បង្ហើបថា៖ «បើតាមការសាកសួរសុខទុក្ខរបស់ខ្ញុំចំពោះគាត់នាប៉ុន្មានថ្ងៃមុននេះ គាត់ [យូឌីស្កូ] ថា បានធូរស្បើយច្រើនហើយ និងឮថាក៏ជិតវិលមកស្រុកខ្មែរវិញផងដែរគឺឆាប់ៗនេះតែម្តង»។
ចំពោះបន្ទុកចំណាយប្រាក់ព្យាបាលជំងឺខូចក្រលៀនរបស់តារាសម្តែង និងចម្រៀងប្រុសស្របាលៗគ្នាលោក អេឡិច ចាន់ត្រា លោក ខៀវ សំភេទ លោក ញ៉ែម សុគន្ធ អ្នកនាង ទូច ស្រីលក្ខណ៍ អ្នកនាង អ៊ិត ស្រីពីន អ្នកនាង ឈួន ស្រីម៉ៅ កាលនៅជាក្រុមតារាចម្រៀងនៃផលិតកម្មរៃមាសនោះ ក៏ត្រូវបានអ្នកនាង ទូច ស្រីលក្ខណ៍ បន្តថា៖ «សម្រាប់ថ្លៃចាយវាយព្យាបាលជំងឺដូចជាបានពីខាងក្រុមគ្រួសារខ្លះ និងផ្សំពីជំនួយរបស់ក្រុមមិត្តអ្នកសិល្បៈ និងមហាជននោះឯង»។
តារាសម្តែងលោក យូឌីស្កូ មួយរំពេចនោះក៏បានធ្លាក់ខ្លួនឈឺធ្ងន់ទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងស្រុកខ្មែរអស់រយៈពេលជាងមួយខែដោយសារជំងឺទឹកនោមប្រៃ ឬជំងឺខូចក្រលៀន និងតម្រូវឲ្យលាងឈាមជាចាំបាច់។ ក្រោយពីស្ងប់ស្ងាត់សកម្មភាពសស្រោកសស្រាំនៃក្រុមសិល្បៈរួមអាជីព បានចាត់ចែងជាជំហរជ្រោមជ្រែងក៏មានអ្នកសិល្បៈខ្លះបង្ហើបថា ស្ថានភាពជំងឺលោក យូឌីស្កូ នឹងមិនទាន់អាចវិលមករកភាពល្អប្រសើរវិញបានឡើយ ប្រសិនបើគ្មានការជួយព្យាបាលដូរក្រលៀន ឬលាងឈាមបានគ្រប់តាមចំនួននោះទេ។
ខណៈស្ថាន-ភាព ជំងឺតារាសម្តែង យូឌីស្កូ នាគ្រាស្ងប់ស្ងាត់ ក៏មានការបំផុសចលនារួមចំណែកសម្រាលអម្រែកពីអ្នកនាង ចនច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរផងដែរដោយបានឲ្យដឹងថា៖ «ស្ថានភាពជំងឺទឹកនោមប្រៃ យូឌីស្កូ បណ្ដាលឲ្យទៅខូចដល់ក្រលៀន និងត្រូវលាងឈាមជាចាំបាច់ផងនោះ ពេលនេះជំងឺនៅតែស្ថិតនៅក្នុងស្ថានភាពបារម្ភនៅឡើយ» កាលដែលលោក យូឌីស្កូ កំពុងតែនៅសម្រាកឯពេទ្យធំ ក្នុងស្រុកខ្មែរនោះ៕