កំពង់ធំ៖ កត្តិក ជាខែចាប់ផ្ដើមធ្លាក់ខ្យល់ពីទិសខាងជើង ក៏ដូចជាវេលាស្រូវស្រែទុំ និងឱកាសនៃការប្រមូលផលស្រូវរបស់ប្រជាពលរដ្ឋខ្មែរ។
នៅតាមដងវិថីផ្លូវជាតិលេខ ៦ អ្នកដំណើរឆ្លងកាត់ខេត្ដកំពង់ធំ ជាពិសេសភ្ញៀវទេសចរទាំងជាតិ និងអន្ដរជាតិនឹងប្រទះភ្នែកឃើញពលរដ្ឋក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ នាំគ្នាផលិតអំបុកជាលក្ខណៈប្រពៃណី និងដាក់លក់ជាហូរហែដល់អ្នកដំណើរ។
បុរសស្លៀកតែខោខ្លីត្រឹមជង្គង់បន្ដផ្លាស់ប្ដូរជើងម្ខាងធាក់អុកត្បាល់កំពុងបុកស្រូវ និងដៃម្ខាងមមាញឹកក្នុងការកូរលីងស្រូវក្នុងខ្ទះដុតភ្លើងរឹមៗ ដោយប្រើសរសៃឈើតូចវែង ខណៈស្ដ្រីវ័យជាង ៣០ ឆ្នាំ លីងស្រូវក្នុងខ្ទះមួយផ្សេងទៀតបណ្ដើរ និងឆ្កឹះស្រូវលីងរួចដាក់ក្នុងត្បាល់។
លោក ម៉ូត ម៉ី អាយុ ៣៤ ឆ្នាំ ដែលកំពុងញាប់ដៃញាប់ជើងដោយបុកផង និងកូរផង បានប្រាប់ថា លោក និងក្រុមគ្រួសារលោក ចាប់ផ្ដើមដាល់អំបុកលក់រយៈពេល ៤ ឆ្នាំហើយ ក្រៅពីកិច្ចការធ្វើស្រែចម្ការ។
ឪពុកកូន ៣ នាក់រូបនេះ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ ថា៖ «យើងប្រើប្រភេទស្រូវរំដួល ស្រូវសែនក្រអូប ឬស្រូវដំណើប ដែលទើបច្រូតកាត់រួច ពីព្រោះការដាល់អំបុកត្រូវធ្វើឡើងអំឡុងពេលស្រូវនៅសើម និងទន់ ហើយបើដាល់ស្រូវចាស់ ដែលមានសភាពស្ងួត វាប្រាកដជាបាក់អស់ហើយ»។
លោក ម៉ី បានបន្ដថា៖ «ដំបូង យើងយកស្រូវថ្មីមកលាងទឹកឲ្យស្អាត រួចលីងក្នុងខ្ទះដែលប្រើភ្លើងល្មមៗក្នុងបរិមាណ ១ កំប៉ុងពេញ។ ពេលគ្រាប់ស្រូវឡើងក្រហមព្រឹងៗ និងស្ងួតបែកគ្រាប់ផ្ទុះខ្លះៗ យើងយកវាដាក់ក្នុងត្បាល់បុកឲ្យបែកសំប៉ែតល្អ ទើបយើងរែងកម្ទេចចេញជាការស្រេច។ កម្ទេចល្អិតៗ ដែលត្រូវបានរែងចេញ យើងប្រើសម្រាប់ដាក់លាយជាចំណីជ្រូក គោ មាន់ និងសត្វផ្សេងៗក៏បានដែរ»។
រដូវដាល់អំបុកចាប់ផ្ដើមពីខែ ៧ រហូតដល់ខែ ១២ ក៏ជាវេលាដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសប្រារឰព្រះរាជពិធីបុណ្យអុំទូកផងដែរ។
ចំពោះការប្រកបរបរដាល់អំបុកពីសំណាក់ពលរដ្ឋខេត្ដកំពង់ធំ បរិវេណនៅតាមដងផ្លូវជាតិលេខ ៦ ជាទីកន្លែងដាល់អំបុកដ៏មានប្រជាប្រិយភាព និងទ្រង់ទ្រាយធំដុំជាងគេ។
លោក សុខ លូ អភិបាលខេត្ដកំពង់ធំ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ក្រៅពីស្រុកកំពង់ស្វាយ នៅមានស្រុកបារាយណ៍ ដែលបងប្អូនប្រជាពលរដ្ឋប្រកបរបរដាល់អំបុក តែមិនមានទ្រង់ទ្រាយធំដូចនៅឃុំសានគរ ស្រុកកំពង់ស្វាយ។ ពួកគាត់ដាល់អំបុកលក់នៅតាមដងផ្លូវជាតិលេខ ៦ តាំងពីបរមបុរាណ»។
ប្រវត្ដិបុណ្យអកអំបុក
ពិធីអកអំបុក ដែលជាសកម្មភាពទទួលទានអំបុក និងងើយមើលព្រះចន្ទ ដើម្បីរំឭកគុណដល់ការធ្វើទានរបស់សសបណ្ឌិតបានត្រាស់ដឹងជាព្រះពោធិសត្វ ត្រូវបានរៀបចំឡើងអំឡុងពេលថ្ងៃបុណ្យអុំទុក ដែលឆ្នាំនេះ នឹងចាប់ផ្ដើមពីថ្ងៃ ១៤-១៥ កើត និងថ្ងៃ ១ រោច ខែកត្ដិក ត្រូវនឹងថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកាខាងមុខនេះ។
លោក វ៉ាយ វិបុល មន្ដ្រីស្រាវជ្រាវហោរាសាស្ដ្រ និងទំនៀមទម្លាប់ នៃក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា៖ «បើនិយាយពីការអកអំបុក វាទាក់ទងនឹងបុណ្យអុំទូក ដែលមានកម្មវិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ អកអំបុក គឺជាពិធីចុងក្រោយនៃកម្មវិធីបុណ្យទាំង ៣ ថ្ងៃ»។
មិនខុសពីព្រះរាជពិធីបណ្ដែតប្រទីប ពិធីបុណ្យអុំទូក ជាការរំឭកទៅដល់ព្រះចង្កូមកែវ [ព្រះទន្តស្រួចនៃព្រះសក្យមុនីសព្វញ្ញុពុទ្ធ] គឺជាការសំយោគបញ្ចូលគ្នារវាងសាសនាព្រាហ្ម និងព្រះពុទ្ធសាសនា ព្រមទាំងឱកាសនៃការអបអរសាទរក្រោយពីអតីតរាជាណាចក្រច្បាំងឈ្នះសត្រូវលើសមរភូមិជើងទឹក។
លោក វិបុល បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ចំពោះសាសនាព្រាហ្ម យើងរំឭកគុណដល់ព្រះធរណី និងព្រះគង្គារ មានស្ដេចក្រុងពាលី គង្ហីងព្រះធរណី ស្ដេចនាគវន្ត ដែលគ្រប់គ្រងទឹកដី។ ដល់ពេលទឹកហូរបញ្ច្រាសវិញ វាជាការជូនដំណើរដល់ពពួកនាគត្រឡប់ទៅវិញ ហើយមុននឹងអញ្ជើញទៅ យើងសុំពរជ័យពីលោក។ បើនិយាយពីព្រះពុទ្ធសាសនា វាជាការរំឭកដល់ព្រះចង្កូមកែវទាំង ៤ ដោយព្រះពុទ្ធជាម្ចាស់ដែលស្ថិតក្នុងឋានព្រះភុជង្គនាគផងដែរ»។
លោកបន្ដថា៖ «វាជាឱកាសប្រារឰពិធីបែបសាសនាទាំង ២ ផង បូកនឹងប្រទេសជាតិទទួលជោគជ័យទៅលើខ្មាំងសត្រូវចំពោះទ័ពជើងទឹកនាសម័យដើម។ ដើម្បីទទួលជ័យជម្នះ យើងមានអ្នកអុំ មានច្រវា មានអ្នករាំក្បាលទូកជាពិសេស មានទូក និងមានទឹក ជាតំណាងនិមិត្តរូបឲ្យនាវា។ ភាពសាមគ្គីរវាងអ្នករាំក្បាលទូក និងអ្នកអុំស្របតាមកម្លាំង ធ្វើឲ្យទូកស្ទុះលឿន។ នេះជានិមិត្តរូបនៃសាមគ្គីភាពក្នុងសង្គម ដែលអ្នករាំក្បាលទូកជាអ្នកដឹកនាំ ក៏ដូចជាព្រះរាជាពីសម័យដើម»។
មន្ដ្រីស្រាវជ្រាវហោរាសាស្ដ្រ និងទំនៀមទម្លាប់រូបនោះបានបន្ថែមថា៖ «វាជាការប្រណាំងប្រជែង ដើម្បីជាគំរូនិមិត្តរូបរបស់ចៅហ្វាយខេត្ដ របស់ស្រុក និងរបស់ឃុំនីមួយៗ ខិតខំដឹកនាំនាវាមូលដ្ឋានរបស់ខ្លួនរីកចម្រើន»។
ហេតុអ្វី ត្រូវអកអំបុក?
ទាក់ទងនឹងព្រះរាជពិធីអកអំបុក វាជាកិច្ចរំឭកដល់ការអបអរលទ្ធផលស្រូវដែលប្រមូលបានរៀងរាល់ឆ្នាំ។ ចំពោះសកម្មភាពអកអំបុកគន់មើលព្រះចន្ទ វាបានរំឭកដល់សសបណ្ឌិត ដែលព្រះពោធិសត្វ លោកយុនយោគកំណើតកើតជាសសបណ្ឌិត [សត្វទន្សាយ]។
មន្ដ្រីបម្រើការនៅក្រសួងធម្មការ និងសាសនា លោក វ៉ាយ វិបុល បានប្រាប់ថា៖ «នៅក្នុងថ្ងៃពេញបូណ៌មី លោកមានសទ្ធាជ្រះថ្លាចង់បរិច្ចាគនូវជីវិតដើម្បីបំពេញទាន។ បើមាននរណាមកសុំជីវិតអញ ស្បែកអញ សាច់អញ ខ្លួនអញ ព្រះអង្គនឹងប្រគល់ទាននេះ ដើម្បីឲ្យបានត្រាស់ដឹង»។
លោកបន្ដថា៖ «ពេលនោះ ព្រះឥន្ទ្រនិម្មិតជាតាព្រាហ្មសុំសាច់ទន្សាយជាអាហារ។ ទន្សាយឲ្យតាព្រាហ្មដុតភ្លើង ហើយក៏រលាស់ខ្លួនដើម្បីឲ្យអស់នូវសត្វល្អិតជាប់ក្នុងរោម កុំឲ្យបាបរួចលោតចូលភ្លើង។ ដោយភាពអស្ចារ្យនៃបរិត្តបារមី ភ្លើងក៏រលត់។ តាព្រាហ្មបានដឹងច្បាស់ថា ព្រះពោធិសត្វបានបំពេញទាននេះហើយ ក៏បានប្រែក្លាយជាព្រះឥន្ទវិញ ដោយយកថ្មមណ្ឌលសិលាទៅគូសឆ្លាក់នៅក្នុងវង់ព្រះចន្ទ ជារូបទន្សាយ»។
ដោយសារពិធីអកអំបុកត្រូវបានប្រារឰជាផ្លូវការជាមួយពិធីបុណ្យអុំទូកគេជឿថា វាត្រូវបានរៀបចំឡើងក្នុងសតវត្សរ៍ទី ១២ អំឡុងការគ្រងរាជ្យរបស់ព្រះបាទជ័យវរ័ន្មទី ៧ ឆ្នាំ ១១៨១ រហូតដល់បច្ចុប្បន្ន ដើម្បីរំឭកដល់វីរភាពដ៏ក្លាហានរបស់កងទ័ពជើងទឹកកម្ពុជាដែលបានច្បាំងឈ្នះកងទ័ពចាម្ប៉ា។
រឿងរ៉ាវនាំឲ្យមានរបរលក់អំបុក
ទោះវាជារឿងពិត ឬរឿងប្រឌិត ដំណើររឿងព្រះពោធិសត្វ គឺជាការបង្រៀនពុទ្ធសាសនិកប្រព្រឹត្ដអំពើល្អ និងដើរតាមគំរូដ៏ល្អរបស់ព្រះសម្មាសម្ពុទ្ធ បរមគ្រូនៃយើង។
លោកបានអះអាងថា៖ «ហេតុនេះហើយបានជាខ្មែរយើងប្រកាន់ខ្ជាប់នូវអំពើល្អ ទោះបីជាពិតក្ដី ឬមិនពិតក្ដី ក៏ជារឿងមួយស្ដីពីតថភាព ជាការពិតដែលនាំមកនូវសេចក្ដីល្អ។ ដូច្នេះ ការអកអំបុកដោយងើយមើលព្រះចន្ទ គឺជាការគោរពដល់ព្រះពោធិសត្វ»។
ក្នុងចំណោមភូមិក្បិល ភូមិក្រសាំងក ភូមិក្រសាំងខ និងភូមិសានគរ នៃឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ប្រជាពលរដ្ឋប្រកបរបរដាល់អំបុកលក់បានអភិវឌ្ឍពីការប្រើកម្លាំងជាន់ត្បាល់ជើងបុកមកជាការប្រើកម្លាំងម៉ាស៊ីនគោយន្ដ ដោយច្នៃបន្ថែមឧបករណ៍កូរលីងស្រូវស្វ័យប្រវត្ដិ។
លោក យន់ ឆៃអៀង ជាអធិការរងស្រុកកំពង់ស្វាយ បាននិយាយថា ប្រជាជនរាប់រយគ្រួសារក្នុងឃុំសានគរប្រកបអាជីវកម្មផលិតអំបុកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ជិះមកពីសៀមរាប បងបានឃើញហើយនៅតាមចិញ្ចើមថ្នល់អមសងខាងរហូត។ ពួកគេភាគច្រើនប្រកបរបរតាំងពីយូរយារមកហើយ។ ខ្ញុំមកកាន់អធិការរងស្រុកកំពង់ស្វាយនេះជាង ១០ ឆ្នាំហើយ ខ្ញុំបានឃើញពួកគាត់ប្រកបអាជីវកម្មនេះទៅហើយ គ្រាន់តែពេលមុនមិនទាន់មានច្រើនដូចឥឡូវនោះទេ»។
សកម្មភាពបុកស្រូវ ឬដាល់អំបុករបស់លោក ម៉ូត ម៉ី ទំនងជាប្រពៃណីទំនៀមទម្លាប់សេសសល់តិចតួចបំផុត ខណៈអ្នកដាល់អំបុកភាគច្រើនបានប្រើកម្លាំងម៉ាស៊ីនបែបពាក់កណ្ដាលស្វ័យប្រវត្ដិ។
លោក ម៉ូត ម៉ី បាននិយាយទាំងអស់សំណើចថា ខ្លួននឹងមានឱកាសបានប្រើម៉ាស៊ីនដាល់អំបុកនៅឆ្នាំ ២០២៣ ឬ២០២៤ ពេលមានលទ្ធភាព។ លោកបានប្រាប់ថា៖ «អាធូរថ្លៃ វាមានតម្លៃចាប់ពី ៥០០ ដុល្លារឡើង»។
តាមធម្មតា ក្នុង ១ ថ្ងៃ លោកអាចលក់អំបុកប្រមាណ ១ បាវ ទម្ងន់ ៣០ គីឡូក្រាម ដែល ១ ថង់ចំណុះ ៣ កំប៉ុងកន្លះ លក់ក្នុងតម្លៃ ៥ ០០០ រៀល។
ជាអ្នកដាល់អំបុកដោយប្រើកម្លាំងម៉ាស៊ីនជំនួយការបុក និងរែងកន្ទក់ អ្នកស្រី សិត ម៉ិះ អាយុ ៣២ ឆ្នាំ ទើបតែចាប់ផ្ដើមអាជីពដាល់អំបុក ១ ឆ្នាំនេះ បាននិយាយថា ការផលិតអំបុកដោយបុកជើង ឬម៉ាស៊ីន វាមិនខុសប្លែកគ្នានោះទេ ពីព្រោះអ្នកស្រីមិនអាចផលិតច្រើនលើសបរិមាណនៃការលក់ប្រចាំថ្ងៃឡើយ។
អ្នកស្រីនិយាយថា៖ «បើតាមកម្លាំងម៉ាស៊ីនបុកស្រូវ ខ្ញុំអាចផលិតអំបុកបានច្រើនជាងនេះ តែវាអាស្រ័យទៅលើការលក់ ដោយសារតែយើងមិនអាចផលិតអំបុកទុកឆ្លងថ្ងៃនោះទេ។ វាអាចមានសភាពទន់ មិនស្រួយឆ្ងាញ់ ហើយភ្ញៀវក៏សាញដែរ។ អត់ទៀងទេ។ ១ ថ្ងៃ យើងអាចលក់បានប្រហែល ៣ ធុងស្ប៉េត្រូ [ធុងថ្នាំលាបជញ្ជាំងចំណុះ ២០ លីត្រ]។ បើតាមសមត្ថភាពម៉ាស៊ីនដាល់អំបុក វាអាចផលិតអំបុកបានរហូតដល់ ៤ ធុងស្ប៉េត្រូ»។
អង្គុយផ្ទាល់ដី ដៃកូរលីងស្រូវបណ្ដើរ អ្នកស្រី ម៉ិះ បានឲ្យដឹងថា៖ «ថ្ងៃធម្មតា យើងលក់មិនសូវដាច់ទេ ដោយមានតែភ្ញៀវធ្វើដំណើរឆ្លងកាត់រវាងសៀមរាប និងភ្នំពេញ ដែលពួកគេឆ្លៀតចូលទិញយកទៅហូបជាមួយទឹកដូង និងចេកណាំវ៉ាប៉ុណ្ណោះ។ ណាមួយនៅតាមភូមិ យើងមានអ្នកដាល់អំបុកច្រើនផង។ ការលក់បានគ្រាន់បើ គឺនៅអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក»។
អកអំបុករក្សាជាតិ សាសនា និងព្រះមហាក្សត្រ
ស្របតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យពលរដ្ឋខ្មែរទាំងអស់រៀបចំពិធីទទួលទានអំបុកនៅថ្ងៃទី ៩ ខែវិច្ឆិកា ចំថ្ងៃបុណ្យឯករាជ្យជាតិលើកទី ៦៤ នូវអ្វីដែលលោកបានហៅថា «ការទទួលទានអំបុករក្សាជាតិ សាសនា ព្រះមហាក្សត្រ» គ្រាន់តែដែនដីរាជធានីភ្នំពេញ អាជ្ញាធរនឹងមានការរៀបចំកម្មវិធីនេះរហូតដល់ ៩០០ ទីផ្សារ ដែលនឹងមានមនុស្សចូលរួមយ៉ាងតិច ១០ ម៉ឺននាក់។ នេះបើយោងតាមគេហទំព័រគណបក្សប្រជាជនកម្ពុជា។
លោក យន់ ឆៃអៀង ជាអធិការរងស្រុកកំពង់ស្វាយបានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ថា ខាងអាជ្ញាធរនឹងមានត្រៀមអំបុកសម្រាប់បងប្អូនប្រជាពលរដ្ឋអកជុំគ្នាក្នុងការអំពាវនាវរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផងដែរ។
លោកបានអះអាងថា៖ «តាមការក្ដាប់ព័ត៌មានបាន ចំពោះអ្នកដាល់អំបុកលក់ បើមាននរណាសុំកក់ឥឡូវ គឺស្ទើរតែចង្អៀតអស់ហើយ គឺអត់មានទៀតទេ ពីព្រោះមានគេកក់ទិញអស់ហើយ»។
លោក សុខ លូ អភិបាលខេត្ដកំពង់ធំ បានឲ្យដឹងថា ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ដកំពង់ធំ រួមមានវត្ដអារាម និងទីប្រជុំជននានា ពួកគាត់នាំគ្នារៀបចំហូបអំបុកសាមគ្គី អំបុកខ្មែរ ថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ។ រដ្ឋបាលខេត្ដបានតៀមអំបុកជិត ២ តោន បន្ថែមពីលើអាជ្ញាធរស្រុកដែលម្ចាស់ការរៀងៗខ្លួន»។
លោកបន្ដថា៖ «ចំណែកឯរដ្ឋបាលខេត្ដក៏មានរៀបចំកម្មវិធីហូបអំបុកសាមគ្គីនៅតាមសួនស្ទឹងសែន ហើយក្នុងឱកាសនោះ ក៏មានការចែកអំបុក (អំបុកខេត្ដកំពង់ធំ) ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ដោយឥតគិតថ្លៃ»។
លោកបន្ថែមថា៖ «នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ជាថ្ងៃព្រះរាជពិធីអកអំបុក សំពះព្រះខែ គឺរដ្ឋបាលខេត្ដក៏រៀបចំពិធីដាល់អំបុក អកអំបុកជាផ្លូវការផងដែរ»។
ដោយថ្លែងសំដៅលើអំពើល្អរបស់សសបណ្ឌិតសុខចិត្ដបូជាសាច់ស្រស់ឈាមស្រស់ជាទានសង្គ្រោះជីវិតអ្នកស្រេកឃ្លានដែលបានត្រាស់ដឹងជាព្រះពោធិសត្វ ជាអ្វីដែលប្រជាជនខ្មែររៀបចំព្រះរាជពិធីអកអំបុក។ មន្ដ្រីស្រាវជ្រាវហោរាសាស្ដ្រ និងទំនៀមទម្លាប់ លោក វ៉ាយ វិបុល សុំឲ្យការទទួលទានអំបុករួមគ្នាជាឱកាសសាមគ្គីគ្នា។
លោកបាននិយាយថា៖ «ខ្ញុំចង់ឲ្យតែសុខ ដោយសារជាតិយើងធ្លាប់រងគ្រោះច្រើនមកហើយ។ ខ្ញុំចង់ឲ្យថ្ងៃទី ៩ ខែវិច្ឆិកា ជាថ្ងៃទទួលទានអំបុករំឭកដល់អំពើល្អសម្រាប់និន្នាការនយោបាយទាំងអស់ ហើយទាំងក្នុង និងក្រៅ កុំឲ្យប្រកែប្រកាន់គ្នា រួបរួមគ្នាដើម្បីឆ្ពោះទៅរកឯកភាពជាតិ»៕
វីដេអូ៖