ភ្នំពេញ៖ ក្រោយ​ពី​ឆ្លង​កាត់​ការ​ប្រឡង​ជម្រុះ​ជា​ច្រើន​វគ្គ​នៃ​កម្មវិធី «ធីតា​ឯក​សង្ក្រាន្ត» រដូវកាល​ទី២ ឆ្នាំ ២០២១ នេះ តារា​ស្រីស្រស់​ជា​តួឯក​ក្នុង​កុន​រឿង «នគរមាស» និង​រឿង «ដើម​រលួស​មាស» ក្លាយ​ជាអ្នក​គ្រង​មកុដ​នៃ​កញ្ញា​ធីតា​ឯក​សង្ក្រាន្ត​ឆ្នាំ ២០២១

គួរ​បញ្ជាក់​ថា កម្មវិធី​ប្រកួត​ជ្រើសរើស​ធីតា​ឯក​សង្ក្រាន្ត ត្រូវ​រៀបចំ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធិនម៉ិន-(FUN Entertainment) ដោយ​មាន​ការ​សហការ និង​គាំទ្រ​ពី​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន និង​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​បាន​ដំណើរការ​មាន ២ រដូវកាល​ហើយ​មក​ដល់​ឆ្នាំ ២០២១ នេះ។

កញ្ញា សាន្ត កុសុមៈ។

កញ្ញា សាន្ត កុសុមៈ ធ្លាប់​មាន​បទពិសោធ​ជា​តារា​សម្តែង គឺ​ជា​តួឯក​ស្រី​នៅ​ក្នុង​កុន​ភាគ​រឿង «នគរមាស» និង​រឿង «ដើមរ​លួស​មាស» នៅ​ឯ​ប៉ុស្តិ៍​ទូរទស្សន៍​ស៊ីធីអិន ដែល​ជា​ធីតា​ឯក​សង្ក្រាន្ត​ឆ្នាំ​នេះ នឹង​ក្លាយ​ជា​អ្នក​តំណាង​ទេពធីតា នៃ​បុត្រី​ទី៤ កបិល​មហាព្រហ្ម មាន​ព្រះនាម «មណ្ឌាទេវី» យាង​ចុះ​មក​គ្រប់គ្រង​ជម្ពូទ្វីប នា​ឆ្នាំ​ឆ្លូវ ឆ្នាំ ២០២១ នេះ។

កញ្ញា សាន្ត កុសុមៈ ថ្លែង​ពី​អារម្មណ៍​ខ្លួន​ថា៖ «នាង​ខ្ញុំ​ដឹង​ថា​ ពេល​នេះ មិនមែន​ជា​ឱកាស​ល្អ​ក្នុង​ការ​អបអរ​សាទរ​ទេ ប៉ុន្តែ​គ្រាន់តែ​ចង់​ថ្លែង​អំណរគុណ​ទៅ​ដល់​បងប្អូន​តាម​បណ្ដាញ​សង្គម facebook និង ម៉ាក់ប៉ា បងប្អូន​សាច់ញាតិ​នាង​ខ្ញុំ​ទាំង​អស់​ដែល​តែងតែ​គាំទ្រ ជ្រោមជ្រែង លើក​ទឹក​ចិត្ត ​និង​ផ្ដល់​ក្តី​ស្រឡាញ់​មក​ដល់​រូប​នាង​ខ្ញុំ​ជាច្រើន​កន្លង​មក។ ការ​គាំទ្រ និង​កម្លាំងចិត្ត​របស់​អ្នក​ទាំង​អស់​គ្នា ​គឺ​ជា​ថាមពល ដែល​ធ្វើ​ឱ្យ​នាង​ខ្ញុំ​ខិតខំ​ប្រឹងប្រែង​កាន់​តែ​ខ្លាំង ​ដើម្បី​ទទួល​បាន​តំណែង​មួយ​នេះ។ ជាពិសេស​សូម​ថ្លែង​អំណរគុណ​ទៅ​ដល់​ក្រុមហ៊ុន FUN Entertainment និង​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា (ទទក) ដែល​បាន​បង្កើត​កម្មវិធី​មួយ​នេះ​ឡើង សម្រាប់​ជា​ប្រយោជន៍​ដល់​សង្គម និង​ផ្ដល់​ឱកាស​ដល់​យុវតី ខ្មែរ​ដើម្បី​បញ្ចេញ​នូវ​សមត្ថភាព និង​យល់ដឹង​ពី​វប្បធម៌​ខ្មែរ»។

សម្រាប់​គោល​បំណង​បង្កើត​កម្មវិធី​ប្រកួត​ជ្រើសរើស «ធីតាឯក​សង្ក្រាន្ត» នេះ​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​ឱ្យ​ដឹង​ថា គឺ​ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ និង​ចង់​បញ្ជ្រាប​នូវ​ចំណេះដឹង អំពី​វប្បធម៌​អរិយធម៌ ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​បុត្រី​ទាំង ៧ អង្គ របស់​កបិល​មហាព្រហ្ម ដែល​នឹង​យាង​ចុះ​មក​គ្រប់គ្រង​ជម្ពូទ្វីប មាន​យានជំនិះ​ជា​សត្វ តែ​មិនមែន​ជា​សត្វ​តំណាង​ឱ្យ​ឆ្នាំ​ទាំង ១២ ឡើយ ព្រោះ​បុត្រី​កបិល​មហាព្រហ្ម​មាន​តែ ៧ អង្គ៕