
សិល្បការិនី Tytaart និងអ្នកមកទស្សនាស្នាដៃសិល្បៈនៅវិចិត្រសាលស្រាអាត។ រូបថត សហការី
ភ្នំពេញ៖ សិល្បការិនីល្បីស្នាដៃរូបថតគួរឱ្យទាក់ទាញ Tytaart បានដាក់តាំងបង្ហាញសមិទ្ធផលរូបភាពបែបច្នៃប្រឌិតគ្របដណ្ដប់ដោយពណ៌សរបស់នាង ជាមួយនឹងសិល្បករបរទេស ២ រូបទៀតនៅវិចិត្រសាល ស្រាអាត ក្រោមពិព័រណ៍ចំណងជើងថា Eternal ដែលទើបតែបើកសម្ពោធកាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងទៅនេះ។
ជាមួយនឹងការបង្ហោះរូបថតស្នាដៃអំពីស្ត្រីចំណាស់ធ្មេចភ្នែកស្បែកសម្បុរសស្គុស សិល្បការិនី Tytaart បានបរិយាយសារលើបណ្ដាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា៖ «នេះ គឺជាស្នាដៃបង្ហាញដំបូងនៃការបើកទំព័រស៊េរីរូបថតរបស់ខ្ញុំសម្រាប់ពិព័រណ៍ Eternal នេះ និងតែងតែបោះជំហានទៅក្បែរភាពអមតៈ។ ពិព័រណ៍នេះនឹងបន្តរហូតដល់ថ្ងៃទី ២៧ ខែកុម្ភៈ»។
រូបថតស្ត្រីចំណាស់គ្រងអាវប៉ាក់ស ជួតក្បាលក្រណាត់ប៉ាក់ពណ៌ស ដែលពោរពេញដោយអារម្មណ៍បែបស្ងប់ស្ងាត់ ហើយដៃមានទ្រស៊ុត ៥ គ្រាប់ នោះត្រូវបានផ្ដិតលើក្រដាសគ្រើមទំហំ ១ ម៉ែត្រគុណ ១ ម៉ែត្រកន្លះ និងត្រូវម្ចាស់ស្នាដៃដាក់ឈ្មោះថា Russian Roulife។

រូបថតលោកយាយ ស ដែលជាស្នាដៃរបស់សិល្បការិនី Tytaart ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ រូបថត សហការី
Tytaart ក៏បានប្រកាសផងដែរ៖ «ទឹកប្រាក់បានពីការលក់ស្នាដៃរូបថតនេះនឹងត្រូវប្រគល់ជូនលោកយាយ ស ទាំងអស់»។
ស្ថិតលើជញ្ជាំងវិចិត្រសាលស្រាអាត ស្នាដៃរបស់សិល្បការិនី Tytaart ទទួលបានការចាប់អារម្មណ៍ច្រើន ដោយវារំលេចនូវរូបភាពមនុស្សក្នុងបរិស្ថានពណ៌សក្បុស។
ស្នាដៃរបស់នាង ១ ទៀតទំហំដូចគ្នា ឈ្មោះថា Unlocking the Easter បង្ហាញនូវរូបភាពបុរសសក់ពណ៌ប្រផេះ ពាក់វ៉ែនតា មានពុកមាត់ពុកចង្កាក្រវង់ ហើយងាកសម្លឹងមើលស៊ុតកាន់ក្នុងដៃ។
រូបភាពនេះក៏ទទួលបានការចាប់អារម្មណ៍ច្រើនដែរ ដោយ Tytaart ទទួលបានការស្នើឱ្យពន្យល់ពីអត្ថន័យនៃស្នាដៃរបស់នាងនីមួយៗក្នុងរាត្រីសម្ពោធពិព័រណ៍ផងដែរ។
ពិព័រណ៍ Eternal នេះមានការចូលរួមពីសិល្បករគំនូរលោក ដាក្លាស វិចទ័រ (Donvirao) ជាមួយគំនូរសហសម័យបែបអរូបី និងអ្នកសិល្បៈផ្នែករចនាក្រាហ្វិកលោក ហ្សង់ បាបទីស្ត៍ ការរ៉ារ៉ូ (Jean Baptiste Carraro) មានស្នាដៃផ្ទាំងរូបភាពផ្សព្វផ្សាយនានា ដែលត្រូវបានរចនាត្រឡប់ទៅកាន់អតីតកាល។
ពិព័រណ៍ Eternal នឹងបន្តស្វាគមន៍ទស្សនិកជនដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅវិចិត្រសាលស្រាអាត ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៧ វិថីសុធារស ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕