ក្រុងបាត់ដំបងៈ ដោយសារតែការបណ្តុះបណ្តាលនូវពហុជំនាញសិល្បៈ និងជំរុញយ៉ាងខ្លាំងលើវិស័យសិល្បៈសៀក នារយៈពេល ៧ ឆ្នាំទៅ ១០ ឆ្នាំ ចុងក្រោយនេះជាលទ្ធផលបាននាំឲ្យសាលាហ្វាពន្លឺសិល្បៈបានទទួលវិញ្ញាបនបត្រ ឬជាប័ណ្ណសរសើរពីទីភ្នាក់ងារទេសចរណ៍លំដាប់ពិភពលោក TripAdvisor ប្រចាំឆ្នាំ ២០១៨ ផ្នែកអង្គការដែលបង្កើតឲ្យមានទម្រង់សិល្បៈច្រើនជំនាញ។
បើយោងតាមកញ្ញា ម៉ារីយ៉ុន ស៊ីវេនៀ (Marion Sevenier) ជាបុគ្គលិកផ្នែកសម្របសម្រួលនៃសាលាហ្វាពន្លឺសិល្បៈបានឲ្យដឹងពីចំណុចសំខាន់ៗ ដែលនាំឲ្យទទួលបានសមិទ្ធផលដំបូងជាវិញ្ញាបនបត្រសរសើរពីទីភ្នាក់ងារទេសចរណ៍ Trip-Advisor នៅឆ្នាំ ២០១៨ នេះថា៖ «ទម្រង់សិល្បៈសៀកដែលសម្តែងដោយក្រុមសិស្សយើង ក្រោយពីបានឆ្លងកាត់នូវការបណ្តុះបណ្តាលជំនាញនេះចន្លោះពី ៧ ឆ្នាំ ទៅ ១០ ឆ្នាំមក គឺពួកគេបាននាំយកទៅសម្តែងសិល្បៈផ្សារភ្ជាប់ជាមួយនឹងរឿងប្រវត្តិសាស្ត្រ ក៏ដូចជា រឿងព្រេង នាពេលថ្មីនេះ ការបង្ហាញឧបករណ៍តន្ត្រីបុរាណផ្សេងៗនិងសម្តែងរបាំផងដែរ តាមរយៈការបង្ហាញក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះ ទើប TripAdvisor បានផ្តល់ប័ណ្ណសរសើរឲ្យសាលាប្រចាំនៅឆ្នាំ ២០១៨ ក្រោយពីប្រមូលបានស្ថិតិទិន្នន័យនៃចំនួនទេសចរមើល (Viewers) រួចមក»។
កញ្ញា ម៉ារីយ៉ុន ស៊ីវេនៀ បន្តថា៖ «TripAdvisor ប្រគល់នូវប័ណ្ណសរសើរនោះ ដោយសារបានទទួលស្ថិតិចំនួនទេសចរចូលមើលច្រើនជាង 1100 Viewers ពីសំណាក់ក្រុមទេសចរលំដាប់ខ្ពស់ៗ ក្រោមប្រធានបទពិភាក្សាពីសិល្បៈសៀក របាំ និងផ្សាយផ្ទាល់នូវទម្រង់សិល្បៈនានារបស់សិស្សសាលាយើង ដែលមានចំនួនច្រើនចន្លោះពី ៣ ដង ទៅ ៤ ដងក្នុងមួយសប្តាហ៍»។
នេះគឺជាមោទនភាពមួយសម្រាប់សាលាហ្វាពន្លឺសិល្បៈ ដែលខំបណ្តុះបណ្តាលពហុជំនាញសិល្បៈដល់សិស្សខ្មែរជាពិសេសសិស្សក្រីក្រ និងទទួលបានកេរ្តិ៍ឈ្មោះល្បីសុសសាយទាំងក្នុង និងក្រៅស្រុក ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល ក្រោយពីបង្កើតឡើងនៅឆ្នាំ ១៩៩៤ ដោយក្រុមសិស្សរស់នៅជំរំព្រំដែន៕